សំបុត្រដ៏មានន័យពីអ្នកម្តាយ ចង់ផ្តែផ្តាំកូនស្រីឲ្យបានយល់ដឹងនិងរៀនសូត្រពីជីវិតកាន់តែច្បាស់
- 2020-05-08 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រដ៏មានន័យពីអ្នកម្តាយ ចង់ផ្តែផ្តាំកូនស្រីឲ្យបានយល់ដឹងនិងរៀនសូត្រពីជីវិតកាន់តែច្បាស់
ជូនចំពោះកូនស្រីជាទីស្រលាញ់
មិនថាកូនមានអាយុច្រើនប៉ុណ្ណា មិនថាកូនបានផ្លុំទៀនក្នុងថ្ងៃខួបកំណើតអស់ប៉ុន្មានដើម មិនថាកូននៅឆ្ងាយពីម៉ាក់រាប់ពាន់រាប់ម៉ឺនយោជន៍ មិនថាកូនធ្លាប់ខឹងអន់នឹងម៉ាក់រាប់សិបដងក៏ដោយចុះ ម៉ាក់គ្រាន់តែចង់ប្រាប់ថា កូននៅតែជាមនុស្សស្រីដ៏រឹងមាំ ប្រកបដោយធម៌ ជាគំរូដ៏ល្អសម្រាប់អ្នកដទៃ និងស្ថិតនៅក្នុងបេះដូងរបស់ម៉ាក់ជានិច្ច។
កូនដឹងអត់ថា រាល់ពេលដែលម៉ាក់សម្លឹងមើលកូនៗម្តងៗ អារម្មណ៍ម៉ាក់ពោរពេញដោយភាពស្រស់ស្រាយនិងមានមោទនភាពខ្លាំងណាស់។ ម៉ាក់ពិតជារំភើបដែលបានចិញ្ចឹមបីបាច់កូនតាំងពីតូចមិនទាន់ដឹងក្តី រហូតដល់កូនធំពេញវ័យក្លាយជាមនុស្សស្រីម្នាក់ដែលមានក្តីស្រមៃធំសម្រាប់ខ្លួនឯង។ ម៉ាក់ដឹងថាកូនឆ្លាតកូនរឹងប៉ឹង ហើយម៉ាក់ក៏ដឹងទៀតថា ថ្ងៃណាមួយកូននឹងស្គាល់ភាពទន់ខ្សោយ ខ្វះកម្លាំងចិត្ត ប៉ុន្តែមិនអីទេនរណាក៏ជួបប្រទះរឿងបែបនេះដែរ។
ម៉ាក់មិនសប្បាយចិត្តទាល់តែសោះ ពេលដែលឃើញកូនកើតទុក្ខ តែពេលខ្លះកូនអាចឆ្លងកាត់ក្តីឈឺចាប់មួយរយៈ ព្រោះវាជាអ្វីដែលម៉ាក់ចង់ឲ្យកូនបានយល់បានស្គាល់។ ជីវិតត្រូវបែបនេះហើយកូន គ្មាននរណាម្នាក់អាចសប្បាយរីករាយជារៀងរហូតនោះទេ។ ទោះបីជាម៉ាក់ព្យាយាមអស់ពីលទ្ធភាព ក៏មិនអាចស្រាយកូនចេញពីបញ្ហាទាំងអស់បានដែរ លុះត្រាណាតែកូនមានជំហរហ៊ានប្រឈម និងចេះរកដំណោះស្រាយដោយខ្លួនឯង។
បើថ្ងៃណាមួយកូនមានអារម្មណ៍ថាពិភពលោកនេះ ដូចជាដាក់សម្ពាធធ្ងន់ ទាញកូនឲ្យធ្លាក់ចុះ កូនត្រូវតែរំលឹកមេរៀនល្អៗដែលម៉ាក់បាននិយាយផ្តែផ្តាំកូនជារឿយៗ ព្រោះម៉ាក់ចង់ឲ្យកូនចង់ចាំវាពេញមួយជីវិត។
"កូនត្រូវចេះស្រលាញ់ខ្លួនឯង ហើយកុំគិតថានេះគឺជាភាពអាត្មានិយម ព្រោះបើកូនមិនឲ្យតម្លៃ មិនមើលថែរក្សាខ្លួនឯងផង ធ្វើម្តេចអាចទទួលបានក្តីស្រលាញ់ពីអ្នកដទៃនោះ?”
"ពេលរាប់អានមនុស្ស កូនត្រូវចេះសង្កេតរកមើលនរណាដែលអាចជួយផ្តល់កម្លាំងចិត្ត ធ្វើឲ្យកូនរីកចម្រើនលូតលាស់ ចូលរួមត្រេកអរនឹងភាពជោគជ័យរបស់កូន។” "មុនជ្រើសរើសបុរសណាម្នាក់មកដាក់ក្នុងបេះដូង កូនត្រូវសង្កេតមើលថាតើគេស័ក្តិសមនឹងទំហំនៃក្តីស្រលាញ់ដែលកូនបានប្រគល់ឲ្យហើយឬនៅ? បើគេមិនព្យាយាមថែរក្សាស្នេហាសម្រាប់កូនទេ កុំខំតែម្នាក់ឯង ព្រោះហត់ខ្លាំងណាស់។”
"ទោះជាមានរឿងអ្វីកើតឡើង កូនមិនត្រូវភ្លេចពីខ្លួនឯងនោះទេ។ យកចិត្តទុកដាក់ចំពោះសុខភាព ញ៉ាំអាហារល្អៗឲ្យទៀងពេល ហាត់ប្រាណ រៀនអ្វីថ្មីៗ មិនបណ្តោយឲ្យរាងកាយចុះខ្សោយដាច់ខាត។"
"រឿងអាក្រក់អាចនឹងកើតមុនរឿងល្អ ដូច្នេះកូនកុំទាន់អាលអស់សង្ឃឹមអី អ្វីៗនឹងប្រសើរឡើង បើកូនចេះអំណត់តស៊ូដើរទៅមុខ។"
ម៉ាក់មិនអាចនៅជាមួយកូនបានជារៀងរហូតទេ ប៉ុន្តែកូនធំហើយ ម៉ាក់ជឿជាក់ថាកូនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួនឯង និងដោះស្រាយបញ្ហាផ្សេងៗបានដោយពុំចាំបាច់ពឹងលើម៉ាក់គ្រប់ពេល។ ម៉ាក់គ្រាន់តែចង់ឲ្យកូនដឹងថា ក្តីស្រលាញ់ម៉ាក់ចំពោះកូន គឺគ្មានថ្ងៃប្រែប្រួលឡើយ៕
ចុចអានបន្ត៖ អ្នកម៉ាក់នឹងសប្បាយចិត្ត បើកូនៗធ្វើរឿងទាំងនេះក្នុងឱកាសទិវាម្តាយ