វិធីបង្ការនៃការឆ្លង Covid-19 សម្រាប់ស្រ្តីកំពុងពពោះ និង បំបៅដោះ
- 2020-03-14 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបង្ការនៃការឆ្លង Covid-19 សម្រាប់ស្រ្តីកំពុងពពោះ និង បំបៅដោះ
ខណៈកំពុងមានការរាតត្បាតនៃជំងឺ Covid-19 ដែលជាប្រភេទជំងឺរលាកសួតថ្មីដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដង្ហើម ទឹកមាត់ និង ការប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់នោះ បានធ្វើឱ្យលេចឡើងនូវការព្រួយបារម្ភ ព្រមទាំងឈានដល់មានការស្លន់ស្លោពីសំណាក់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
ក្នុងនោះផងដែរ ស្រី្តពពោះ ឬ កំពុងបំបៅកូន មិនគួរមានការភ័យខ្លាច ឬ បារម្ភច្រើនពេកឡើយទាក់ទងនឹងបញ្ហានេះ ចៀសវាងការគិតច្រើន ឬ គេងមិនលក់ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក និង កាន់តែធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ទោះជាយ៉ាងណា អ្នកជំនាញបានធ្វើការណែនាំឱ្យស្រ្តីពពោះ ឬ កំពុងបំបៅដោះឱ្យព្យាយាមអនុវត្តនូវវិធីសាស្ត្រការពារខ្លួនពីជំងឺ **Covid-19** ដែលកំពុងមានការរីករាលដាលនេះដែលក្នុងនោះរួមមាន៖
ធ្វើការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូឱ្យបានយ៉ាងតិច ២០វិនាទី ជាពិសេសមុនពេលបរិភោគ ក្រោយពេលកណ្ដាស់ ឬ ក្រោយពេលចេញពីបន្ទប់ទឹក ។
ធ្វើការសម្អាតដៃដោយប្រើជែលលាងដៃស្ងួត ឬ ទឹកអាកុលពេលអ្នកធ្វើដំណើរ
ឧស្សាហ៍សម្អាតផ្ទៃខាងលើនៃរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលក្នុងនោះមានទូរសព្ទដៃជាដើម
ចៀសវាងប្រើប្រាស់សម្ភារៈរួមនានាតាមទីប្រជុំជន ឬ ទីសាធារណៈ
ចូរកណ្តាស់ដោយធ្វើការយកកែងដៃ ឬ ក្រដាសខ្ទប់ ចៀសវាងការប្រើប្រាស់បាតដៃផ្ទាល់
ចៀសវាងការប៉ះពាល់ ឬ ប្រើនូវសម្ភារៈរួមជាមួយអ្នកដែលមានអាការៈឈឺផ្ដាសាយ ក្អក ឬ ឧស្សាហ៍កណ្តាស់ជាដើម
បើមានអាការៈផ្តាសាយ ទោះតិចតួចក្តី គួរទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឬ អ្នកជំនាញ។
ក្រៅពីវិធីបង្ការដែលណែនាំដោយក្រុមអ្នកជំនាញខាងលើ ស្រ្តីមានផ្ទៃពោះ ឬ កំពុងបំបៅកូនគប្បីកុំចេញទៅកន្លែងដែលមានមនុស្សច្រើនកកកុញ បើគ្មានកិច្ចការសំខាន់ ឬ កុំទាន់ធ្វើដំណើរទៅក្រៅប្រទេសនៅក្នុងអំឡុងពេលនេះ ជាពិសេសបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងការរាតត្បាតខ្លាំង៕
ចុចអានបន្ត៖ វិធី ៥ យ៉ាងសំខាន់ៗ ការពារកុមារពីមេរោគគ្រប់ប្រភេទ ប៉ាម៉ាក់គួរយល់ដឹង