៤ យ៉ាងគួរលុបចេញពីខួរក្បាល ដើម្បីកុំឲ្យកើតទុក្ខឥតប្រយោជន៍

  • 2020-04-09 05:50:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 13

រឿង​រ៉ាវ​ពិត​ក្នុង​ជីវិត​ ពេល​ខ្លះ​មាន​បញ្ហា​សៅម៉ង​​ជំពាក់ជំពិន​ពិបាក​ស្រាយ។ កាន់​តែ​ធំ​ដឹង​ក្តី អ្វីៗ​មាន​ការ​ប្រែប្រួល​ខុស​ពី​មុន សម្ពាធ​ផ្លូវ​ចិត្ត​ក៏​កាន់​តែ​ធ្ងន់។ ហេតុ​នេះ​ហើយ​ ​​មាន​​របស់​មួយ​ចំនួន​ដែល​អ្នក​គួរ​បំភ្លេច​ចោល​ខ្លះ​ ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​បាន​ធូរស្រាល មិន​ខ្ជះខ្ជាយពេលវេលា​​គិត​ប្រយោជន៍ ហើយ​សន្សំ​កម្លាំង​គិត​ពី​រឿង​ល្អៗ​វិញ​។

១. មិត្តទ្រុស្ត​មិត្ត

រូបតំណាង

​​មិត្តភ័ក្ត​​ដែល​​ធ្លាប់​រាប់​អាន​​គ្នា​យូរ​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា ពួក​គេ​គ្មាន​ភាព​ស្មោះ​ត្រង់ បញ្ចេញ​ទង្វើ​មិន​គប្បី​ មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ ដល់​ពេល​គួរ​ផ្តាច់​ទំនាក់​ទំនង​ត្រឹម​ហ្នឹង​ហើយ​។ មនុស្ស​ប្រភេទ​មាន​តែ​ឈ្មោះ​ថា​ជា "មិត្ត”​ ប៉ុន្តែ​ធាតុ​ពិត​ ពួកគេ​គឺ​​ជា ​"សត្រូវ​សម្ងាត់​" ដ៏​គ្រោះ​ថ្នាក់​បំផុត។ ហានិភ័យ​​អាច​​កើត​ឡើង​ចំពោះ​អ្នក​គ្រប់​ពេល​វេលា ប្រសិន​បើ​អ្នក​ធ្វេស​ប្រហែស​តែ​បន្តិច ដូច្នេះ​​មិន​បាច់​ស្ទាក់​ស្ទើរ​ទេ គួរ​បន្ត​មិត្តភាព​ជាមួយ​នរណា​ដែល​អាច​ទុក​ចិត្ត​បាន​គឺ​​គ្រប់​គ្រាន់​ហើយ។

២. ស្នេហា​មិន​ច្បាស់​លាស់

រូបតំណាង

ឈាន​ចូល​ដល់​វ័យ​​ចាស់​ទុំ​ល្មម ដែល​អ្នក​អាច​​បែង​ចែក​រវាង​ស្នេហា​ច្បាស់​លាស់​ឬ​ស្រពិចស្រពិល​។ បើ​យល់​ថា​បុរស​ណា​ម្នាក់ យក​អ្នក​ត្រឹម​​លេង​សើច​ ខ្វះ​ភាព​ជាក់​លាក់ តើ​នៅ​បន្ត​មាន​ន័យ​អ្វី​ទៀត។ មាន​តែ​ការ​ខាត​បង់​ ឈឺ​ចាប់​ ស្តាយ​ក្រោយ​ដែល​ខំ​​ស្មោះស្ម័គ្រ​ ជាមួយ​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​លើ​ការ​លះបង់​របស់​អ្នក។

​​​​​​​៣. សម្តី​ផ្អែម​បង្កប់​ដោយ​ជាតិ​ពុល

រូបតំណាង

មនុស្ស​ដែល​ប៉ិន​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ជាង​ស្ករ មើល​មួយ​ភ្លែត ហាក់​ដូច​ជា​ល្អ​រម្យទម​​គួរឲ្យ​ចង់​រាប់​អាន​ខ្លាំង​ណាស់។ មិន​អាច​ទាយ​ដឹង​បាន​ទេ ព្រោះ​​សម្តី​ផ្អែម​របស់​មនុស្ស​មួយ​ចំនួន គឺ​បង្កប់​ដោយ​ភាព​ពិសពុល​នៅ​ខាង​ក្នុង​។ ទាល់​តែ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ទង្វើ ទើប​​អាច​មើល​ឃើញ​​ពី​ផ្នែក​ខ្មៅ​ងងឹត។ អាច​ជៀស​បាន​គួរ​ជៀស​ឲ្យ​ហើយ​​ ការពារ​​​កុំ​ឲ្យ​ជីវិត​អាប់អួ ដោយ​សារ​មនុស្ស​បែប​នេះ​។

៤. ភាព​ស្មោះ​ត្រង់​ដែល​អ្នក​បាន​ផ្តល់​ទៅ​កាន់​មនុស្ស​ខុស

អារម្មណ៍​ល្អ ភាព​ស្មោះ​ត្រង់​ ដែល​​អ្នក​បាន​ប្រគល់​ឲ្យ​ទៅ​នរណា​ម្នាក់​ហើយ​គឺ​ពិបាក​ទាមទារ​យក​មក​វិញ​ខ្លាំង​ណាស់។ វា​កាន់​តែ​ឈឺ​ចាប់​​នៅ​ពេល​ដែល​អ្នក​ផ្តល់​ឲ្យ​មនុស្ស​ខុស។​ យ៉ាង​ណា​ក៏​មិន​ត្រូវ​អង្គុយ​បន្ទោស​ ទម្លាក់កំហុស​ឲ្យ​ខ្លួន​ឯង​ដែរ។ ទោះ​យក​មក​វិញ​មិន​បាន គួរ​ចាត់​ទុក​ជា​វា​ជា​មេរៀន ដើម្បី​ឲ្យ​អ្នក​ប្រុង​ប្រយ័ត្ន​ មុន​នឹង​ប្រគល់​ក្តី​ស្រលាញ់​​ទៅ​កាន់​នរណា​ម្នាក់​នា​ពេល​អនាគត៕

រូបតំណាង

ចុចអានបន្ត៖ អាន​ហើយ​មាន​កម្លាំង​ចិត្ត! រឿង​​ល្អ ៦​យ៉ាង​ដែល​អ្នក​អាច​​ទទួល​បាន​ពេល​ជួប​រឿង​អាក្រក់​ៗ ​​​​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី