ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ
- 2020-03-04 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ
ស្បែកមុខម៉ដ្ឋរលោង ក្មេងបានយូរជាក្តិប្រាថ្នារបស់មិត្តៗនារីជាច្រើន។ ចំណែកឯការលាងមុខវិញ ជាដំណាក់កាលសំខាន់ និងដំបូងបង្អស់ ដើម្បីលាងសម្អាតនិងថែរក្សាសុខភាពស្បែកមុខ។ របៀបនៃការលុបលាងមុខមិនត្រឹមត្រូវ ក្រៅពីគ្មានផ្តល់ប្រយោជន៍អ្វីហើយ វាក៏អាចធ្វើឲ្យស្បែកមុខរបស់អ្នក វិវត្តទៅរកភាពចាស់ លេចចេញស្នាមជ្រួញ ឬឡើងមុន លើសពីការស្មាន។ ដើម្បីបញ្ចៀសពីបញ្ហាទាំងនោះ អ្នកគួរបញ្ឈប់ទម្លាប់លាងមុខខុសក្បួនទាំង ៥ ដូចខាងក្រោម។
១. លាងមុខជាមួយទឹកក្តៅ
ការលាងមុខជាមួយនឹងទឹកក្តៅ អាចបំផ្លាញស្បែកមុខដោយមិនដឹងខ្លួន។ ស្បែករបស់អ្នក នឹងប្រែជាស្ងួត ហើយបើចូលចិត្តធ្វើញឹកញាប់ទៀត យូរៗទៅមុខងាយនឹងកើតមុននិងជ្រីវជ្រួញតែម្តង។ វិធីល្អបំផុត ត្រូវលុបលាងមុខ ជាមួយនឹងទឹកស្អាតក្នុងកម្រិតសីតុណ្ហភាពសមរម្យល្មម មិនត្រជាក់ឬក្តីពេក ទើបមិនប៉ះពាល់ដល់សុខភាពស្បែក។
២. ប្រើហ្វូមលាងមុខមិនត្រូវនឹងប្រភេទស្បែក
មានផលិតផលច្រើនម៉ាកខ្លាំងណាស់ដែលបានដាក់លក់នៅលើទៅផ្សារឬតាមអនឡាញ សម្រាប់ប្រភេទស្បែកខុសៗគ្នា។ ចំពោះបញ្ហានេះ ជាអ្វីដែលគួរយកចិត្តទុកដាក់បំផុត ព្រោះប្រសិនបើអ្នកចេះតែទិញនេះនោះ មកប្រើដោយមិនដឹងពីធាតុផ្សំដែលត្រូវនឹងប្រភេទស្បែកមុខរបស់ខ្លួន នោះវាអាចបង្កទៅជាប្រតិកម្ម និងចំណាយលុយច្រើនយ៉ាងណា ក៏គ្មានថ្ងៃទទួលបានលទ្ធផលឡើយ។
៣. លាងមុខទាំងដៃកខ្វក់មិនស្អាត
ប្រសិនបើអ្នកចង់លាងសម្អាតស្បែកមុខ ឲ្យបានស្អាតល្អនិងមិនបង្កបញ្ហានានា គួរលាងសម្អាតដៃជាមួយសាប៊ូដើម្បីសម្លាប់មេរោគជាមុនសិន។
៤. លាងមុខញឹកញាប់ពេក
ការលាងមុខញឹកពេក នោះប្រេងធម្មជាតិដែលមានប្រយោជន៍ចំពោះស្បែកមុខនឹងត្រូវបាត់បង់។ ពេលនោះហើយ ដែលស្បែកមុខនឹងប្រែជាស្ងួត ប្រេះ ឡើងមុខ ឬរោលរមាស់ជាដើម។ ពេលខ្លះប្រើផលិតផលលើសលប់ពេក មិនមែនហុចផលល្អចំពោះស្បែកមុខទេ ប៉ុន្តែបែរជាមិនល្អទៅវិញទេ។ គួរលាងសម្អាតមុខមួយថ្ងៃពីរដង គឺនៅពេលព្រឹក ដោយប្រើហ្វូមស្រាលស្រទន់សម្រាប់ស្បែក និងនៅពេលយប់ ដោយប្រើហ្វូមដែលអាចលាងសម្អាតបាក់តេរីធូលីបានល្អ។
៥. មិនលាបផលិតផលផ្តល់សំណើមបន្ទាប់ពីលាងមុខរួច
ហ្វូមលាងមុខមួយចំនួន បានធ្វើឲ្យស្បែកស្ងួតខ្លាំង បន្ទាប់ពីប្រើរួច ដូច្នេះកុំភ្លេចលាបផលិតផលសំណើមភ្លាមៗ កុំទុកយូរពេក ដើម្បីការពារមិនឲ្យស្បែកកាន់តែស្ងួតប្រេះលើសដើម ថែមទាំងអាចជួយឲ្យផលិតផលជ្រាបចូលស្បែកបានល្អផងដែរ៕
ចុចអានបន្ត៖ ស្ទីលផាត់មុខមិនក្រាស់ មិនស្តើងពេក ល្មមស្អាតពេលទៅចូលរួមកម្មវិធី