​ស្រីៗ​ចង់​បន្ទុំ​ស្បែក​ឲ្យ​ស​ខ្ចី​​ពេល​នៅ​ផ្ទះ ទាល់តែដឹងក្បួនថែទាំសំខាន់ៗ ៤ នេះ

  • 2020-04-30 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត សុខភាព​ស្បែក​ជា​រឿង​សំខាន់​ ជាពិសេស​សម្រាប់​មិត្ត​នារីៗ​។ កាល​ណា​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​នឹង​ងាយ​ជួប​ប្រទះ​នឹង​បញ្ហា​ស្បែក​រួមមាន ស្បែក​ស្ងួត ស្រអាប់​មិន​ស្រស់​ថ្លា ស្នាម​អុជ​ខ្មៅ និង កន្ទួល​រមាស់​ជាដើម។ គួរ​ឲ្យ​ដឹង​​ថា បើ​និយាយ​ពាក់ព័ន្ធ​នឹង​សុខភាព​ស្បែក​ នារី​​មិន​ត្រូវ​ថែ​ទាំ​តែ​ស្បែក​មុខ​តែ​មួយ​មុខ​ទេ ពោល​គឺ​ត្រូវ​រក្សា​ភាព​ស្រស់​ស្អាត​ទាំង​ផ្នែក​មុខ និង ដង​ខ្លួន។ កញ្ញា​សុំ​ធ្វើ​ការ​ចែក​រំលែក​នូវ​គន្លឹះ ៤ យ៉ាង​ដែល​ជួយ​ឲ្យ​ស្បែក​ពោរពេញ​ដោយ​សំណើម សភ្លឺថ្លា និង មិន​ងាយ​មាន​ស្នាម​ជ្រីវជ្រួញ៖

រូបតំណាង

**១. លាប​ឡេផ្ដល់​សំណើម​ជា​ប្រចាំ៖** នារី​គួរ​ទម្លាប់​លាប​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​យ៉ាង​តិច​ម្ដង​ក្នុង​១ ថ្ងៃ​ ទាំង​ដង​ខ្លួន និង ប្រអប់​ដៃ ដើម្បី​រក្សា​នូវ​ជាតិ​សំណើម​ដល់​ស្បែក​ ដែល​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​​ភ្លឺ​ចែង​ចាំង និង​ មិន​ងាយ​ជ្រីវជ្រួញ។ ជាពិសេស​ គប្បី​ជ្រើស​រើស​ផលិតផល​ដែល​មាន​សារធាតុ​ការពារ​កម្ដៅ​ថ្ងៃ និង ជួយ​កាត់​បន្ថយ​សភាព​ខ្មៅ​ស្រអាប់​នៃ​ស្បែក ។ ​

រូបតំណាង

២. ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​៖ ក្រៅ​ពី​ការ​ប្រើប្រាស់​នូវ​ឡេ​ផ្ដល់​សំណើម អ្នក​ក៏​ត្រូវ​បន្ថែម​ជា​មួយ​ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ផង​ដែរ។ ជា​ការ​ល្អ​ អ្នក​គួរ​ពិសារ​ទឹក​ឲ្យ​បាន​ពី ៨ទៅ១០​កែវ​ក្នុង​មួយ​ថ្ងៃ ព្រោះ​ទឹក​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ​ក្នុង​ការ​ជួយ​ផ្ដល់​ជាតិ​ទឹក និង សំណើម​ដល់​ស្រទាប់​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ស្រស់​ថ្លា។

រូបតំណាង

៣. ជ្រើសរើស​ផលិតផល​ស្បែក​ឲ្យ​ត្រូវ​នឹង​ស្បែក៖ មុន​នឹង​ប្រើ​ផលិតផល​អ្វី​មួយ​ គប្បី​មើល​ពី​ប្រភព​ដើម​ និង ពិនិត្យ​លើ​គុណភាព​ឲ្យ​បាន​ច្បាស់​លាស់។ ជាពិសេស​ អ្នក​គួរ​ជ្រើស​រើស​នូវ​ផលិតផល​តាម​ប្រភេទ​ស្បែក និង អាកាសធាតុ​រស់​នៅ​ជាក់​ស្ដែង ជៀសវាង​ការ​ចំណាយ​ថវិកា​លើ​ផលិតផល​មិន​ត្រូវ​នឹង​ស្បែក ហើយ​មិន​ទទួល​បាន​លទ្ធផល។

រូបតំណាង

៤. បរិភោគ​ផ្លែ​ឈើ​ដែល​ជំនួយ​ដល់​ស្បែក៖ ផ្លែឈើ​មួយ​ចំនួន​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ វា​ថែម​ទាំង​ជួយ​បំប៉ន​នូវ​សុខភាព​ស្បែក​ទៀត​ផង​។ តួយ៉ាង ផ្លែ​ឈើ​ទាំង​នោះ​​រួមមាន ផ្លែ​បឺរ ផ្លែ​ក្រូច ចេក និង ឪឡឹក​ជាដើម ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ផ្លែ​ឈើ​សម្បូរ​ជាតិ​ទឹក និង ជាតិ​វីតាមីន C ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ និង ភ្លឺ​រលោង​ពី​ខាង​ក្នុង​បែប​ធម្មជាតិ​តែ​ម្ដង។ ​​​​

ចុចអានបន្ត៖ មក​ដឹង​​ផល​ប៉ះពាល់​នៃ​​"ពន្លឺ​អេក្រង់​ទូរសព្ទ"​ចំពោះ​ស្បែក​ និង វិធី​កាពារ ៤ យ៉ាង

ប្រភព៖ bebeautiful ប្រែ​សម្រួល៖ Siyou Tang