គន្លឹះសំខាន់ៗ ដើម្បីជួយសង្រោ្គះខ្លួនឯងចេញពីអារម្មណ៍ច្របូកច្របល់ ក្នុងពេលស្ថានភាពកំពុងតឹងតែងខ្លាំង

  • 2020-04-02 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​​គួរ​គ្រប់​គ្រង​អារម្មណ៍​​ច្របូក​ច្របល់​បែប​ណា​​ទៅ ក្នុង​អំឡុង​​ពេល​​ស្ថាន​ភាព​ដ៏​តឹងតែង ​ដែល​​ជំងឺ​កូវីដ​១៩​ កំពុង​តែ​បន្ត​រាល​ដាល​ ធ្វើ​ឲ្យ​ជីវិត​ប្រចាំថ្ងៃ​មាន​ការ​ប្រែប្រួល​បែប​នេះ​? ​

មុន​នឹង​ចូល​ដល់​គន្លឹះ​សំខាន់ៗ​ មាន​៣​ចំណុច​​ដែល​អ្នក​ត្រូវ​ចាំ​ទុក​៖ ប​ង្កើន​ភាព​រឹង​មាំ ពង្រឹង​ការ​ផ្តោត​អារម្មណ៍ និង​បន្ត​ក្តី​សង្ឃឹម។

ការ​ផ្លាស់​ប្តូរ​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​ ការ​សំងំ​នៅ​ក្នុង​ផ្ទះ​ច្រើន មិន​​បាន​ជួប​ជុំ​ដូច​កាល​ពី​មុន អាច​នាំ​មក​នូវ​ភាព​ធុញ​ថប់​ស្មុគស្មាញ កើត​ទុក្ខ​ដោយ​មិន​ដឹង​ខ្លួន។ យូរៗ​ទៅ​សុខភាព​ក៏​ចុះ​អន់​ថយ កិច្ចការ​ផ្សេងៗ​ក៏​​មិន​​​រីក​ចម្រើន​ថែម​ទៀត។

រហូត​ដល់​មាន​ពេល​ខ្លះ​​បាន​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា៖

"មិន​គួរ​ណា​មក​ពិបាក​ចិត្ត​ពេក​ទេ ព្រោះ​ក្នុង​ស្ថានភាព​បែប​នេះ នរណា​ៗ​ក៏​ជួប​ការ​លំបាក​​ដូចតែ​គ្នា​ដែរ។"

"ពិត​ជា​ធុញ​នឹង​ខ្លួន​ឯង​ណាស់ ហេតុ​អី​ពិបាក​​ផ្តោត​អារម្មណ៍​លើ​ការងារ​ម្ល៉េះ?"

"ហេតុ​អ្វី​មិន​ព្រម​​ធ្វើ​អ្វី​​​មួយ? ​រឿង​មាន​ប្រយោជន៍​ច្រើន​ណាស់ ដែល​ខ្ញុំ​មិន​ទាន់​បាន​ធ្វើ។"

ដើម្បី​អាច​គ្រប់គ្រង​អារម្មណ៍​ឲ្យ​នឹងន ជួយ​សង្គ្រោះ​ខ្លួន​ឯង​ចេញ​ពី​ស្ថានភាព​ដ៏​តឹង​តែង​ គួរ​ដឹង​​ពី​​គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​ចិត្ត​គំនិត​ឲ្យ​លូត​លាស់​រីក​ច្រើន​ ទោះ​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​​ណា​ក៏​ដោយ​។

ការ​គិត​បារម្ភ​ពី​រឿង​ផ្សេងៗ​មិន​មែន​ជា​ភាព​ទន់​ខ្សោយ ប៉ុន្តែ​ជា​ការ​ប្រុង​ប្រយ័ត្ន​ដាស់​សតិ​ខ្លួន​ឯង ​ កុំ​ក្បត់​នឹង​អារម្មណ៍​ខ្លួន​ឯង​ ហ៊ាន​ទទួល​ស្គាល់​ប្រសិន​​បើ​អ្នក​ចូល​ចិត្ត​គិត​បារម្ភ​ពី​នេះ​ពី​នោះ ​ព្រោះ​វា​មិន​មែន​បញ្ជាក់​ពី​ភាព​ទន់​ខ្សោយ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចេះ​ប្រុង​ប្រយ័ត្ន​បាន​ល្អ​។ អនុញ្ញាត​ឲ្យ​ខួរក្បាល​ខ្វល់​ខ្វាយ​​​ខ្លះ​ក៏​មិន​អី​ដែរ តែ​​ត្រូវ​ចេះ​​ទាញ​​មក​វិញ ដរាប​ណា​វា​ហួស​ព្រំ​ដែន​ខ្លាំង​ពេក។ បើក​ចិត្ត​ឲ្យ​ទូ​លាយ​ចំពោះ​​ខ្លួន​​ឯង អ្នក​ដទៃ រួម​ទាំង​បញ្ហា​នានា ទើប​​​​​​​​អាច​តតាំង​ជាមួយ​នឹង​ឧបសគ្គ​​​ដែល​កំពុង​កើត​មាន​នៅ​ចំពោះ​មុខ។

កំណត់​ការ​គិត​មិន​ឲ្យ​លើស​កម្រិត

ពេល​ដែល​​​អារម្មណ៍​ដក់​ជាប់​ជាមួយ​នឹង​​ភាព​ភ័យ​ខ្លាច ប្រៀប​បាន​ដូច​ជា​ការ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​រសាត់​អណ្តែត​គ្មាន​ទិស​ដៅ។ ជួល​កាល​ចង់​បញ្ឈប់​ដែរ តែ​មិន​ហាម​ឃាត់​បាន​ ព្រោះ​គំនិត​អវិជ្ជមាន បាន​វាយ​ប្រហារ​ គ្រប​ដណ្តប់​ជិត​ឈឹង។ ត្រូវ​ចេះ​ថ្លឹង​ថ្លែង​កំណត់​ការ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ។ ស្វែង​យល់​ពី​រឿង​ដែល​គួរ​បារម្ភ​ និង​រឿង​ដែល​គួរ​បោះ​ចោល​។ បណ្ដុះ​គំនិត​វិជ្ជមាន គិត​អ្វី​ល្អៗ ដើម្បី​យក​ឈ្នះ​រឿង​អាក្រក់​ៗ។

រស់​ក្នុង​បច្ចុប្បន្នកាល

បញ្ហា​ដែល​មិន​ទាន់​កើត​ឡើង មិន​គួរ​ខ្វាយ​ខ្វល់​លើសលប់​ពេក​​ទេ ត្រូវ​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​​​ដោយ​សន្តិភាព​ផ្លូវ​ចិត្ត តាម​វិធី​ទាំង​នេះ៖

  • តាំង​អារម្មណ៍​ឲ្យ​ស្ងប់

  • ដក​​ដង្ហើម​​ចេញ​ចូល​ឲ្យ​បាន​វែង​ៗ

  • រៀន​ញញឹម​ឲ្យ​បាន​ច្រើន​

  • ព្យាយាម​បញ្ចប់​កិច្ចការ​ចាំ​បាច់​ឲ្យ​ទាន់​ពេល​វេលា​។

ហ្វឹក​ហាត់​តាម​គន្លឹះ​ខ្លី​ៗ​ជា​ប្រចាំ នោះ​ចិត្ត​គំនិត​​របស់​អ្នក​នឹង​អាច​វិវត្ត​ទៅ​រក​ ភាព​ល្អ​ប្រសើរ​បន្តិច​ម្តងៗ៕

ចុចអានបន្ត៖ ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព​​

ប្រភព៖ inc ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម