តោះ មកថែស្បែកតាមរូបមន្តបិទម៉ាសធម្មជាតិ កុំឲ្យចាស់តាមពេលវេលា
- 2020-04-06 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ មកថែស្បែកតាមរូបមន្តបិទម៉ាសធម្មជាតិ កុំឲ្យចាស់តាមពេលវេលា
កាន់តែកៀកចូលឆ្នាំខ្មែរហើយ សុភាពនារីទាំងឡាយប្រាកដជាចង់ថែរក្សាសម្រស់ ដើម្បីកុំឲ្យចាស់តាមអាយុមិនខាន។ ប្រាកដហើយ ណាមួយអំឡុងពេលនេះ ហាងស្ប៉ា ហាងសាឡនជាច្រើនក៏បិទទ្វារទៀត ដូច្នេះ កញ្ញា សូមណែនាំវិធីរក្សាផ្ទៃមុខឲ្យផូរផង់បានដោយខ្លួនឯងងាយៗ ដោយអនុវត្តបានពេលនៅផ្ទះ។
**១. ម៉ាសប៉េងប៉ោះ**
គុណសម្បត្តិរបស់ប៉េងប៉ោះ គឺជួយជម្រុះកោសិកាចាស់ៗ ឲ្យស្បែកប្រែជាសខ្ចី មានសុខភាពល្អផងដែរ។ ម្យ៉ាងទៀតវាសម្បូរដោយវីតាមីន C និងអាស៊ីត AHA។
របៀបធ្វើ៖
-ចិតប៉េងប៉ោះជាចំណិតស្តើងៗ -រួចត្រដុសពេញផ្ទៃមុខ -ទុកចោលរហូតទឹកប៉េងប៉ោះជ្រាបចូលស្បែកមុខ -បន្ទាប់មកយកសំឡីជូតមុខ និងលាងទឹកចេញ ហើយម៉ាស្សាមុខថ្នមៗជាការស្រេច។
២. ម៉ាសដំឡូងបារាំង
ក្រៅពីយកធ្វើម្ហូបបានឈ្ងុយឆ្ងាញ់ ដំឡូងក៏ជួយផ្ចិតរន្ធរោមឲ្យតូច និងជួយឲ្យចរន្តឈាមលើផ្ទៃមុខរត់បានស្រួលផងដែរ។
របៀបធ្វើ៖
-ស្រុះដំឡូងឲ្យឆ្អិនល្មមដោយប្រើទឹកក្តៅឧណ្ឌៗ -បន្ទាប់មកកិនវាឲ្យម៉ត់ ។ មុនលាបដំឡូងលើមុខ អ្នកត្រូវលាបគ្រីមឲ្យសព្វមុខសិន -ទុកដំឡូងលើមុខប្រហែល២០នាទី -ក្រោយមក លាងជម្រះទឹក
៣. ម៉ាសចេកនិងទឹកឃ្មុំ
ម៉ាសមួយប្រភេទនេះ ល្អបំផុតសម្រាប់ស្បែកមុខ ដោយសារសារធាតុទាំង២ប្រភេទ ជួយកាត់បន្ថយស្នាមអុជខ្មៅ បំបាត់ជាតិខ្លាញ់លើមុខ ព្រមទាំងជួយឲ្យមុខស និងផ្តល់សុខភាពដល់ស្បែកមុខថែមទៀត។
របៀបធ្វើ៖
-យកចេកណាំវ៉ាមួយផ្លែ ទឹកឃ្មុំមួយស្លាបព្រា ទឹកក្រូចឆ្មាមួយស្លាបព្រា -កិនគ្រឿងផ្សំ៣មុខនេះចូលគ្នា -យកម៉ាសនេះមកលាបលើមុខ និងក -ទុកប្រហែល១៥ -២០ នាទី បន្ទាប់មកលាងទឹកចេញ
៤. ម៉ាសផ្លែប័រ
ផ្លែប័រមិនត្រឹមតែសម្បូរជីវជាតិដល់សុខភាពនោះទេ តែវាក៏ជួយផ្តល់ជីវជាតិដល់ស្បែកឲ្យមានសំណើមនិងផូរផង់ផងដែរ។ វីតាមីន E និងសារធាតុរ៉ែដទៃទៀតជួយដល់កោសិកាស្បែក ដែលសក្ដិសមឥតខ្ចោះសម្រាប់អ្នកមានស្បែកស្ងួត។
របៀបធ្វើ៖
-យកផ្លែប័រមួយចំណិត និងប្រេងអូលីវមូយស្លាបព្រា -កិនគ្រឿងផ្សំទាំង២ចូលគ្នាឲ្យម៉ត់ -លាបមុខប្រហែល ១០ -១៥ បន្ទាប់មកលាងទឹកឲ្យស្អាត
៥. ម៉ាសស៊ុតស
ផ្នែកសរបស់ស៊ុត ជាសារធាតុជួយបន្តឹងរន្ធរោម ហើយវាជាម៉ាសដែលសក្ដិសមចំពោះអ្នកមានស្បែកមុខខ្លាញ់។ វាជួយគ្រប់គ្រងជាតិខ្លាញ់លើមុខ ព្រមទាំងជារនាំងការពារជាតិពុលមិនឲ្យជ្រាបដល់កោសិកាស្បែកមុខ និងផ្ដល់សំណើមផងដែរ។
របៀបធ្វើ៖
-គោះស៊ុតយកតែផ្នែកស -យកមកលាបមុខប្រហែល៣០នាទី រួចលាងទឹកចេញ ជាការស្រេច៕
អានបន្ត៖ តិចនិកកោរ និងគូរចិញ្ចើមឲ្យបានស្អាត ត្រឹមត្រូវតាមទម្រង់មុខ