កាហ្វេ​លាយ​​ក្រូច​ឆ្មា ជា​រូបមន្ត​ដ៏​ប្រសើរ​មួយ​សម្រាប់​សុខភាព មែន​​ឬ​មិន​មែន?

  • 2020-03-31 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាហ្វេ​ និង​ ក្រូច​ឆ្មាគឺ​ជា​គ្រឿង​ផ្សំ​ពីរ​មុខ​ដែល​ងាយ​នឹង​រក​នៅ​តាម​ផ្ទះ ព្រោះ​សុទ្ធ​សឹង​ជា​របស់​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។ កាហ្វេ ជា​ភេសជ្ជៈ​ដែល​មនុស្ស​ភាគ​ច្រើន​និយម​ទទួលទាន​ ជាពិសេស​នៅ​ពេល​ព្រឹក​ ដើម្បី​ដាស់​ស្មារតី​របស់​ពួក​គេ​ឲ្យ​ស្វាង​ពី​ការ​ងងុយ និង យក​ចិត្ត​ទុកដាក់​លើ​កិច្ចការ​​ដែល​ត្រូវ​បំពេញ។ រី​ឯ​ក្រូច​ឆ្មា គឺ​ជា​ប្រភព​នៃ​ជាតិ​ វីតាមីន C ដែល​មិន​ត្រឹម​តែ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ផ្ទះ​បាយ វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ចម្រាញ់​ជា​ផលិតផល​ឱសថ​នានា​ផង​ដែរ។

រូបតំណាង

ឥឡូវ មក​ដឹង​ពី​ការ​បកស្រាយ​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព ដើម្បី​ដឹង​ថា​ គុណប្រយោជន៍ទាំង៤ ខាង​ក្រោម ពិត​ជា​បណ្ដាល​មក​ពី​ការ​ផឹក​កាហ្វេ​លាយ​ក្រូចឆ្មារ មែន ឬ មិន​មែន។​

១. ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល

អ្នក​ស្រាវ​ជ្រាវ​បាន​បកស្រាយថា គ្មាន​ការ​អះអាង​ណា​មួយ​ដែល​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​លាយ​ក្រូចឆ្មា គឺ​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​នោះ​ទេ ព្រោះថា​ជាតិ​កាហ្វេ​អុីន​នៅ​ក្នុង​កាហ្វេ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៃ​ស្មារតី​របស់​មនុស្ស​មួយ​ចំនួន តែ​វា​ក៏​អាច​ធ្វើ​ពួក​គេ​មាន​អាការៈ​ឈឺក្បាល​ដែរ។ ដូច្នេះ ការ​លាយ​ក្រូច​ឆ្មា​ចូល​កាហ្វេ មិន​មែន​ជា​រូបមន្ត​បំបាត់​ការ​ឈឺក្បាល​នោះ​ទេ។

រូបតំណាង

២. ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ

​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​អាច​ធ្វើ​​ឲ្យ​អ្នក​សម្រក​ទម្ងន់ ដោយ​វា​មាន​តួនាទី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ និង​ ការ​ដុត​រំលាយ​កាឡូរី​ក្នុង​រាង​កាយ​។ ដូច្នេះ បើ​តាម​អ្នក​ជំនាញ ការ​ផឹក​កាហ្វេ​តែ​មួយ​មុខ​ក៏​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​លទ្ធផល​គាប់​នេះ​ចិត្ត​ដែរ មិន​ចាំ​បាច់​តែ​លាយ​ជាមួយ​ក្រូចឆ្មានោះ​ទេ។​

៣. ជួយ​បំបាត់​អាការៈ​រាគរូស

ចំណុច​នេះ ក៏​ដូច​គ្នា​ដែរ គឺ​គ្មាន​ការ​អះអាង​ដែល​អាច​សន្មត​ថា​​កាហ្វេ​ក្រូចឆ្មាពិត​ជា​អាច​ជួយ​សម្រួល​ដល់​ការ​រាគរូស​ឡើយ។ អ្នក​ជំនាញ​បាន​បន្ត​ទៀត​ថា ជាតិ​កាហ្វេអុីន​នៅ​ក្នុង​កាហ្វេ​អាច នឹង​ធ្វើ​ឲ្យ​អាការៈ​រាគរូស​នោះ​ធ្ងន់ធ្ងរ​លើស​ដើម។

រូបតំណាង

៤. ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត

កាហ្វេ​ត្រូវ​បាន​រក​ឃើញ​ថា ជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​ស្អាត​ និង ជួយ​បំពេញ​ជីវជាតិ​ដល់​ស្រទាប់​ស្បែក។ រីឯ​ជាតិ​វីតាមីន C នៅ​ក្នុង​ក្រូចឆ្មាអាច​ជួយ​សម្រួល​ដល់​ផលិត​ខូឡាជែន ដែល​ជួយ​ឲ្យ​ស្បែក​រឹងមាំ តឹងណែន និង កាត់​បន្ថយ​ការ​ខូចខាត​នៃ​ស្បែក​ដែល​បណ្ដាល​មក​ពី​ការ​ប៉ះ​ត្រូវ​ពន្លឺថ្ងៃ​។ ថ្វី​ដ្បិត​តែ ទាំង​ពីរ​មុខ​នេះ​សុទ្ធ​តែ​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ស្បែក ក៏​ប៉ុន្ដែ​អ្នក​ជំនាញ​បាន​ធ្វើ​ការ​ណែ​នាំ​ឲ្យ​ធ្វើ​ការ​ពិសារ​វា​ដាច់​ដោយ​ឡែក​ពី​គ្នា។

ដូច្នេះ យោងតាមការបកស្រាយរបស់អ្នកជំនាញផ្នែកសុខភាព ការផឹកកាហ្វេលាយនឹងក្រូចឆ្មា គឺមិនមែនជាភេសជ្ជៈសុខភាពដែលមានការអះអាងត្រឹមត្រូវពីអត្ថប្រយោជន៍របស់វាឡើយ៕

រូបតំណាង

ចុចអានបន្ត៖ ៨ វិធីជួយបង្កើនប្រព័ន្ធសុំាឲ្យរឹងមាំប្រឆាំងនឹង COVID-19

ប្រភព៖ healthline ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម
អត្ថបទថ្មី