មិន​ចង់​ឡើង​ទម្ងន់​ខ្លាំង​ពេល​នៅ​ផ្ទះ គួរ​បំពេញ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ ៦ មុខ​នេះ​

  • 2020-05-12 03:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត ​ម្នាក់ៗ​កំពុង​ធ្វើ​ការ​សម្រាក​នៅ​ផ្ទះ​​ ក្នុង​បំណង​ការពារ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ១៩ ។​យ៉ាង​ណា​មិញ ស្រប​ពេល​ដែល​អ្នក​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន​ក្នុង​រយៈពេល​យូរ​ អ្នក​អាច​ប្រឈម​នឹង​ការ​ឡើង​គីឡូ​ជា​លំដាប់​ដោយ​មិន​ដឹង​ខ្លួន​ បើ​គ្មាន​វិធី​ការពារ​ជាក់​លាក់។ វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ទម្ងន់​​ក្នុង​ដំណាក់​កាល​នេះ​គឺ​ការ​ហាត់ប្រាណ និង របប​អាហារ។ ដូច្នេះ មក​ស្គាល់​នូវ​ប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ ប៉ូវ​កម្លាំង​ និង​ជួយ​រក្សា​ទម្ងន់​ទាំង ៦​មុខ៖

រូបតំណាង

**១. ពងមាន់៖** ពងមាន់​ជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ដែល​ចាំ​បាច់​សម្រាប់​រាង​កាយ។ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​រក្សា​ ឬ សម្រក​ទម្ងន់​ អាច​ធ្វើ​ការ​បរិភោគ​ពង​មាន់​ស្ងោរ​ជំនួស​ឲ្យ​អាហារ​សម្រន់​ផ្សេងៗ​ដែល​ងាយ​ធ្វើ​ឲ្យ​ធាត់។

រូបតំណាង

២. សណ្ដែក​សៀង​៖ សណ្ដែក​សៀង​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ដែរ វា​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​សាច់​រហូត​ដល់​ ៣៥%​ឯណោះ ហើយ​ព្រម​ទាំង​មាន​ជាតិ​កាល់ស្យូម កាកសរសៃ Fiber និង​ សារធាតុ​អុកស៊ីតកម្ម​ដែល​ជួយ​ពង្រឹង​នូវ​ប្រព័ន្ធ​ស៊ាំ និង ការពារ​ជំងឺ​បេះដូង​ទៀត​ផង។

រូបតំណាង

៣. ទឹក​ដោះ​គោ៖ បន្ថែម​ពី​លើ​ជាតិ​សាច់ បន្លែ និង ផ្លែឈើ រាង​កាយ​ក៏​ត្រូវ​ការ​នូវ​ជាតិ​ទឹក​ដោះ​គោ​ផង​ដែរ។ ការ​ផឹក​ទឹក​ដោះ​គោ ជួយ​បំពេញ​នូវ​ជាតិ​ប្រូតេអ៊ីន​ និង ធ្វើ​ឲ្យ​ឆ្អឹង​និង​រាង​កាយ​រឹងមាំ​ល្អ។

៤. សាច់​ទ្រូង​មាន់៖ ទ្រូង​មាន់ គឺ​ជា​ផ្នែក​ដែល​មិន​សូវ​មាន​ជាតិ​ខ្លាញ់​ដូច​ផ្នែក​ផ្សេងៗ​នៃ​មាន់ ហើយ​វា​ជំនួយ​កម្លាំង​បាន​ល្អ។ដូច្នេះ​ហើយ​ទើប​អ្នក​កីឡា ឬ អ្នក​ហាត់​ប្រាណ​មួយ​ចំនួន​ធំ​និយម​បរិភោគ​​វា​​ជា​ប្រចាំ​ក្រោយ​ហាត់​រួច។

រូបតំណាង

៥. តៅហ៊ូ៖ ដូច​ដែល​បាន​អ្នក​បាន​ដឹង​ហើយ តៅហ៊ូ​គឺ​ផ្សំ​ឡើង​ពី​សណ្ដែក​សៀង ជា​ហេតុ​ធ្វើ​ឲ្យ​វា​ជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​​។ ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​តៅហ៊ូ​មាន​ច្រើន​ជាង​ក្នុង​សាច់​រហូត​ដល់​ ២​ដង​ ឯណោះ ហើយ​វា​ក៏​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម​សម្រាប់​មុខ​ម្ហូប​នានា​ជា​ច្រើន​ទៀត​ផង។

រូបតំណាង

៦ .គ្រាប់​អាល់ម៊ុន៖ បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​អាហារ​សម្រន់​គ្រាន់​បរិភោគ​លេងៗ​​ពេល​អផ្សុក អ្នក​អាច​ជ្រើស​រើស​នូវ​គ្រាប់​អាល់ម៊ុន​បាន​ ព្រោះ​ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត និង​ ល្អ​សម្រាប់​សុខភាព​ផង​ដែរ៕

ចុចអានបន្ត៖ ពិបាក​គេង​​ហើយ​ឧស្សាហ៍​ភ្ញាក់​កណ្ដាល​យប់ គឺ​ព្រោះ​តែ​ហេតុផល​ ៥ នេះ​ហើយ​

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang