អានហើយមានកម្លាំងចិត្ត! រឿងល្អ ៦យ៉ាងដែលអ្នកអាចទទួលបានពេលជួបរឿងអាក្រក់ៗ
- 2020-04-09 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានហើយមានកម្លាំងចិត្ត! រឿងល្អ ៦យ៉ាងដែលអ្នកអាចទទួលបានពេលជួបរឿងអាក្រក់ៗ
ផ្លូវជីវិតមិនមែនរលោងស្អាតដូចថ្នល់កៅស៊ូនោះទេ ភាគច្រើនគឺតែងតែមានឧបសគ្គ ឡើងចុះ ដែលទាមទារឲ្យមនុស្សយើងម្នាក់ៗត្រូវមានភាពរឹងមាំ ដើម្បីឆ្លងឲ្យផុតមួយដំណាក់កាលៗ។ នៅពេលជួបប្រទះបញ្ហានានា រឿងដំបូងដែលយើងត្រូវធ្វើនោះគឺ ព្យាយាមទទួលស្គាល់ការពិត និងគិតវិជ្ជមានឲ្យបានច្រើន ទើបយើងមានកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានោះបាន។ ក្នុងថ្ងៃនេះដែរ កញ្ញានឹងនាំប្រិយមិត្តមកស្វែងយល់ចំណុចល្អៗដែលយើងអាចទទួលបាននៅពេលជួបស្ថានការណ៍អាក្រក់ចំនួន ៦៖
**១. នៅពេលយំ**
ក្នុងថ្ងៃដែលជួបរឿងអាក្រក់ៗ រឿងដែលធ្វើឲ្យយើងខូចចិត្ត ឬប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ការព្យាយាមធ្វើពុតជារឹងមាំ អាចនឹងកាន់តែធ្វើឲ្យយើងពិបាកលើសដើម ហើយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀត។ អ្នកដែលយំ មិនមែនជាមនុស្សទន់ខ្សោយនោះឡើយ ព្រោះវាជាការអនុញ្ញាតឲ្យរាងកាយអ្នកបានបញ្ចេញទុក្ខសោក តាមរយៈទឹកភ្នែក ហើយក្រោយពេលយំយើងនឹងមានអារម្មណ៍ធូរស្រាលជាងមុន។
២. នៅពេលវង្វេងផ្លូវ
មនុស្សជាច្រើនមានការភ័យខ្លាច នៅពេលធ្វើដំណើរទៅទីកន្លែងថ្មីៗ ដោយមិនហ៊ានទៅម្នាក់ឯង ព្រោះខ្លាចវង្វេងផ្លូវ។ ប៉ុន្តែបើគិតក្នុងផ្លូវវិជ្ជមាន នៅពេលអ្នកវង្វេងផ្លូវ វាជាឱកាសក្នុងការរៀនសូត្រ ព្រោះវាមានន័យថាមានឱកាសស្គាល់កន្លែងថ្មីៗ។ ក្នុងជីវិតពិតក៏ដូចគ្នា ការងារដែលយើងធ្វើខ្លះអាចវាងចេញពីផែនការដែលបានគ្រោងទុកខ្លះ មានវង្វេងខ្លះ តែវាក៏មិនមែនការបង្ហិនពេលវេលានោះដែរ។ ផ្ទុយទៅវិញ វាគឺជាបទពិសោធន៍ ហើយយើងអាចបានជួបផ្លូវជីវិតថ្មីៗដែលយើងមិនធ្លាប់បានជួបពីមុន។
៣. នៅពេលអ្នកត្រូវបោះបង់ឲ្យរស់នៅម្នាក់ឯង
មនុស្សគឺជាកោសិការបស់សង្គម។ យើងទម្លាប់ទៅហើយក្នុងការរស់នៅដែលមានមនុស្សនៅជុំវិញខ្លួន ដែលធ្វើឲ្យអ្នកខ្លះមានភាពភ័យខ្លាចក្នុងការរស់នៅម្នាក់ឯង និងមិនអាចទ្រាំបានបើត្រូវអ្នកដទៃផ្ដាច់ទំនាក់ទំនង។ ប៉ុន្តែការពិត ការប្រើពេលវេលារស់នៅម្នាក់ឯងក៏មានគុណសម្បត្តិរបស់វាដែរ ព្រោះវាធ្វើឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ អាចធ្វើឲ្យយើងមានកម្លាំងជំរុញចិត្តក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំ ព្រមទាំងមានគំនិតថ្មីៗ ព្រោះគ្មានអ្វីមករំខានយើងដូចមុន។
៤. នៅពេលមានអារម្មណ៍ខុសប្លែកពីអ្នកដទៃ
មនុស្សជាច្រើនរស់នៅដោយប្រកាន់ខ្ជាប់ទម្លាប់ដដែលៗ ដោយធ្វើតាមនូវអ្វីដែលអ្នកដទៃប្រាប់ថាល្អ មិនហ៊ានធ្វើអ្វីខុសពីគេ ខ្លាចត្រូវគេសំឡឹងមកថាចម្លែក ខ្លាចមិនត្រូវបានគេទទួលស្គាល់។ ប៉ុន្តែចង់ប្រាប់ថា ការធ្វើជាខ្លួនឯង មិនមែនជារឿងខុសនោះទេ ព្រោះនៅទីបំផុត វាគ្មានអ្វីអាក្រក់ជាងការដែលយើងធ្វើអ្វីខុសពីឆន្ទៈ និងធម្មជាតិខ្លួននោះឡើយ។ ដូច្នេះគួរហ៊ានធ្វើអ្វីប្លែកពីអ្នកដទៃ ហ៊ានធ្វើអ្វីលេចធ្លោ បញ្ចេញសក្តានុពល និងភាពច្នៃប្រឌិតដែលខ្លួនមានពិតប្រាកដចេញមក ដើម្បីពិសោធន៍ឲ្យគ្រប់គ្នាបានដឹងថា អ្នកក៏អាចមានលទ្ធផលល្អដែរ នៅពេលដើរផ្លូវរបស់ខ្លួនឯង។
៥. នៅពេលស្រែក
នៅពេលអ្នកខឹង ស្អប់ ឬក្ដៅចិត្តជាមួយនរណាម្នាក់ខ្លាំង ការចេញទៅរកទីកន្លែងណាមួយស្រែកដើម្បីបញ្ចេញអារម្មណ៍ដែលកកស្ទះ នឹងជួយទាញសតិរបស់អ្នកមកវិញ ហើយនឹងអាចបញ្ចេញការគិតអាក្រក់ៗចេញពីខួរក្បាលអ្នកខ្លះ។ វានឹងផ្ដល់ថាមពលឲ្យអ្នកត្រលប់បន្តដំណើរជីវិតវិញបានកាន់តែប្រសើរ ដោយមិនចាំបាច់ធ្វើបាបអ្នកណា សងសឹកអ្នកណា ហើយក៏មិនបាច់លាក់ទុក្ខតែម្នាក់ឯង។
៦. នៅពេលត្រូវគេរិះគន់ខ្លាំងៗ
កុំរវល់តែកើតទុក្ខ បើមានមនុស្សរិះគន់អ្នកនូវពាក្យធ្ងន់ៗ។ កុំបាក់ទឹកចិត្តនឹងពាក្យមើលងាយរបស់អ្នកដទៃ កុំខឹង ប៉ុន្តែចូរអរគុណគេ ដែលឆ្លុះបញ្ចាំងឲ្យយើងអាចមើលឃើញកំហុសឆ្គងខ្លួនឯង ដែលយើងមិនធ្លាប់មើលឃើញ និងកែលម្អខ្លួនឯងឲ្យកាន់តែល្អជាងមុន។ ចំណែកពាក្យរិះគន់ខ្លះទៀតដែលគ្មានប្រយោជន៍ យើងគួរតែរំលងៗ មិនបាច់យកមកគិតនាំពិបាកចិត្តទេ ៕
ចុចអាន៖