អាហារ ៤ ប្រភេទ នារីមិនគួរបរិភោគ ដើម្បីចៀសវាងបញ្ហាមុខមុន
- 2020-03-10 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៤ ប្រភេទ នារីមិនគួរបរិភោគ ដើម្បីចៀសវាងបញ្ហាមុខមុន
បញ្ហាស្បែកមុខគឺជារឿងគួរឱ្យរំខានខ្លាំងណាស់ ជាពិសេសបញ្ហាមុខមុនដែលឧស្សាហ៍កើតមានឡើង។ បញ្ហាមុខមុននេះអាចធ្វើឱ្យបុគ្គលគ្រប់រូបបាត់បង់នូវទំនុកចិត្តរបស់ខ្លួន ជាពិសេសសម្រាប់នារី។ ពេលខ្លះបញ្ហានេះបណ្តាលមកពីការប្រើប្រាស់នូវផលិតផលដែលមិនត្រូវនឹងស្បែកមុខ ឬ វាអាចបណ្តាលមកពីអាហារដែលអ្នកបរិភោគ។ ដូចនេះ របបអាហារមានសារៈសំខាន់ណាស់ មិនថាសម្រាប់សុខភាពរាងកាយ ឬ ស្បែក។ ដើម្បីជៀសវាងនូវបញ្ហាមុខមុន អ្នកគួររំលងប្រភេទអាហារទាំង ៤ ក្នុងរបបអាហារប្រចាំថ្ងៃ៖
១. បង្អែម
ពិតណាស់ នរណាក៏ចូលចិត្តបង្អែមដែរព្រោះថាមិនត្រឹមតែមានរសជាតិឆ្ងាញ់ជាប់មាត់នោះវាក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍រីករាយក្រោយពេលញុំាដែរ។ យ៉ាងណាមិញ របស់ដែលមានរសជាតិឆ្ងាញ់នេះក៏មានគុណវិបត្តិរបស់វាដែរ។ ពេលជាតិស្ករនៅក្នុងបង្អែមជ្រាបចូលទៅក្នុងខ្លួន វានឹងបម្លែងខ្លួនទៅជាអាស៊ីតរហូតដល់មានការពកឡើងនៃផ្នែកមួយចំនួននៃស្រទាប់ស្បែកដែលហៅថាមុន។ ដូច្នេះ បើអ្នកមិនចង់ជួបប្រទះនូវបញ្ហាស្បែកមុខនេះ គួររំលងបង្អែមចោលខ្លះទៅ។
២. ប្រភេទអាហារចៀន ឬ បំពង
ក្រៅពីបង្អែម អាហារដែលអ្នកគួរចៀសវាងដែរនោះគឺ ប្រភេទអាហារបំពង។ ពិតថាប្រភេទអាហារទាំងនេះសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ក៏ប៉ុន្តែមិនត្រឹមតែមិនល្អសម្រាប់សុខភាពរាងកាយ វាក៏អាចបង្កជាបញ្ហាស្បែកមុខបានយ៉ាងឆាប់រហ័សផងដែរ។ ដូចដែលអ្នកបានដឹងស្រាប់ហើយ ប្រភេទអាហារបំពងនេះគឺសម្បូរទៅដោយជាតិខ្លាញ់ ឬ ប្រេង ដែលមានផ្ទុកអាស៊ីតខ្លាញ់ធ្វើឱ្យមានការកកើតនៃមុននៅលើស្បែក ព្រមទាំងធ្វើឱ្យអ្នកធាត់ដោយមិនដឹងខ្លួន។
៣. ទឹកដោះគោ
សម្រាប់អ្នកចូលចិត្តទទួលទាននូវទឹកដោះគោជាប្រចាំ គួរណាតែយល់ដឹងពីកម្រិត និង បរិមាណដែលអ្នកគួរផឹក ឬ សម្រាប់អ្នកដែលមានបញ្ហាស្បែកមុខស្រាប់ គួរតែឈប់ផឹកវាមួយរយៈសិន។ ទឹកដោះគោមានផ្ទុកអរម៉ូនដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការលឿនជាងមុន ហើយអាចបង្កើតជាជាតិខ្លាញ់នៅលើស្រទាប់ស្បែកដែលបង្កជាមុនផងដែរ។ ដូច្នេះ យកល្អអ្នកគួរទទួលទានទឹកដោះគោក្នុងកម្រិតសមស្រប ឬ ដូរទៅទទួលទានទឹកសណ្ដែកវិញក៏ជាការល្អ។
៤. ប្រភេទគ្រឿងស្រវឹង
សម្រាប់យុវវ័យដែលចូលចិត្តជប់លៀង គួរតែយកចិត្តទុកដាក់លើកម្រិតគ្រឿងស្រវឹងដែលអ្នកទទួលទាន ព្រោះជាតិសុរាធ្វើឱ្យរាងកាយរបស់ខ្វះជាតិទឹករហូតដល់ស្បែកមុខឡើងខ្លាញ់ និង អាចបង្កជាមុខមុនផងដែរ។ ដូច្នេះ បើអ្នកមិនចង់ឱ្យមានបញ្ហាស្បែកមុខកើតឡើងទេ គួរតែកាត់បន្ថយ ឬ ផ្តាច់ចោលការផឹកគ្រឿងស្រវឹងមួយរយៈ៕
ចុចអានបន្ត៖ ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ