អ្នកម៉ាក់នឹងសប្បាយចិត្ត បើកូនៗធ្វើរឿងទាំងនេះក្នុងឱកាសទិវាម្តាយ
- 2020-05-07 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកម៉ាក់នឹងសប្បាយចិត្ត បើកូនៗធ្វើរឿងទាំងនេះក្នុងឱកាសទិវាម្តាយ
ទិវាម្ដាយ គឺជាថ្ងៃសំខាន់មួយប្រចាំឆ្នាំសម្រាប់កូនៗ និងអ្នកម្ដាយក្នុងការធ្វើពិធីអបអរ។ ម្ល៉ោះហើយ ដើម្បីឲ្យអ្នកម្ដាយសប្បាយចិត្ត និងបង្ហាញពីភាពកតញ្ញូ អ្នកអាចសាកល្បងធ្វើរឿងទាំងនេះ សម្រាប់ថ្ងៃដ៏វិសេសនេះ។
**១. ចម្អិនអាហារពេលព្រឹក**
ចាប់ផ្ដើមដំបូងដោយការធ្វើអាហារពេលព្រឹក ដែលអ្នកម្ដាយចូលចិត្តពិសា។ ថែមទាំងកុំភ្លេចដាក់ភេសជ្ជៈជំនួយសុខភាពភ្ជាប់មកផង លើកជូនអ្នកម្ដាយដោយទឹកមុខរីករាយ។ អ្នកក៏អាចលួចដាក់កាតមួយសន្លឹកក្រោមចានអាហារ ដោយសរេសរថាអ្នកស្រលាញ់ម៉ាក់ជាងគេក្នុងលោកនេះ ហើយអ្នកពិតជាកូនមានសំណាងបំផុតដែលកើតក្នុងគ្រួសារនេះ។
២. ជូនផ្កាស្រស់
ផ្កា តំណាងនូវភាពស្រស់ស្អាតដែលធ្វើឲ្យអារម្មណ៍មនុស្សរីករាយ និងមានកម្លាំងចិត្ត។ ក្នុងឱកាសនេះ អ្នកគួររៀបចំបាច់ផ្កាដោយផ្ទាល់ដៃ សម្រាប់អ្នកម៉ាក់ដើម្បីបង្ហាញពីក្តីស្រលាញ់និងធ្វើឲ្យម៉ាក់សប្បាយចិត្តបាន។
៣. ធ្វើការងារផ្ទះជំនួសម៉ាក់
ជាទូទៅ ការងារផ្ទះស្ទើរតែអ្នកម៉ាក់រ៉ាប់រងម្នាក់ឯង ដោយសារកូនៗរវល់នឹងការសិក្សា ឬការងារជាដើម។ ដោយឡែក អ្នកគួរឆ្លៀតធ្វើការងារទាំងអស់នេះ ហើយឲ្យម៉ាក់សម្រាកឲ្យពេញភ្នែកម្ដង។
៤. ជប់លៀងឲ្យម៉ាក់ភ្ញាក់ផ្អើល
ធ្វើពុតថា ថ្ងៃនោះជាថ្ងៃកំណើតរបស់បងជីដូនមួយរបស់អ្នក ដូច្នេះអ្នកចង់រៀបចំជប់លៀងមួយសម្រាប់នាង។ ធ្វើបែបនេះ ម៉ាក់នឹងមិនចាប់អារម្មណ៍ហើយអ្នកអាច Surprise ម៉ាក់បានដោយរំភើបចិត្តមិនខាន។
៥. ចំណាយពេលពេញមួយថ្ងៃជាមួយម៉ាក់
ថ្ងៃពិសេសនេះ កុំភ្លេចយកចិត្តទុកដាក់ម៉ាក់ប្រៀបដូចជាម្ចាស់ក្សត្រី ដោយចំណាយពេលពេញមួយថ្ងៃធ្វើរឿងដែលម៉ាក់ចង់បំផុត។ អ្នកនិងម៉ាក់អាចរៀបចំជាពិកនិក ជិះកង់ដើរលេង ចម្អិនអាហារជាមួយគ្នា ថតរូបជុំគ្រួសារ ឬគ្រាន់តែលេងហ្គេមណាមួយសប្បាយៗនៅផ្ទះក៏បាន។ លើសពីនេះ ក៏អាចនៅផ្ទះមើលភាពយន្ត ឬរឿងកំប្លែងជាមួយគ្នា ដើម្បីបង្កើតពេលវេលាដ៏មានន័យ។
អានបន្ត៖ រូបគំនូរបង្ហាញមនោសញ្ចេតនា អ្នកម្តាយនិងកូន បង្កប់ក្តីស្រលាញ់មិនអាចប្រៀបផ្ទឹមបាន