តិចនិក​កោរ និង​គូរ​ចិញ្ចើម​ឲ្យ​បាន​ស្អាត ​ត្រឹម​ត្រូវ​តាម​ទម្រង់​មុខ

  • 2020-04-02 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចិញ្ចើម​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​សម្រាប់​ផ្ទៃ​មុខ​របស់​យើង ដែល​អាច​និយាយ​បាន​ថា​ពេល​ខ្លះ​មិន​ចាំបាច់​ផាត់​មុខ ឲ្យ​តែ​គូរ​ចិញ្ចើម​ឲ្យ​បាន​ស្អាត ក៏​មើល​ទៅ​គ្រាន់​បើ​ដែរ ហើយ​បើ​គូរ​​ឲ្យ​ស៊ី​គ្នា​នឹង​ទម្រង់​មុខ​ទៀត ក៏​រឹត​តែ​មើល​ទៅ​ស្រស់​ស្អាត។ ប្រិយមិត្ត​​ជា​ច្រើន​​ប្រហែល​​ត្រូវ​ពឹង​​ជាង​ផាត់​មុខ​គ្រប់​ពេល​ដើម្បី​​កោរ និង​គូរ​ចិញ្ចើម​នេះ ដោយ​មិន​ហ៊ាន​ធ្វើ​ខ្លួន​ឯង​ខ្លាច​ខូច។ ប៉ុន្តែ​ប្រសិន​បើ​មិន​ចង់​ចំណាយ​ពេល ចំណាយ​លុយ​ទៅ​ហាង ក៏​បាន​ដែរ ដោយ​ថ្ងៃ​នេះ Kanha នឹង​បង្ហាញ​ពី​របៀប​កោរ​ចិញ្ចើម និង​គូរ​ចិញ្ចើម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទម្រង់​មុខ ដែល​​ប្រិយមិត្ត​អាច​យក​ទៅ​អនុវត្ត​សាក​ល្បង​បាន​ដោយ​ខ្លួន​ឯង។  

ជ្រើស​រើស​ម៉ូដ​ចិញ្ចើម​ តាម​ទម្រង់​មុខ៖

១. មុខ​រាង​ពង​ក្រពើ

អ្នក​ដែល​មាន​ទម្រង់​បែប​នេះ​ចាត់​ទុក​ថា​មាន​សំណាង​ ព្រោះ​អាច​ធ្វើ​សក់​ម៉ូដ​អ្វី​ក៏​មើល​ទៅ​ស្អាត ហើយ​ចិញ្ចើ​ម​ក៏​ដូច​គ្នា។ ប៉ុន្តែ​បើ​ចង់​ឲ្យសក្ដិសម​បំផុត គឺ​គួរ​ជ្រើស​រើស​ម៉ូដ​ចិញ្ចើម​រាង​កោង​បន្តិច ​ឲ្យ​មើល​ទៅ​បែប​ធម្មជាតិ។  

២. ទម្រង់​មុខ​វែង

ម៉ូដ​​ចិញ្ចើម​ដែល​ត្រូវ​បំផុត​ជាមួយ​ទម្រង់​មុខ​នេះ គឺ​ម៉ូដ​ត្រង់​ៗ ដែល​អាច​ឲ្យ​មុខ​យើង​មើល​ទៅ​មាន Balance ម្យ៉ាង​ងាយ​គូរ​បំផុត។

៣. ទម្រង់​មុខ​មូល

​​អ្នក​មាន​មុខ​មូល ថ្ពាល់​ច្រើន​ គួរ​ជ្រើស​រើស​ចិញ្ចើម​រាង​កោង​ល្មម​ៗ នោះ​នឹង​ជួយ​ឲ្យ​មុខ​មើល​ទៅ​ស្រួច​បន្តិច​ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​គូរ​កោង​ពេក​ព្រោះ​អាច​ធ្វើ​ឲ្យ​មុខ​យើង​មើល​ទៅ​កាន់​តែមូល។

៤. ទម្រង់​មុខ​រាង​បេះដូង

បើ​អ្នក​មាន​ទម្រង់​មុខ​រាង​បេះដូង​នោះ​មាន​ន័យ​ថា​អ្នក​មាន​ចង្កា​ស្រួច ដូច្នេះ​ដើម្បី​ឲ្យ​​មុខ​មើល​ទៅ​ស្រួច​ពេក​ អ្នក​អាច​ជ្រើសរើស​គូរ​ចិញ្ចើម​​រាង​កោង​ ហើយ​បើ​ចង់​បាន​មុខ​រាង​វែង​បន្តិច អាច​គូរ​ឲ្យ​កោង​ខ្លាំង​បន្តិច។

៥. ទម្រង់​មុខ​ជ្រុង ថ្គាម​ខ្លា

ចិញ្ចើម​ដែល​ត្រូវ​នឹង​ទម្រង់​មុខ​បែប​នេះ គឺ​ចិញ្ចើម​កោង​ដែល​រាង​ក្រាស់​បន្តិច។

៦. ទម្រង់​មុខ​រាង​គ្រាប់​ពេជ្រ

ទម្រង់​មុខ​បែប​នេះ​គឺ​មាន​ន័យ​ថា​មាន​ឆ្អឹង​ថ្ពាល់​ធំ​បន្តិច ដូច្នេះចិញ្ចើម​រាង​កោង​គឺ​សក្ដិសម​បំផុត។

  វិធី​កោរ​ចិញ្ចើម​ដោយ​ខ្លួន​ឯង

ឧបករណ៍​ដែល​ត្រូវ​មាន

• កាំបិត ឬឡាមកោរ

• ជក់ផាត់ចិញ្ចើម

• កន្ត្រៃសម្រាប់តម្រឹមចិញ្ចើម

#1. ចាប់​ផ្ដើម​ដំបូង ដោយ​ការ​គូរ​ទម្រង់​ចិញ្ចើម​ដែល​យើង​ចង់​បាន​ដោយ​ប្រើ​ខ្មៅ​ដៃ​គូរ​ចិញ្ចើម

#2. ចាប់​ផ្ដើម​កោរ​ចិញ្ចើម​ម្ដង​​មួយ​ផ្នែក​ៗ ចាប់​ផ្ដើម​ពី​ខាង​លើ ទៅ​កន្ទុយ​ចិញ្ចើម និង​ខាង​ក្រោម​តាម​លំដាប់។ ដំណាក់​កាល​នេះ​ត្រូវ​ប្រយ័ត្ន ចៀសវាង​កោរ​ប្រញាប់​ៗ​អាច​នាំ​ឲ្យ​ខូច។

#3. បន្ទាប់​មក​យើង​អាច​យក​ជក់​ និង​ក្រាស់​ មក​សិត​ចិញ្ចើម​ឲ្យ​ឃើញ​រោម​ចិញ្ចើម​វែង​ល្អ ហើយ​រោម​ណា​ដែល​វែង​ហួស​គំនូស​​ យើង​អាច​ប្រើ​កន្ត្រៃ​តម្រឹម។

#4. អាច​សារ៉េ​ផ្នែក​ខាង​លើ​បន្តិច​ដើម្បី​ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត។

#5. ចុង​ក្រោយ​ក៏​យក​ខ្មៅ​ដៃ​មក​គូរ​តាម​ចិញ្ចើម​ដែល​កោរ​ហើយ នោះ​ជា​ការ​ស្រេច ៕

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម