ខំស្លៀកពាក់ហំហាន តែងខ្លួនស្អាតបាតក៏គ្មានន័យអីដែរ បើស្រីៗខ្វះ៤ ចំណុចនេះ

  • 2020-05-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​រូប​សម្បត្តិ​ស្អាត​បាត មាន​ប្រាជ្ញា​ឆ្លាត​វៃ ជា​បំណង​ប្រាថ្នា​របស់​នារី​គ្រប់​ប្រាណ។ ទោះ​​ជា​បែប​នេះ​ក្តី​ ខ្វាយ​ខ្វល់​យក​ចិត្ត​​ទុក​ដាក់​​តែ​លើ​​សំបក​ក្រៅ​​ពេក​​ក៏​មិន​កើត​ដែរ​ ត្រូវ​​បន្ថែម​របស់​សំខាន់​មាន​តម្លៃ ៤ យ៉ាង​ជាប់​ខ្លួន​​ ទើប​គេ​ឯង​ស្ងើច​សរសើរ ចង់​យក​គំរូ​តាម​ជានិច្ច។

១. និយាយ​ស្តី​សមរម្យ​មាន​របៀបរៀបរយ

រូបតំណាង

មិន​ថា​អ្នក​​​ស្អាត​ប៉ុណ្ណា​ទេ បើ​ចេះ​តែ​និយាយ​ស្តី​ពាសវាលពាសកាល មិន​សមរម្យ​ មនុស្ស​​​គ្រប់​គ្នា​នឹង​​​មើល​អ្នក​ក្នុង​ផ្លូវ​អាក្រក់​បំផុត។ សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​ប្រាស្រ័យ​ទាក់ទង​​​ល្អ​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន​។ ដាច់​ខាត​កុំ​បណ្តោត​ឲ្យ​ពាក្យពេចន៍ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​​អារម្មណ៍​អ្នក​ដទៃ របូត​ចេញ​​​ពី​មាត់​ឲ្យ​សោះ។ ពេល​ចេញពី​​ផ្ទះ​ ក្រៅពី​ស្លៀក​ពាក់​តែង​ខ្លួន​ស្អាត​បាត​ហើយ អ្នក​ក៏​មិន​គួរ​ភ្លេច​ពី​​របៀប​នៃ​ការ​និយាយ​ស្តី​​​​ ដូច​ជា​ចេះ​ប្រើ​ពាក្យ​​រម្យទម​ដោយ​ការ​គោរព​ទៅ​កាន់​មនុស្ស​ចាស់ ចេះ​និយាយ​លេង​សើច បង្កើត​បរិយាកាស​រីករាយ ជាមួយ​មិត្តភ័ក្តិ​​ឬ​មនុស្ស​ដែលមាន​វ័យ​ដំណាល​ៗ​គ្នា​។ បើ​អាច​ធ្វើ​បាន​ទើប​គេ​ហៅ​ថា ​មនុស្ស​ស្រី​ដែល​​ស្អាត​ទាំង​រូប​កាយ​​ស្អាត​ទាំង​ចិត្ត​គំនិត។

២. ជឿជាក់​លើ​ខ្លួន​ឯង​ប៉ុន្តែ​ចេះ​ស្តាប់​ហេតុផល

មនុស្ស​ស្រី​​​ចង់​បាន​តម្លៃ​និង​ការ​​គោរព​ពី​អ្នក​ដទៃ​ ត្រូវ​តែ​មាន​ទំនុក​ចិត្ត​ជឿជាក់​លើ​ខ្លួន​​ឯង​ជាមុន​សិន។ ប្រើ​ប្រាស់​សមត្ថភាព​ដែល​អ្នកមាន​ ដឹង​​ច្បាស់​ពី​ទេពកោសល្យ​របស់​ខ្លួន ប្រើ​ប្រាស់​ចំណេះ​ដឹង​ឲ្យ​សម​​នឹង​ស្ថានភាព ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ស្តាប់​ហេតុផល​ពី​អ្នក​ដទៃ​ដែរ​។ ភាព​មានៈ​ ជឿជាក់​លើ​ខ្លួន​ឯង​ហួស​ប្រមាណ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​តម្លៃ​ទៅវិញ​ទេ។

៣. មិន​មើល​ងាយ​មនុស្ស​ដែល​​តូចទាប​ជាង​ខ្លួន

​​​​​​​​​ទោះ​បី​ជា​អ្នក​មាន​រូបសម្បត្តិ​ស្រស់​សោភា មាន​ទ្រព្យ​ហូរហៀរ​យ៉ាង​ណា ក៏​មិន​ត្រូវ​មើល​ងាយ​មនុស្ស​ដែល​តូច​ទាប​ជាង​ខ្លួន​ឡើយ​។ ទោះ​​បី​អ្នក​ផ្សេង​មិន​​ស្អាត មិន​ឆ្លាត មិន​មាន​តំណែង​ស្មើ​អ្នក​ក៏​ដោយ ត្រូវ​រក្សា​ចិត្ត​គំនិត​ឲ្យ​មាន​លំនឹង​ ចេះ​លើក​ទឹក​ចិត្ត ដោយ​មិន​​ថ្លឹង​ថ្លែង​​ប្រៀបធៀប។ មនុស្ស​ស្រី​ដែល​ស្អាត ឆ្លាត មាន​ចំណុច​ល្អ​រាប់​មិន​អស់ នាង​​​នឹង​មិន​ព្យាយាម​យក​ភាព​អស្ចារ្យ​នោះ​ទៅ​បង្អួត​ដាក់​នរណា​ឡើយ ក្រៅ​ពី​ចង់​រស់​នៅ​ជាមួយ​វា​​​ពេញ​មួយ​ជីវិត។

៤. ដឹង​ពី​តួនាទី​ឬ​ឋានៈ​​ច្បាស់​លាស់

រូបតំណាង

អ្នក​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍ ប៉ុន្តែ​​ក្នុង​ទំនាក់ទំនង​សង្គម អ្នក​គួរ​ដឹង​ពី​តួនាទី​ឬ​ឋានៈ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។ បើ​អ្នក​ជា​ចៅហ្វាយ​នាយ អ្នក​ត្រូវ​រក្សា​ភាព​ម៉ឺងម៉ាត់ មិន​និយាយ​លេង​សើច​ឥត​​បានការ​ នាំ​ឲ្យ​កូន​ចៅ​មើល​ងាយ។ បើ​​អ្នក​ធ្វើ​ការ​ក្រោម​បង្គាប់ ត្រូវនិយាយ​ស្តី​ដោយ​ការ​គោរព​សមរម្យ​​ចំពោះ​ចៅហ្វាយ​នាយ​និង​មិត្ត​រួម​ការងារ។ ពេល​មក​ដល់​ផ្ទះ ជៀសវាង​យក​តំណែង​នៅ​ក្រុម​ហ៊ុន មក​ត្រួតត្រា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ដែល​កំពុង​រង់ចាំ​ទទួល​ពាក្យ​ផ្អែមល្ហែម​និង​ភាព​កក់​ក្តៅ​ពី​អ្នក​៕

ចុចអានបន្ត៖ មនុស្ស​ស្រី​ដែលចេះគិតគូរ ​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ក្នុង​កាលៈទេសៈ​ពិបាក​ទាំង​នេះ​​​​​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី