គួរដឹង! វិធីពាក់ម៉ាសឲ្យត្រូវក្បួនសុខភាព ខណៈ COVID-19 កំពុងរីករាលដាល
- 2020-03-17 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! វិធីពាក់ម៉ាសឲ្យត្រូវក្បួនសុខភាព ខណៈ COVID-19 កំពុងរីករាលដាល
ក្រោយពីមានលេចឡើងនូវវត្តមាននៃ COVID-19 នៅតាមបណ្តាប្រទេសជុំវិញពិភពលោក សរុបចំនួន ១៦២ ប្រទេសរួមទាំងតំបន់ (គិតត្រឹមថ្ងៃទី ១៧ ខែមីនា) ដែលក្នុងនោះរួមមានកម្ពុជា ២៤ ករណីផងដែរនោះ ធ្វើឱ្យប្រជាពលរដ្ឋនាំគ្នារួសរាន់សម្រុកទិញម៉ាសនៅគ្រប់ឱសថស្ថាន និង តាមផ្សារទំនើបនានា ដើម្បីការពារខ្លួនពីជំងឺរលាកសួតកាចសាហាវដែលបង្កឡើងដោយ COVID-19 នេះ។
ស្របពេលនេះផងដែរ ក៏មានការជជែកវែកញែក ចង់ដឹងចង់ឮ ពីរបៀបប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ និង ជាក់លាក់មួយពិតប្រាកដ។
ដើម្បីធ្វើការលុបបំបាត់នូវទុក្ខកង្វល់ និង ការព្រួយបារម្ភពីសំណាក់មហាជន លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចេញជាវីដេអូមួយ ដោយរៀបរាប់យ៉ាងក្បោះក្បាយ ពីគន្លឹះការពារខ្លួនពីជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណានោះផងដែរ ដោយក្នុងនោះលោកក៏បានបញ្ជាក់ដែរថា ប្រភេទម៉ាសធម្មតាដែលភាគច្រើនត្រូវបានក្រុមគ្រូពេទ្យ និង អ្នកជំនាញពាក់គឺពិតជាមានគុណសម្បតិ្តគ្រប់គ្រាន់ក្នុងការជួយការពារ និង ទប់ស្កាត់ពីការឆ្លងវីរុសប្រភេទថ្មីនេះ ពោលគឺមិនបាច់ប្រើប្រាស់ម៉ាសច្រើនប្រភេទពេកនោះទេ។
គួរបញ្ជាក់ផងដែរថា លោក ឧកញ៉ា វេជ្ជបណ្ឌិតបានធ្វើការរៀបរាប់យ៉ាងលម្អិតពីរបៀបពាក់ម៉ាសប្រភេទធម្មតានេះ ដែលក្នុងនោះមានបែកចែកជា ២ លក្ខខណ្ឌ៖
១. សម្រាប់អ្នកឈឺ៖ បើអ្នកឈឺផ្តាសាយ ឬ មានផ្ទុកជំងឺនានា ហើយមិនចង់ចម្លងទៅអ្នកដទៃ អ្នកត្រូវពាក់ផ្នែកដែលមានផ្ទៃពណ៌ បែរចេញទៅក្រៅ ហើយផ្នែកដែលគ្មានពណ៌បែរចូលទៅក្នុង (បែរទៅមុខអ្នក) ធ្វើយ៉ាងណាឱ្យម៉ាសបិទបាំងផ្នែកច្រមុះ មាត់ និង ចង្កា ដើម្បីការពារមិនឱ្យមានការខ្ជាយទឹកមាត់ ឬ ចំហាយនៃផ្លូវដង្ហើមរបស់អ្នកប៉ះពាល់ទៅដល់អ្នកដទៃដែលអ្នកជិតអ្នក។ គួរបញ្ជាក់ផងដែរថា នៅពេលអ្នកកណ្តាសម្តងៗ ទឹកមាត់ដែលខ្ជាយចេញពីមាត់ អាចខ្ទាតរហូតទៅដល់ចម្ងាយ ៤ម៉ែត្រ ឯណ្ណោះ ដូច្នេះហើយដើម្បីចៀសវាងការចម្លងវីរុសគ្រប់ប្រភេទទៅកាន់អ្នកដទៃ គប្បីប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ។
២. សម្រាប់អ្នកមិនឈឺ៖ ប្រសិនជាអ្នកគ្មានផ្ទុកនូវជំងឺណាមួយ ហើយ គ្រាន់ចង់ការពារខ្លួនពីការឆ្លងវីរុស ឬ បាក់តេរីនានាពីអ្នកដទៃ អ្នកគប្បីពាក់ម៉ាសដែលផ្នែកដែលមានផ្ទៃពណ៌បែរទៅក្នុង (បែរទៅមុខអ្នក) ហើយ ផ្ទៃដែលគ្មានពណ៌បែរចេញមកខាងក្រៅ ដើម្បីទប់ស្កាត់មិនឱ្យមានមេរោគភាយចូលបាន។
យ៉ាងណាមិញ ទោះជាការប្រើប្រាស់ម៉ាសគឺជាវិធីបង្ការមួយដ៏ល្អនៃការឆ្លងវីរុសក្តី តែលោក វេជ្ជបណ្ឌិតក៏បានលើកទឹកចិត្ត ពលរដ្ឋគ្រប់គ្នាឱ្យរស់នៅស្អាត និង ហូបចុកស្អាតពោលគឺយកចិត្តទុកដាក់ទៅលើផ្នែកអនាម័យជាចម្បងទើបល្អប្រសើរ។
លើសពីនេះលោកក៏បានធ្វើការផ្តែផ្តាំទៅកាន់សំណាក់មហាជនកុំឱ្យមានការស្លន់ស្លោ និង ជ្រួលច្របល់ខ្លាំងពេកអំពីបញ្ហានេះ ចៀសវាងការបាក់ទឹកចិត្ត និង ការគេងមិនបានគ្រប់គ្រាន់ ដែលសុទ្ធសឹងជាកត្តាដែលអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយមុនមេរោគឈានចូលរាងកាយទៅទៀត។
ដូច្នេះ បើយោងតាមសម្តីរបស់លោក វេជ្ជបណ្ឌិត ត្រឹមតែការអនុវត្តតាមវិធីបង្ការដែលក្រសួងសុខាភិបាលបានអំពាវនាវជូនប្រជាជន គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ភ័យខ្លាចពេក នាំឱ្យខាតបង់សុខភាពរបស់ខ្លួនវិញនោះទេ៕
ចុចអានបន្ត៖ វិធី ៥ យ៉ាងសំខាន់ៗ ការពារកុមារពីមេរោគគ្រប់ប្រភេទ ប៉ាម៉ាក់គួរយល់ដឹង
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព