តិចនិក ៨ សន្សំលុយឲ្យសល់សម្រាប់ខ្លួនឯង និងអាចទុកសាគួពេលចំណូលធ្លាក់ចុះក្នុងគ្រាណាមួយ

  • 2020-05-05 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

"លុយ" នៅ​ពេល​ដែល​ចាយ​វាយ របូត​ចេញ​ពី​​ដៃ ហូរ​លឿន​ដូច​ជា​​ទឹក​ទន្លេ​ អស់​ពី​កាបូប​ដោយ​មិន​ដឹង​ខ្លួន ប៉ុន្តែ​បើ​​និយាយ​ពី​ចំណូល​វិញ​ សន្សឹម​​ៗ​មិន​ខុស​គ្នា​ពី​ទឹក​សន្សើម​។ ហ៊ាន​តែ​ចាយ​វាយ​ផ្តេស​ផ្តាស ​វា​អាច​​​នឹង​លើស​ពី​ចំណូល​​ទៅ​ទៀត។ ពេល​នោះ​ហើយ​ដែល​អ្នក​ត្រូវ​រង​ផល​អវិជ្ជមាន​ នៅ​ក្នុង​ជីវិត។ មិន​គួរ​ភ្លេច​ខ្លួន​ដាច់ខាត ត្រូវ​ប្រកាន់​ខ្ជាប់ នូវ​ភាព​ច្បាស់លាស់​សម្រាប់​ចំណូល​និង​ចំណាយ​ប្រចាំ​ថ្ងៃ និង​​ចេះ​ពី​របៀប​សន្សំ​ឲ្យ​បាន​ត្រឹម​ត្រូវ ទើប​អាច​សល់​លុយ និង​មិន​ភ័យ​​​ខ្លាច​​ថា​ខ្វះខាត នៅ​ពេល​ចំណូល​ប្រែប្រួល​ធ្លាក់​​​​ចុះ​ក្នុង​គ្រា​អាសន្ន​ណា​មួយ​។

១. កាត់​បន្ថយ​ការ​ចំណាយ​ដែល​​ពុំ​ចាំ​បាច់

រូបតំណាង

​​​​​​​​​​ឧទាហរណ៍៖ ​អ្នក​​ធ្វើ​​ការ​នៅ​ការិយាល័យ​​ភាគ​ច្រើន​ បាន​​​ចំណាយ​លុយ​​ទិញ​​កាហ្វេ​១​-២​កែវ​​រាល់​ថ្ងៃ ហើយ​បើ​សរុប​ជា​ខែ​វិញ​គឺ​ច្រើន​ខ្លាំង​ណាស់។ ហេតុ​នេះ​ហើយ​អ្នក​អាច​ផ្លាស់​ប្តូរ​ទម្លាប់​ ដោយ​​ងាក​មក​ឆុង​ដោយ​ខ្លួន​ឯង​វិញ នោះ​ចំណូល​របស់​អ្នក​​នឹង​កើន​ជាង​មុន​​ដោយ​ស្វ័យប្រវត្ត​។ ចង់​សល់​លុយ​ច្រើន​ មិន​អាច​ធ្វេសប្រហែស​​មើល​ស្រាល​ លើ​ការ​​ចំណាយ​​ប្រចាំ​​ថ្ងៃ ទោះ​​​បី​​​អ្នក​គិត​ថា​​វា​ជា​ចំនួន​បន្តិចបន្តួច​ក៏​ដោយ​។

២. រាយ​​ក្នុង​មុខ​បញ្ជី​មុន​ពេល​ទៅ​ទិញ​ឥវ៉ាន់

រូបតំណាង

មិន​ថា​នៅ​ពេល​ទៅ​ទិញ​ចំណី​អាហារ​ឬ​គ្រឿង​សម្អាត​នោះ​ទេ អ្នក​​ត្រូវ​តែ​កត់​ក្នុង​បញ្ជី​ជាមុន​សិន។ វិធី​នេះ​​​អាច​ជួយ​​សន្សំ​​បាន​ទាំង​ពេល​វេលា​សម្រាប់​ឲ្យ​អ្នក​​ដើរ​​ទិញ​ទំនិញ ថែម​ទាំង​អាច​ការពារ​ មិន​ឲ្យ​ចំណាយ​ផ្តេសផ្តាស​លើ​របស់​របរ​ដែល​គ្មាន​នៅ​ក្នុង​បញ្ជី​។

៣. រក​មើល​ទំនិញ​បញ្ចុះ​តម្លៃ

រាល់​ទំនិញ​ដែល​គេ​ដាក់​បញ្ចុះ​តម្លៃ​មិន​មែន​មាន​ន័យ​ថា​សុទ្ធ​តែ​​គ្មាន​គុណភាព​​ឡើយ។ ហាង​ទំនិញ​​ជា​ច្រើន​នឹង​មាន​​កម្មវិធី​បញ្ចុះ​តម្លៃ​ក្នុង​ឱកាស​ពិសេស​ណា​មួយ ដើម្បី​ទាក់ទាញ​​​អ្នក​ទិញ​ និង​លក់​ដាច់​​ក្នុង​បរិមាណ​ច្រើន​។ ហេតុ​នេះ​​ហើយ​អ្នក​អាច​​រក​មើល​ឥវ៉ាន់​ណា​ដែល​​តែង​តែ​ប្រើ​ប្រាស់​ជា​ប្រចាំ ពិនិត្យ​មើល​ថ្ងៃ​ផុត​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​អាច​ទិញ​ស្តុក​ទុក​ខ្លះ ដើម្បី​ចំណេញ​លុយ។

៤. លក់​ចេញ​របស់​​របរ​ដែល​មិន​ប្រើ​ប្រាស់

រូបតំណាង

របស់​របរ​​ទាំង​ចាស់​និង​ថ្មី ដែល​អ្នក​គិត​ថា​មិន​អាច​ប្រើ​ប្រាស់​បាន ឬ​លែង​ត្រូវ​ការ​ត​ទៅ​ទៀត គួរ​លក់​ចេញ​ក្នុង​តម្លៃ​ទាប​ឬ​សមរម្យ​បំផុត​ ទៅ​ឲ្យ​​អ្នក​ផ្សេង​ដែល​ត្រូវ​ការ​ តាម​រយៈ​បណ្តាញ​​សង្គម​ជា​ដើម​។

​​​​​​​​​៥. កាត់បន្ថយ​ការ​ញ៉ាំ​នៅ​ខាង​ក្រៅ

ការ​ចេញ​ទៅ​​ដើរ​លេង​ ជួប​ជុំ​គ្នា ញ៉ាំ​​អី​នៅ​ខាង​ក្រៅ ពិត​ជា​ធ្វើ​ឲ្យ​លុយ​ហូរ​ចេញ​ពី​ហោប៉ៅ​ដោយ​មិន​ដឹង​ខ្លួន។ ​ចេញ​ក្រៅ​កាន់​តែ​ញឹក ចំណូល​​នឹក​កាន់​តែ​តិច​ទៅ​ៗ។ គួរ​​មាន​ទម្លាប់​រៀន​​ធ្វើ​ម្ហូប រៀប​ចំ​បាយ​ពី​ផ្ទះ បាន​ទាំង​សល់​​លុយ​និង​​​មិន​ប៉ះពាល់​ដល់​សុខភាព​​​។

៦. កាត់​បន្ថយ​ការ​ចាយ​វាយ​ដោយ​ប្រើ​កាត

នៅ​ពេល​ដែល​អ្នក​ចាយ​វាយ​ដោយ​ប្រើ​​ក្រដាស​ប្រាក់​មិន​មែន​កាត វា​​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ ដោយ​សារ​តែ​ការ​​ប្រើ​​កាត​​ អាច​ធ្វើ​ឲ្យ​អ្នក​មិន​បាន​​ចាប់​អារម្មណ៍​លើ​បរិមាណ​ដែល​ត្រូវ​ចំណាយ ពេល​ខ្លះ​អាច​​បណ្តាល​ឲ្យ​អស់​ពី​កុង​ធនាគារ ដោយ​មិន​ខ្លួន​ជាក់ជា​មិន​ខាន។

៧. កាត់​បន្ថយ​ការ​ទិញ​ឥវ៉ាន់​អនឡាញ

រូបតំណាង

ទំនិញ​ដែល​គេ​បង្ហោះ​ដាក់​​លក់នៅ​លើ​អនឡាញ ពិត​ជា​ទាក់​ទាញ​និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ ដោយ​មិន​ចាំ​បាច់​ចេញ​ពី​ផ្ទះ​។ ហេតុ​ផល​​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​​ត្រេកត្រអាល​ចង់​ទិញ ទប់​អារម្មណ៍​មិន​ជាប់​ យូរ​ៗ​ទៅ​​វា​បណ្តាល​ទៅ​ជា​ទម្លាប់​អាក្រក់ ចេះ​តែ​ចង់​ចំណាយ​លុយ​គ្មាន​ហេតុផល ហើយ​ពេលខ្លះ​អ្នក​បាន​ខ្ជះខ្ជាយ​លុយ​​​​ទៅលើ​ឥវ៉ាន់​ដែល​មិន​ចាំ​បាច់​បាច់​ទាល់​តែ​សោះ​

៨. ទិញ​របស់​ដែល​មាន​គុណភាព​ល្អ

ចង់​សន្សំ​សំចៃ គួរ​ពិចារណា​ពិនិត្យ​មើល​គុណភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​នឹង​ទិញ​។ ស៊ូ​ចំណាយ​លុយ​​ច្រើន​ជាង​បន្តិច ដើម្បី​បាន​ទំនិញ​ល្អ​យក​​មក​ប្រើ​ប្រាស់​បាន​យូរ​ ប្រសើរ​ជាង​ទិញ​របស់​ថោកៗ​ធូរ​ថ្លៃ ប៉ុន្តែ​គុណភាព​អន់ ដែល​​ត្រូវ​ចំណាយ​លុយ​ច្រើន​លើក​ច្រើនសា។

ការ​ចំណាយ​​លុយ​​មិន​អាច​ពឹង​ផ្អែក​​តម្រូវ​​តែ​លើ​​​អារម្មណ៍​​បាន​ឡើយ។ វា​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ និង​ចេះ​​គិត​គូរ​ពី​ហានិភ័យ​ទៅ​ថ្ងៃ​មុខ ទើប​មិន​បណ្តាល​ឲ្យ​អ្នក​ចាយវាយ​តាម​ចិត្ត​ចង់ និង​សល់​លុយ​សម្រាប់​ខ្លួន​ឯង​ផង​ដែរ​៕

រូបតំណាង

ចុចអានបន្ត៖ ការពិត ៧ យ៉ាងដែលមិនសូវមានអ្នកដឹងពីប្រពន្ធ Mark Zuckerberg​​​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម