កុំប្រហែសឲ្យសោះ! ពេលបើកឡានលេខអូតូ ត្រូវដឹង ៩យ៉ាងមិនគួរធ្វើ ដើម្បីការពារមិនឲ្យឆាប់ខូច

  • 2020-02-26 07:20:00
  • ចំនួនមតិ 14 | ចំនួនចែករំលែក 351

ឡាន​លេខ​អូតូ​គឺ​ជា​ជម្រើស​ដ៏​ល្អ​និង​ងាយ​ស្រួល​សម្រាប់​អ្នក​រៀន​បើក​ដំបូង។ ថ្វី​ត្បិត​តែ​មិន​ពិបាក​ដូច​ជា​​ឡាន​លេខ​ដៃ ប៉ុន្តែ​ប្រសិន​បើ​​ប្រើ​ប្រាស់​វា ពុំ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត នោះ​ឡាន​របស់​អ្នក​​ងាយ​នឹង​ឆាប់​ខូច​នៅ​ផ្នែក​ណា​មួយ ដែល​នឹក​ស្មាន​មិន​ដល់។

ដើម្បី​អាច​ការពារ​ទាំង​សុខភាព​អ្នក​និង​រថយន្ត គួរ​ដឹង​ពី​គន្លឹះ​​បើក​បរ​សំខាន់​ៗ​ដូច​ខាង​ក្រោម៖

១. កុំ​​រុញ​ចង្កឹះ​លេខ​ចូល​អក្សរ​ D (Drive) ប្រសិន​បើ​​ឡាន​នៅ​មួយ​កន្លែង​ក្នុង​រយៈ​ពេល​យូរ

បើ​អ្នក​ដាក់​ D ពេល​ស្ទះ​ចរាចរណ៍​នៅ​មួយ​កន្លែង ឬ​​ត្រូវ​អង្គុយ​រង់​ចាំ​ក្នុង​រយៈពេល​យូរ នោះ​វា​នឹង​បណ្តាល​ឲ្យ​​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស្វ័យប្រវត្ត​ ដោយ​សារ​តែ​ការ​​ឡើង​ក​ម្តៅ​ខ្លាំង​ពេក។ ក្នុង​ករណី​នេះ​ដែរ អ្នក​អាច​ពន្លត់​ម៉ាស៊ីន​ឡាន ឬ​​ដាក់ P (Park) សិន​ទើប​ល្អ​។​

២. កុំ​ភ្លេច​ដាក់​ប្រាំង​ដៃ

នេះ​ជា​​​វិធី​ការពារ​មួយ​ទៀត ដែល​អ្នក​មិន​គួរ​ភ្លេច​នៅ​ពេល​ចត​រថយន្ត​ ព្រោះ​​​សូម្បី​តែ​ការ​ធ្វេស​ប្រហែស​បន្តិច​បន្តួច ក៏​អាច​បណ្តាល​ឲ្យ​​ខូច​ខាត​បាន​ដែរ ក្នុង​ករណី​ដែល​គ្មាន​ប្រាំង​ដៃ​ជួយ​ទប់​។

៣. កុំ​រុញ​ចង្កឹះ​លេខ​ចូល​អក្សរ N (Neutral ) នៅ​ពេល​ចុះ​ចំណោត

អ្នក​ប្រហែល​ជា​គិត​ថា ធ្វើ​ដូច្នេះ​អាច​ជួយ​សន្សំ​សំចៃ​ប្រេ​ង​សាំង ផ្ទុយ​ទៅ​វិញ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ។ ជាពិសេស​អ្នក​នឹង​ពិបាក​​ក្នុង​ការ​គ្រប់​គ្រង​​យានយន្ត ថែម​ទាំង​ប៉ះពាល់​ដល់​ម៉ាស៊ីន​ឡាន​ផង​ដែរ​។

៤. កុំ​រុញ​ចង្កឹះ​លេខ​ចូល​អក្សរ N (Neutral) នៅ​ពេល​ស្ទះ​ចរាចរណ៍ ឬ​ក្នុង​អំឡុង​ពេល​រង់​ចាំ​ភ្លើង​ស្តុប

ស្ថានភាព​ចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​តែង​តែ​ជាប់​​កក​ស្ទះ​ជា​រឿង​ធម្មតា។ វា​ជា​រឿង​គួរ​ឲ្យ​ធុញ​បំផុត ព្រោះ​​​ម្នាក់​ៗ​បាន​ខ្ជះខ្ជាយ​ពេល​វេលា​និង​ប្រេង​សាំង​​មិន​តិច​ទេ។ យ៉ាង​ណា​មិញ​ ការ​​ដាក់​ N ក៏​មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​ពី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស្វ័យប្រវត្ត និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹងគ្រប់​គ្រង​រថយន្ត។

៥. កុំ​រុញ​ចង្កឹះ​លេខ​ចូល​អក្សរ P (Park) មុន​ឡាន​ឈប់

ឡាន​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​​ធ្វើ​បែប​នេះ​បាន​ទេ ពុំ​ដូច្នោះ​អ្នក​នឹង​អាច​ធ្វើ​ឲ្យ​គន្លឹះ​សម្រាប់​ទប់​លំនឹង​ឡាន​ខូច​ខាត​មិន​ខាន។ មុន​ពេល​ចត​ មិន​គួរ​ប្រញាប់​ប្រញាល់ រុញ​ចង្កឹះ​លេខ​ចូល​អក្សរ P លឿន​​ពេក​ទេ ប្រសិន​បើ​ឡាន​មិន​ទាន់​ឈប់​ស្រួលបួល។

៦. កុំ​ប្រហែស​ឲ្យ​ភេសជ្ជៈ​ផ្សេងៗ​ចូល​ក្នុង​​ម៉ាស៊ីន

ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នូវ​វត្ថុ​រាវ​នានា​ ព្រោះ​ហ៊ាន​តែ​ធ្វេស​ប្រហែស​ ឲ្យ​​វា​កំពប់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន អ្នក​​អាច​នឹង​ជួប​បញ្ហា​នឹក​ស្មាន​មិន​ដល់ ឬ​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី​ក៏​ថា​បាន​។

៧. មិន​ត្រូវ​ជិះ​រហូត​ដល់​ជិត​អស់​សាំង

យ៉ាង​ហោច​ណាស់​គួរ ទុក​បរិមាណ​សាំង​ឲ្យ​នៅ​ជិត​ពាក់​កណ្តាល​ពេញ​ដែរ។

ហេតុ​ផល​ទី​១៖ កុង​ទ័រ​សាំង​មិន​អាច​ជាក់​លាក់​រហូត​ទេ ពេល​ខ្លះ​ឡាន​អាច​ឈប់​មុន​ពេល​ដែល​អ្នក​រំពឹង​ទុក​ទៅ​ទៀត។

ហេតុផល​ទី​២៖ សាំង​នៅ​ក្នុង​កម្រិត​ទាប​ពេក អាច​បណ្តាល​ឲ្យ​ឡាន​ខូច ជា​ពិសេស​សម្រាប់​ឡាន​លេខ​អូតូ។

៨. កុំ​រុញ​ចង្កឹះ​លេខ​ពី​អក្សរ​ D ចូល​ទៅ​ទៅ​អក្សរ R ពេល​ឡាន​មិន​ទាន់​ឈប់

មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុវត្ថិភាព​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​អ្នក​ប្តូរ​ពី​ D មក R លឿន​ពេក​ទាំង​ដែល​ឡាន​មិន​ទាន់​ឈប់​ផង វា​ក៏​​បង្ក​ផល​មិន​ល្អ​ដល់​ប្រព័ន្ធ​បញ្ជា​ឡាន​ផង​ដែរ។

៩. កុំប្រើ​ជើង​ទាំងសងខាងនៅ​ពេល​បើក​ឡាន​លេខ​អូតូ

វិធី​ល្អ​បំផុត​គឺ​ប្រើ​ជើង​តែ​ម្ខាង​បាន​ហើយ​ ក្នុង​អំឡុង​ពេល​បើក​បរ ព្រោះ​បើ​ប្រើ​ជើង​ទាំង​សង​ខាង​ អ្នក​អាច​នឹង​​ភាន់​ច្រឡំ​​និង​បង្ក​​ឲ្យ​មាន​គ្រោះ​ថ្នាក់​​គ្រប់​ពេលវេលា។

មិន​ថា​បើក​បរ​នៅ​ក្នុង​ទីក្រុង​ ឬ​ទៅ​ផ្លូវ​ឆ្ងាយ​ក៏​ដោយ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​សុវត្ថិភាព​ទាំង​អស់​គ្នា៕

ចុចអានបន្ត៖ ពិបាកចិត្តយ៉ាងណា ក៏នៅតែអាចញញឹមពេញមួយថ្ងៃ តាមវិធីទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី