វិធីពន្លូតកម្ពស់សំខាន់ៗ សម្រាប់អ្នកអាយុលើស១៨ឆ្នាំ
- 2020-05-13 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីពន្លូតកម្ពស់សំខាន់ៗ សម្រាប់អ្នកអាយុលើស១៨ឆ្នាំ
អ្នកខ្លះយល់ថាការបានកម្ពស់ខ្ពស់គឺអាស្រ័យលើកត្តាហ្សែន។ ប៉ុន្តែបើអ្នកមានឪពុកម្ដាយមិនសូវខ្ពស់ក៏មិនប្រាកដថាអ្នកគ្មានផ្លូវអាចលូតកម្ពស់បានដែរ។ ធម្មតាក្នុងរាងកាយមនុស្សមានអរម៉ូនមួយប្រភេទឈ្មោះថា HGH (Human Growth Hormone) ជាអរម៉ូនជំនួយដល់ការលូតលាស់ ដើរតួសំខាន់ក្នុងការជួសជុលកោសិកាចាស់ៗ ការដុតបំផ្លាញខ្លាញ់ និងរំលាយអាហារ។
ខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់អ្នកចង់បន្តលូតកម្ពស់ ទោះអាយុលើស១៨ឆ្នាំហើយក៏ដោយ៖
ឧស្សាហ៍ផឹកទឹកដោះគោ
នៅក្នុងទឹកដោះគោសម្បូរកាល់ស្យូមដែលជំនួយដល់ការលូតលាស់ឆ្អឹង។ ក្រៅពីនេះ ក្នុងទឹកដោះគោក៏មានវីតាមីន A និងប្រូតេអ៊ីនដែលជួយរាងកាយឱ្យលូតលាស់បានល្អ។ សម្រាប់អ្នកអាយុលើស១៨ឆ្នាំហើយ បើចង់លូតបានពី៥ ទៅ១០ស.ម គួរញ៉ាំទឹកដោះគោពី ២ទៅ៣កែវក្នុងមួយថ្ងៃ។
ហាត់យូហ្កា
ក្រៅពីផឹកទឹកគោជំនួយដល់ការលូតលាស់ឆ្អឹងហើយ អ្នកក៏គួរគិតគូររឿងហាត់ប្រាណខ្លះដែរ។ លំហាត់បែបយូហ្កានឹងទៅជំរុញដល់ការបង្កើនបរិមាណអរម៉ូនសម្រាប់ការលូតលាស់ក្នុងរាងកាយ។ ដោយសារតែយូហ្កាអាចជួយកាត់បន្ថយស្ត្រេស ដូច្នេះហើយ វានឹងអាចកាត់បន្ថយអាការៈកោងខ្នង និងពន្លូតកម្ពស់បានថែមទៀត។
យោងតាមអ្នកជំនាញផ្នែកយូហ្កា លំហាត់ដែលល្អបំផុតសម្រាប់លូតកម្ពស់គឺ Surya Namaskar ដែលអ្នកអាចមើលបានតាមរយៈរូបភាពខាងលើ។
ឧស្សាហ៍ពត់ដៃពត់ខ្លួនឱ្យត្រង់
ការហាត់ប្រាណដោយប្រើចលនាពត់ដងខ្លួន និងលើកដៃឱ្យត្រង់ឡើងលើក៏អាចជួយឱ្យកម្ពស់លូតលាស់ផងដែរ។ វាអាចមានប្រសិទ្ធភាពខ្ពស់មិនថាអ្នកស្ថិតក្នុងវ័យណានោះទេ។ សាកល្បងឈរឱ្យត្រង់ ហើយលើកដៃឡើងលើឱ្យអស់ពី២ទៅ៣នាទីរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃអ្នកអាចធ្វើចលនានេះប៉ុន្មានដងក៏បាន មិនកំណត់ទេ។
លេងកីឡា
កីឡាដែលអាចជួយឱ្យលូតកម្ពស់ និងមានប្រសិទ្ធភាពឆាប់ជាងគេ គឺលេងលោតអន្ទាក់។ គួរលោតអន្ទាក់ឱ្យបានហោចណាស់៣០នាទីរាលថ្ងៃ ក្នុងកន្លែងវាលទូលាយ ដើម្បីឱ្យអ្នកអាចលោតបានស្រួល និងអស់មួយទំហឹង។
ក្រៅពីនេះ កីឡាមួយចំនួនដូចជា លេងតេននីស បាល់បោះក៏អាចជួយលូតកម្ពស់បានដែរ ព្រោះអ្នកត្រូវប្រឹងលោតដើម្បីសម្រេចគោលដៅនៃកីឡាទាំងនេះ។
គេងឱ្យបានគ្រប់គ្រាន់
ការគេងគឺជារឿងសំខាន់ ព្រោះទោះបីលេងកីឡានិងញ៉ាំបានគ្រប់គ្រាន់ តែបើគេងមិនគ្រប់ក៏មិនអាចជួយសុខភាពបានដែរ។ ជាធម្មតា អរម៉ូន GH បញ្ចេញមកក្នុងពេលដែលរាងកាយគេងលក់ស្កប់ស្កល់ ហើយខួរក្បាលក៏សម្រាកបានល្អដែរ។
ផ្ទុយទៅវិញ ពេលខួរក្បាលស្ត្រេសច្រើន ឬមិនបានសម្រាកសោះ វានឹងបញ្ចេញអរម៉ូនសម្រាប់លូតលាស់នេះមកយឺតបំផុត។ ដូច្នេះហើយទើបគ្រូពេទ្យតែងណែនាំឱ្យមនុស្សយើងគេងឱ្យគ្រប់ពី៨ ទៅ១១ម៉ោងដើម្បីអាចលូតលាស់បានល្អ។
ចុចអាន៖ អ្នកទាបៗអាចលូតកម្ពស់បាន ដោយវិធីហាត់ប្រាណងាយៗទាំងនេះ
របបអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងផឹកទឹកឱ្យបានច្រើន
ការញ៉ាំអាហារដែលគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក៏មិនអាចឱ្យរាងកាយលូតកម្ពស់បានដែរ។ សារធាតុចិញ្ចឹមសំខាន់ដែលរាងកាយត្រូវការបំផុតសម្រាប់ឱ្យលូតលាស់ខ្ពស់ជាងមុនគឺ ស័ង្កសី ម៉ង់ហ្កាណេស វីតាមីន C ប្រូតេអ៊ីន ប៉ូតាស្យូម កាល់ស្យូម និងផូស្វ័រ។ ដូច្នេះដើម្បីបានជីវជាតិទាំងអស់នេះ អ្នកគួរញ៉ាំបន្លែបៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអាហារដែលមានជាតិខ្លាញ់ទាប។
អ្នកក៏មិនគួរភ្លេចញ៉ាំទឹកឱ្យបានច្រើន ព្រោះកាលណារាងកាយទទួលជាតិទឹកគ្រប់គ្រាន់ វានឹងជួយបណ្ដេញជាតិពុលចេញពីរាងកាយ និងជំរុញដល់ការរំលាយអាហារឱ្យដំណើរការបានល្អ ដែលមានពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងការលូតកម្ពស់។ គួរញ៉ាំទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃ ឬញ៉ាំបន្លែផ្លែឈើដែលមានជាតិទឹកច្រើនដូចជា ត្រសក់ ឬផ្លែឪឡឹកក៏បាន។
កម្ដៅថ្ងៃ
កម្ដៅថ្ងៃគឺជាប្រភពធម្មជាតិនៃវីតាមីន D ដែលជាសារធាតុចិញ្ចឹមសំខាន់ក្នុងការជួយឱ្យរាងកាយលូតលាស់ និងលូតកម្ពស់។ នៅពេលរាងកាយខ្វះវីតាមីន D ឆ្អឹងក៏លូតលាស់យឺត ហើយកម្ពស់ក៏ទៅតាមនោះដែរ។ ដូច្នេះគួរចំណាយពេលឈរក្រោមកម្ដៅថ្ងៃពេលព្រលឹម ឬពេលល្ងាចឱ្យបានពី២០ ទៅ៣០នាទីក្នុងមួយថ្ងៃ។ ក្រៅពីនេះ អ្នកក៏គួរញ៉ាំអាហារដែលផ្ទុកវីតាមីន D នេះដើម្បីចូលទៅបង្គ្រប់វីតាមីនដែលខ្វះ។
ចុចអាន៖ លំហាត់ប្រាណឱ្យភ្លៅស្រឡូន ឆាប់ឃើញលទ្ធផល ស្រីៗមិនគួរមើលរំលង
ក្រៅពីចំណុចធំៗខាងលើ អ្នកដែលចង់លូតកម្ពស់ក្រោយអាយុ១៨ឆ្នាំក៏គួរដឹងចំណុចបន្ទាប់បន្សំខាងក្រោមផងដែរ៖
១. ត្រូវរក្សាទម្ងន់ឱ្យបានថេរ ព្រោះកាលណាធាត់ពេកក៏ពិបាកដល់ដំណើរការនៃការលូតកម្ពស់ដែរ។
២. ជៀសវាងការជក់បារី ឬផឹកគ្រឿងស្រវឹង ព្រោះវត្ថុទាំងនេះនឹងរារាំងដល់ការលូតកម្ពស់ និងផ្នែកផ្សេងទៀតនៃរាងកាយ។
៣. គួរកាត់បន្ថយការញ៉ាំអាហារ Fast Food និងអាហារបំពងឱ្យបានច្រើនជាងមុន៕