ទង្វើទាំង ៨ បង្ហាញ​ថា ដៃគូ​អ្នក​​មាន​គម្រោង​​​កសាង​​អនាគត​ជាមួយ​​អ្នកយ៉ាងពិត​ប្រាកដ

  • 2020-05-19 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ ពេល​ខ្លះ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ងាយ​តម្លៃ​ថា​ភាគី​ម្ខាង​ទៀត​មាន​ភាព​ច្បាស់លាស់​នឹង​អ្នក​ពិត​ប្រាកដ​ ឬ យ៉ាង​ណា។ យ៉ាង​ណា​មិញ មនុស្ស​ពីរ​អ្នក​ដែល​ស្រឡាញ់​គ្នា​ពិត ច្បាស់​ជា​បញ្ចេញ​នូវ​ចម្លើយ​តាម​រយៈ​ពាក្យ​សម្ដី និង កាយវិការ​របស់​ពួក​គេ​ជាក់​ជា​មិន​ខាន។ ក្នុង​ករណី​ដែល​អ្នក​កំពុង​លង់​ស្រឡាញ់​គេ​ខ្លាំង ហើយ​គិត​គូ​ដល់​រឿង​អនាគត​ជាមួយ​គេ​ អ្នក​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា គេ​មាន​អារម្មណ៍​និង​ការ​គិត​បែប​នោះ​ដូច​អ្នក​ដែរ​ ឬ​ក៏​អត់​។ ដូច្នេះ មក​ដឹង​ពី​ចំណុច​ធំៗ​ទាំង ៨ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ដៃ​គូ​របស់​អ្នក​មាន​ភាព​ច្បាស់​លាស់​នឹង​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ ហើយ​អាច​ឈាន​ដល់​ការ​កសាង​គ្រួសារ​ជាមួយ​គ្នា៖

រូបតំណាង

**១. គេ​និយាយ​រឿង​អនាគត​ជាមួយ​អ្នក៖** មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ពិត គេ​នឹង​លើក​រឿង​អនាគត​មក​ពិភាក្សា​ជាមួយ​អ្នក​ដោយ​មិន​បង្អង់​យូរ​ ធ្វើ​ឲ្យ​អ្នក​អន្ទះសា​ ឬ មាន​មន្ទិល​អំពី​ទឹក​ចិត្ត​របស់​គេ​ឡើយ។ ​

២. គេ​ណែ​នាំ​អ្នក​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ​៖ បើ​គេ​ច្បាស់លាស់​នឹង​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ គេ​នឹង​បង្ហាញ​តាម​រយៈ​ការ​ណែនាំ​អ្នក​​ទៅ​កាន់​មនុស្ស​ដែល​ជិត​ស្និទ្ធ​របស់​គេ​ ដែល​ក្នុង​នោះ​មាន ក្រុម​គ្រួសារ ពួកម៉ាក ឬ មិត្ត​រួម​ការងារ​ជាដើម។

៣. គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​អ្នក​ជានិច្ច៖ មនុស្ស​ប្រុស​ដែល​ស្មោះ​ត្រង់ ​មិន​ចេះ​ភូតភរ​កុហក ឬ​លាក់​លៀម​នឹង​អ្នក​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្លាំង​លើ​អ្នក និង ​ស្នេហា​របស់​អ្នក​ទាំង​ពីរ។​

រូបតំណាង

៤. គេ​តែង​ចង់​ឃើញ​អ្នក​រីករាយ និង មាន​ក្ដី​សុខ៖ ចំណុច​ដែល​គួរ​សង្កេត​មួយ​ដែរ​នោះ​គឺ គេ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អ្វី​ៗ ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ឡើយ ព្រោះ​ពេល​អ្នក​រីករាយ​ គេ​ក៏​រីករាយ​ដូចគ្នា។

៥. គេ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​​អ្នក៖ ពេល​អ្នក​មាន​រឿង​ក្នុង​ចិត្ត​ មិន​ថា​រឿង​បែប​ណា គឺ​គេ​តែង​នៅ​ក្បែរ​ចាំ​ជួយ​លើក​ទឹក​ចិត្ត ​ស្ដាប់ និង​ជួយ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជានិច្ច។

៦. គេ​គោរព​ និង ឲ្យ​តម្លៃ​អ្នក៖ ទោះ​ស្និទ្ធស្នាល​កម្រិត​ណា​ក្ដី​ បុរស​ដែល​ស្រឡាញ់​អ្នក​ពិត តែង​​រក្សា​បាន​នូវ​ពាក្យ​សម្ដី និង អាកប្បកិរិយា​សមរម្យ ក៏​ដូច​ជា​​ផ្ដល់​​នូវ​សិទ្ធ​គ្រប់​គ្រាន់​​ដល់​អ្នក ​ដូច​កាល​ផ្ដើម​​ស្រឡាញ់​គ្នា​ពី​ដំបូង។

រូបតំណាង

៧. គេ​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ដើម្បី​អ្នក​៖ ការ​ផ្ដល់​ពេល​វេលា​ជា​រឿង​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​មួយ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ការ​មមាញឹក​ខ្លាំង។ ដូច្នេះ​ បើ​អ្នក​សង្កេត​ឃើញ​ថា​ ដៃគូ​របស់​អ្នក​​តែង​ចំណាយ​ពេល​វេលា​ឲ្យ​អ្នក មិន​ថា​រវល់​បែប​ណា​ នោះ​គេ​ច្បាស់​ជា​ឲ្យ​តម្លៃ​អ្នក​ខ្លាំង​ជាក់​ជា​មិន​ខាន។

៨. គេ​តែង​និយាយ​ថា​ស្រឡាញ់​អ្នក៖ ទោះ​ជា​បង្ហាញ​តាម​រយៈ​សកម្មភាព​ច្រើន​ប៉ុណ្ណា​ក៏​មនុស្ស​ស្រី​ទាមទារ​នូវ​ការ​និយាយ​ចេញ​ពី​មាត់​ផ្ទាល់​ដែរ។ ការ​និយាយ​ជា​រឿយៗ​ថា​គេ​ស្រឡាញ់​អ្នក​ ជា​ទង្វើ​មួយ​ដែល​ស្ដែង​ថា​គេ​ពេញ​ចិត្ត​នឹង​បញ្ចេញ​នូវ​អារម្មណ៍​ពិត​​របស់​គេ​ ទាំង​តាមរយៈ​​ទង្វើ និង​ពាក្យ​សម្ដី៕ ​

រូបតំណាង

ចុចអានបន្ត៖ តោះ! មកបិទ​ម៉ាស​ដំឡូង​បារាំងធម្មជាតិ ​រូបមន្តមុខស ម៉ត់ខៃ​ និង បំបាត់ស្នាម​

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម