ហេតុផល ៥ នេះហើយធ្វើឲ្យអ្នកមិនអាចសន្សំលុយ ហើយចាយខ្ទេចគ្មានសល់
- 2020-05-13 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៥ នេះហើយធ្វើឲ្យអ្នកមិនអាចសន្សំលុយ ហើយចាយខ្ទេចគ្មានសល់
អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាចំណូលរាល់ខែមិនដែលសល់ដូចគេអ៊ីចឹង? ហេតុផលអាចមានច្រើន។ អ្នកខ្លះមកពីចំណូលរបស់គេនៅមានកម្រិត តែចំពោះអ្នកខ្លះទៀត ទោះចំណូលរបស់ពួកគេច្រើនប៉ុណ្ណាក៏មិនដែលនៅសល់ដែរ។ នោះអាចបណ្ដាលមកពីបញ្ហាមិនទាន់ចេះសន្សំប្រាក់ផ្ទាល់តែម្តង ហើយហេតុផលធំៗទាំង ៥ ដែលពួកគេមិនទាន់ចេះសន្សំប្រាក់ សម្រាប់គម្រោងអនាគតរបស់ខ្លួននោះរួមមាន៖
**១. អ្នកស្រឡាញ់ភាពហ៊ឺហា៖** មិនបាច់ឆ្ងល់ថាលុយបាត់ទៅណាអស់ទេ បើ១ថ្ងៃៗអ្នកតែងចំណាយទៅលើការទិញឥវ៉ាន់នោះ។ អ្នកខ្លះស្រឡាញ់និងកុម៉្មង់តែរបស់ថ្លៃៗមកប្រើ ហើយសុខចិត្តញ៉ាំរបស់ធូរថ្លៃនៅចុងខែវិញ។ ដូច្នេះ បើអ្នកជាមនុស្សដែលស្រឡាញ់ភាពហ៊ឺហាបែបនេះ អ្នកគួរតែចាប់ផ្ដើមកាត់បន្ថយការទិញរបស់អ្នកមិនចាំបាច់បន្តិចម្តង នោះអ្នកនឹងឃើញពីភាពខុសគ្នានៅចុងខែជាមិនខាន។
២. អ្នកចូលចិត្តប៉ាវគេ៖ អ្នកខ្លះរកចំណូលបានក្នុងកម្រិតល្មមសម្រាប់ជីវភាពរបស់ខ្លួន តែបែរជាអស់មុនដាច់ខែព្រោះជាមនុស្សចូលចិត្តប៉ាវមិត្តភក្តិ ឬ បងប្អូនរាល់ពេលនៅញ៉ាំអាហារជុំគ្នាជាដើម។ ជាការល្អ ដែលអ្នកមានចិត្តទូលាយនិងស្រឡាញ់មនុស្សជុំវិញខ្លួនដោយការចេញលុយឲ្យពួកគេ ក៏ប៉ុន្តែអ្នកក៏ត្រូវគិតគូពីស្ថានភាព និង ជីវភាពរបស់ខ្លួនអ្នកផងដែរ។
៣. អ្នកពឹងលើអាណាព្យាបាល៖ ហេតុផលមួយទៀតដែលធ្វើឲ្យអ្នកមិនទាន់មានគំនិតចង់សន្សំប្រាក់សម្រាប់ខ្លួនឯងគឺព្រោះអ្នកមានជំនួយរបស់អាណាព្យាបាលពីក្រោយ ពោលគឺអ្នកមិនដែលបារម្ភរឿងអស់លុយចាយ ឬ ដាច់លុយនោះទេព្រោះអ្នកដឹងថាពួកគាត់នៅចាំផ្ដល់ថវិកាឲ្យគ្រប់ពេលដែលអ្នកត្រូវការ។
៤. អ្នកមិនទាន់មានគោលដៅ ឬ គម្រោងក្នុងជីវិត៖ ការសន្សំប្រាក់ដើម្បីកសាងអនាគតគឺជារឿងសំខាន់ តែវាពឹងផ្អែកលើឆន្ទៈនិងគោលដៅរបស់អ្នកផ្ទាល់។ វាអាចប្រហែលមកពីអ្នកមិនទាន់បានគិតគូពីរឿងអនាគត ឬ មានគម្រោងណាមួយច្បាស់លាស់នៅឡើយ។
៥. អ្នកមានបំណុលជាប់ខ្លួន៖ ហេតុផលធំចុងក្រោយដែលធ្វើឲ្យអ្នកមិនអាចសន្សំប្រាក់សម្រាប់ជីវិតខ្លួនឯងបាននោះ គឺព្រោះអ្នកមានបំណុលដែលត្រូវសងគេជាប់ជាប្រចាំ។ ជារឿងដ៏គួរឲ្យសោកស្ដាយមួយដែរ ដែលចំណូលដែលរកបានគឺត្រូវអស់ទៅវិញដោយការសងគេ ក៏ប៉ុន្តែសូមអ្នកកុំអស់សង្ឃឹមព្រោះថាគង់មានថ្ងៃដែលអ្នកអាចសងគេអស់រួចរាល់ ហើយពេលនោះហើយជាឱកាសល្អសម្រាប់អ្នកក្នុងការកសាងផ្លូវជីវិតអ្នកឡើងវិញ៕
ចុចអានបន្ត៖
មនុស្សស្រីដែលរឹងមាំ និង ជោគជ័យក្នុងឆាកជីវិត ដាច់ខាតមិនធ្វើរឿង ៥ នេះឡើយ
តោះ! រៀនលាយស្រ្កាប់អំពិលទុំ រូបមន្ដសាច់ចាំដែលពេញនិយមបំផុតសម្រាប់នារី