បញ្ហា ៥ យ៉ាង ដែលអាចបំផ្លាញស្បែក ត្រឹមរយៈពេល ១ យប់ឬឆាប់បំផុត​

  • 2020-04-28 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​​ជា​ច្រើន​ដែល​កើត​មាន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​មូលហេតុ​ផ្សេងៗ​គ្នា​។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ចំណីអាហារ​ដែល​អ្នក​ញ៉ាំ បរិយាកាស​ដែល​អ្នក​រស់នៅ និង​អារម្មណ៍​តាន​តឹង​​ជា​ដើម​។

ខាង​ក្រោម​នេះ​ ជា​បញ្ហា​ដែល​អាច​បំផ្លាញ​​សុខភាព​ស្បែក​មុខ​របស់​អ្នក​ត្រឹម​រយៈ​ពេល​១​យប់​ឬ​ឆាប់​បំផុត។ វា​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​និង​ប្រុង​ប្រយ័ត្ន ដើម្បី​ជៀស​ពី​បញ្ហា​ទាំង​នេះ​។

១. ប្រសិន​បើ​អ្នក​ឡើង​​​មុន​តូចៗ មុន​ក្រហម ឬ​ស្នាម​មុន​មាន​លក្ខណៈ​ទ្រុឌ​ផត បង្ក​មក​ពី​បញ្ហា​ស្តេ្រស

​​​​​ការ​ងារ​ប្រចាំ​ថ្ងៃ​​និង​​កម្រិត​នៃ​ការ​ស្រ្តេស ពិត​ជា​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​រាង​កាយ​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​គិត​ស្មុគស្មាញ​ច្រើន រាងកាយ​នឹង​អ័រម៉ូន​មិន​ល្អ ដែល​បណ្តាល​ឲ្យ​កោសិកា​ស្បែក​ប្រែ​ជា​ខ្វះ​ជាតិ​ទឹក​និង​ស្ងួត​ខ្លាំង ជា​ពិសេស​ប្រព័ន្ធ​ការពារ​​ភាព​ស៊ាំ​ចុះ​ខ្សោយ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​មុន​​បាន​ដែរ។

មុន​ដែល​កើត​ចេញ​ពី​ការ​ស្តេ្រស គឺ​មាន​លក្ខណៈ​ក្រហម ល្អិតៗ រទុះ​នៅ​លើ​​ស្បែក​មុខ។ ពេល​ខ្លះ​​​វា​​មាន​ខ្ទុះ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រមាស់​ចង់​តែ​អេះ​ឬ​ញេច។ ភាគ​ច្រើន​​មុន​ប្រភេទ​នេះ កើត​មាន​លើ​ថ្ងាស​និង​ថ្គាម​ទាំង​សង​ខាង​។ ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​ត្រូវ​បំបាត់​ភាព​តានតឹង​ជាមុន​សិន ពុំ​ដូច្នោះ​ទេ​ទោះ​បី​​អ្នក​ប្រើ​វិធី​សាស្ត្រ​ព្យាបាល​បែប​ណា​ ក៏​មិន​ងាយ​បាន​ផង​ដែរ។

២. ស្បែក​កើត​អាចម៍​រុយ​ មាន​ស្នាម​អុចៗ​ពណ៌​ត្នោត បង្ក​មក​ពី​អាយុ​​ច្រើន​ឬ​លេប​ថ្នាំ​ពន្យារ​កំណើត

មាន​ស្រ្តី​​ប្រមាណ ៥០% ដែល​ជួប​បញ្ហា​ស្បែក​ នៅ​ពេល​ចូល​​ដល់​អាយុ​ចាប់​ពី​៣០​ឡើង​ទៅ។ ដោយ​សារ​តែ​អ័រម៉ូន​អេស្ត្រូសែន​​ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ពេល​អ្នក​ស្ថិត​ក្នុង​អាយុ​ចាប់​ពី ២៨-២៩។ ស្នាម​អុច​ៗ​ពណ៌​ត្នោត ​នឹង​លេច​ចេញ​មក​នៅ​ពេល​ដែល​អ្នក​មាន​ផ្ទៃ​ពោះ ហើយ​ជា​ទូទៅ​​វា​ក៏​កើត​មាន​ចំពោះ​ស្រ្តី​ដែល​មាន​វ័យ​ខ្ទង់​៣០​ផង​ដែរ។

ពេល​ដំបូង​ដែល​មនុស្ស​ស្រី​លេប​ថ្នាំ​ពន្យារ​កំណើត នឹង​សង្កេត​ឃើញ​ថា​ស្បែក​មាន​សភាព​ទន់​រលោង​និង​ល្អ​​ប្រសើរ​។ ប៉ុន្តែ​បន្ទាប់​ពី​​ប្រើ​បាន​២-៣​ខែ អេស្ត្រូ​សែន​ដែល​មាន​នៅ​ក្នុង​ថ្នាំ អាច​បង្ក​ឲ្យ​ឡើង​​ស្នាម​អុចៗ​ពណ៌​ត្នោត មាន​ស្នាម​ជ្រួញ ស្បែក​ស្ងួត ឡើង​មុន​ ដោយ​សារ​តែ​​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​គ្មាន​តុល្យភាព ​និង​ក្រពេញ​ទីរ៉ូអ៊ីត​ប្រែ​ជា​​ចុះ​ខ្សោយ។

៣. ស្បែក​ស្ងួត ស្បែក​ប្រេង គគ្រើម បង្ក​មក​ពី​គេង​មិន​លក់​ឬ​គេង​​តិច​ពេក

ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ស្បែក។ នៅ​​ពេល​ដែល​​អ្នក​គេង ស្បែក​​​មាន​តួនាទី​ជួសជុល​បណ្តុះ​កោសិកា​ថ្មី​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ពី​ខាង​ក្នុង​។ បើ​អ្នក​គេង​មិន​បាន​គ្រប់​គ្រាន់​ល្អ ស្បែក​នឹង​ប្រឈម​នូវ​​បញ្ហា​ធំ​ៗ​៥​យ៉ាង​​ដូច​ជា ស្ងួត​គ្មាន​សំណើម ឆាប់​ឡើង​ស្នាម​អុច​ខ្មៅ ឡើង​ប្រេង ឆាប់​ចាស់​ជ្រីវជ្រួញ ស្រអាប់​មិន​ស្រស់​ថ្លា។

​​​ចន្លោះ​ម៉ោង ៩-១១​យប់ ជា​ពេលវេលា​ដែល​ប្រព័ន្ធ​ការពារ​រាង​កាយ ត្រូវបំពេញ​​តួនាទី​យ៉ាង​សំខាន់​ដើម្បី​សុខភាព ដូច្នេះ​ក្នុង​អំឡុង​ពេល​នេះ គួរ​លាង​សម្អាត​មុខ​​ឲ្យ​បាន​ស្អាត លាប​ផលិតផល​ថែរក្សា​ស្បែក​ឲ្យ​បាន​ត្រឹម​ត្រូវ​។ អ្នក​គួរ​គេង​​មុន​ម៉ោង​១១យប់ ព្រោះ​វា​ជា​ពេល​ដែល​ស្បែក​ត្រូវ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួន​ឯង និង​អាច​​ស្រូប​យក​​សារធាតុ​បំប៉ន​ល្អ​ៗ​។

៤. ស្បែក​ក្រហម ចេញ​សរសៃ រន្ធញើស​រីក​ធំ បង្ក​មក​ពី​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក

ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ ក្នុង​បរិមាណ​ច្រើន​លើស​កម្រិត ជា​ទម្លាប់​អាក្រក់​ និង​អាច​ប៉ះពាល់​ដល់​សម្រស់​ខ្លាំង​បំផុត។ ស្បែក​របស់​អ្នក​នឹង​ប្រែ​ទៅជា​ស្ងួត លេច​ចេញ​សរសៃ​ក្រហម​លើ​មុខ ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​សោះ​កក្រោះ គ្មាន​សុខភាព​ល្អ ហើយ​ភ្នែក​ក៏​​ឡើង​ក្រហម​ទៀត។ គួរ​កាត់​បន្ថយ​ឬ​ផឹក​ក្នុង​កម្រិត​តិច​បំផុត ដើម្បី​ការពារ​សម្រស់​ឲ្យ​នៅ​ស្រស់​ស្អាត​បាន​យូរ​។

៥. ស្បែក​ស​មិន​ស្មើ​គ្នា កើត​មុន ជ្រីវជ្រួញ​លើ​ថ្ងាស បង្ក​មក​ពី​ញ៉ាំ​ជាតិ​ផ្អែម​លើស​កម្រិត​

ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​ឬ​ផឹកភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក នោះ​ស្បែក​​ងាយ​នឹង​រោល​រលាក ឡើង​កន្ទួល និង​រមាស់​ជា​ដើម​។ វា​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​បាត់​បង់​ភាព​រលាស់​ក្មេង​វ័យ និង​បំផ្លាញ​កោសិកា​ស្បែក​តែម្តង។ ជាពិសេស​ស្បែក​របស់​អ្នក​នឹង​ប្រែ​ជា​ស្ងួត​គ្មាន​សំណើម ជ្រីវជ្រួញ ឆាប់​ចាស់ កើត​មុន​យ៉ាង​លឿន និង​មាន​សម្បុរ​មិន​ស្មើ​គ្នា​ទៀត​ផង​។ ហេតុ​នេះ​ហើយ​​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​របស់​ផ្អែម​ឲ្យ​បាន​ច្រើន​ ឬ​ញ៉ាំ​ក្នុង​កម្រិត​សមរម្យ​​ល្មម​ ដើម្បី​ការពារ​​បាន​ទាំង​សុខភាព​និង​សម្រស់​៕

ចុចអានបន្ត៖ ២ វិធី កម្ចាត់មុនខ្នង នៅផ្ទះដោយខ្លួនឯង

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម