មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ

  • 2020-04-16 06:00:00
  • ចំនួនមតិ 33 | ចំនួនចែករំលែក 1043

ភាព​តឹង​រលាស់​របស់​ស្បែក​នឹង​ប្រែប្រួល ចាប់​ផ្តើម​បាត់បង់​បន្តិច​ម្តង​ៗ នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។ សាច់​ថ្ពាល់​និង​ចង្កា​ចាប់​ផ្តើម​ធ្លាក់​យារ សាច់​មុខ​មិន​ស្រស់​ថ្លា លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ជា​ដើម​។

យ៉ាង​ណា​មិញ មិន​ទាន់​ដល់​អាយុ​ផង ​ប៉ុន្តែ​សម្រស់​បែរ​ជា​មើល​ទៅ​​ចាស់​មុន​វ័យ គឺ​ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​ហើយ​។

១. ចុច​ទូរសព្ទ​​ច្រើន​

វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​កែ​សម្ផស្ស​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ឬ​នៅ​មុខ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រអាប់​មិន​ភ្លឺ​ថ្លា មាន​ស្នាម​ជ្រីវជ្រួញ និង​មិន​តឹងណែន​។

២. មិន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ធាត់​ទាល់​តែ​សោះ

អ្នក​ដែល​មាន​ទម្លាប់​ថែរក្សា​សុខភាព​ឬ​ខ្លាច​ធាត់ តែង​តម​អាហារ​ណា​ដែល​មាន​ជាតិ​ធាត់។ យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​មិន​ញ៉ាំ​ទាល់​តែ​សោះ វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ដែរ ព្រោះ​អាហារ​ដែល​មាន​សារធាតុ​អាស៊ីដ​ធាត់ មាន​ផ្ទុក​អូមេហ្គា​៣ អូមេហ្គា​៦ ដែល​អាច​ជួយ​រក្សា​ភាព​រលាស់​នៃ​ស្បែក បង្កើន​​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាង​កាយ និង​កាត់​បន្ថយ​ពី​ហានិភ័យ​​ពី​ជំងឺ​មហារីក​ផង​ដែរ។

​៣. ញ៉ាំ​​អាហារ​ផ្អែម​ច្រើន​ពេក

អាហារ​​ដែល​មាន​ជាតិ​ស្ករ​ច្រើន អាច​បណ្តាល​ឲ្យ​ស្បែក​ឆាប់​បាត់​បង់​ភាព​តឹង​ណែន​ ជ្រីវជ្រួញ និង​ចាស់​មុន​វ័យ​​។

៤. ត្រូវ​កម្តៅ​ថ្ងៃ​យូរ​ពេក​

កាំ​រស្មី​ព្រះអាទិត្យ ដែល​ហៅ​ថា UVA អាច​ចូល​ទៅ​បំផ្លាញ​យ៉ាង​ជ្រៅ​នៃ​ស្រទាប់​ស្បែក ថែម​ទាំង​បណ្តាល​ឲ្យ​ស្បែក​បាត់​បង់​ខូឡាជែន​ទៀត​ផង។​

៥. ស្រក​ទម្ងន់​លឿន​ខ្លាំង

ការ​ស្រក​ទម្ងន់​លឿន​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ខ្លាញ់​ធាត់​ពិត​មែន ប៉ុន្តែ​បើ​ស្រក​គីឡូ​លឿន​ពេក ស្បែក​របស់​អ្នក​ក៏​ឆាប់​យារ​ធ្លាក់​ទៅ​តាម​ហ្នឹង​ដែរ។ គួរ​ជ្រើស​រើស​វិធី​សម្រក​តាម​សម្រួល​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក។

៦. គេង​មិន​គ្រប់គ្រាន់

ការ​គេង​បាន​​​តិច​ពេក​ អាច​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ស្រស់​ថ្លា និង​លេច​ស្នាម​ជ្រួញ​តែ​ម្តង។ បើ​អ្នក​គេង​គ្រប់គ្រាន់​នៅ​ពេល​យប់ ​​នោះ​ស្បែក​នឹង​អាច​​ជួសជុល​បង្កើត​កោសិកា​ថ្មី​ដោយ​ខ្លួន​ឯងបាន​យ៉ាង​ល្អ​​។ ជាពិសេស​កុំ​ភ្លេច​លាប​​ឡេ​ឬ​គ្រីម​ផ្តល់​សំណើម​ផង ព្រោះ​ស្បែក​នឹង​បាត់​បង់​ជាតិ​ទឹក​ ប្រែ​ជា​ស្ងួត​នៅ​ពេល​ដែល​អ្នក​​គេង។

**​៧. ចូល​ចិត្ត​បារម្ភ​សូម្បី​តែ​រឿង​តូច​តាច

ទឹក​មុខ​ស្មុគស្មាញ ជ្រួញ​ចិញ្ចើម ចូលចិត្ត​គិត​ខ្វាយ​ខ្វល់​​ច្រើន ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​បាត់​បង់​ភាព​រលាស់ សាច់​ថ្ពាល់​ធ្លាក់ មុខ​ផត ឆាប់​ចាស់​​មុន​វ័យ​ខ្លាំង​ណាស់​៕

ចុចអានបន្ត៖ ឆ្លៀតម៉ាស្សាតែ ៥ នាទីរាល់ព្រឹក ដើម្បីបន្តឹងស្បែកមុខឲ្យនៅក្មេងបានយូរ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី