ពិបាកចិត្តយ៉ាងណា ក៏នៅតែអាចញញឹមពេញមួយថ្ងៃ តាមវិធីទាំងនេះ

  • 2020-02-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ការងារ​របស់​អ្នក​តម្រូវ​ឲ្យ​រួសរាយ​ញញឹម​រាក់ទាក់​រាល់​ថ្ងៃ​មែន​ទេ? ឬ​មួយ​ក៏​អ្នក​ចង់​ក្លាយ​ជា​​មនុស្ស​​រឹង​មាំ អាច​ញញឹម​មិន​ថា​ជួប​ទុក្ខ​លំបាក​ធំ​ប៉ុនណា? ក្នុង​ហេតុផល​បែប​ម៉េច​ក៏​ដោយ ការ​រក្សា​អារម្មណ៍​ឲ្យ​​មូល​ល្អ មិន​មែន​ជា​រង​ងាយ​ស្រួល​ឡើយ ហើយ​ស្នាម​ញញឹម​រឹត​តែ​មិន​ងាយ​បញ្ចេញ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ អ្នក​គួរ​ចេះ​ពី​វិធី​ដើម្បី​រក្សា​ចិត្ត​ឲ្យ​នឹង​ន​ អាច​ញញឹម​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ ដោយ​ពុំ​ចាំ​បាច់​បង្ខំ​ខ្លួន​​ឯង។

១. គិត​ពី​អត្ថប្រយោជន៍​នៃ​ការ​ញញឹម

មិន​ខាត​បង់​អ្វី​ទេ មាន​តែ​ផ្តល់​ផល​ចំណេញ​ដូច​ជា៖

  • ​បង្ហាញ​ពី​ភាព​រួសរាយ​រាក់ទាក់ មាន​អំណោយទាន ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​សប្បាយ​រីករាយ​។

  • ការ​ញញឹម​​អាច​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​និង​បាន​ធូរ​ទ្រូង។

  • ការងារ​អាច​តម្រូវ​ឲ្យ​អ្នក​ញញឹម​ដូច្នេះ​អ្នក​កាន់​តែ​អភិវឌ្ឍ​ទ្វេ​ដង​លើ​ជំនាញ​មួយ​នេះ​។

  • ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​កក់​ក្តៅ និង​ចង់​រាប់រក។

  • អាច​ជួយ​បន្ធូរ​ភាព​តានតឹង។

  • ជួយ​​លើក​សម្រស់​​ឲ្យ​កាន់​តែ​ទាក់ទាញ​ ពេល​ថត​រូប​ក៏​ស្អាត​បែប​ធម្មជាតិ។

២. គិត​ពី​រឿង​​​សប្បាយ​ៗ​ឲ្យ​បាន​ញឹក​ញាប់

ត្រូវ​ចាត់​ទុក​ថា ការ​ញញឹម​គឺ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ ជាពិសេស​​ត្រូវ​គិត​ពី​រឿង​ល្អ​ៗ​ដែល​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ប្រសើរ​​ជាង​ខ្វល់​ខ្វាយ​តែ​ពី​បញ្ហា​និង​រឿង​អពមង្គល​៖

  • គិត​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់​និង​គួរ​យក​ចិត្ត​ទុក​ដាក់​ជាមួយ។

  • គិត​ពី​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ មិន​ថា​នា​ពេល​អតីតកាល​ឬ​ពេល​អនាគត។​

  • គិត​ពី​ព្រឹត្តិការណ៍​រំភើប​ដែល​អ្នក​ចង់​ឲ្យ​វា​កើតឡើង។

  • គិត​ថា​ការ​ញញឹម​អាច​ជួយ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រសើរ​ឡើង ជា​ពិសេស​នៅ​កន្លែង​ធ្វើ​ការ​​ឬ​រក​ស៊ី​តែ​ម្តង។

៣. ញញឹម​ដើម្បី​យក​លាភ​សំណាង

អ្នក​គួរ​​ដាក់​របស់​អ្វី​មួយ​ដែល​ស្រលាញ់​បំផុត​​តាម​ខ្លួន គ្រាន់​តែ​ឃើញ​ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ញញឹម គ្រប់​ពេល​វេលា​គ្រប់​ទី​កន្លែង។ លើស​ពី​នេះ​ទៅ​ទៀត ការ​ញញឹម​នឹង​នាំ​លាភ​សំណាង​រាប់​មិន​អស់​មក​ឲ្យ​អ្នក។

៤. ដាក់​កញ្ចក់​ឆ្លុះ​នៅ​ជិត​ខ្លួន

ពេល​ខ្លះ​គ្មាន​ចិត្ត​ចង់​ញញឹម​ទេ ប៉ុន្តែ​គ្រាន់​តែ​កញ្ចក់​ក៏​ព្យាយាម​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ឬ​ចង់​វាស់​ស្ទង់​ពី​សម្រស់​របស់​​ខ្លួន​​នៅ​ពេល​ញញឹម​។ បើ​បែប​នេះ​មែន គួរ​ទៅ​​ទិញ​កញ្ចក់​មួយ​ដាក់​ ជាប់​ខ្លួន​ឲ្យ​ហើយ​ទៅ​។

៥. ត្រូវ​ប្រាកដ​ថា​អ្នក​ញញឹម​ដោយ​ភាព​ជឿជាក់

សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​និង​ស្អាត​ល្អ ដើម្បី​បង្ហាញ​ស្នាម​ញញឹម​ដោយ​ភាព​ជឿជាក់​ មាន​ទំនុក​ចិត្ត​ពេញ​លេញ ដោយ​មិន​លាក់លៀម​អៀន​ខ្មាស។

៦. សម្រាក​ខ្លះ

មុខ​របស់​អ្នក​ក៏​មាន​ពេល​សម្រាក​របស់​វា​ដែរ។ គួរ​រក​កន្លែង​​ស្ងប់​ស្ងៀម ស្តាប់​ចម្រៀង​ ឬ​សម្រាក​​បន្តិច​សិន ព្រោះ​ពេល​ទាំង​នោះ ទោះ​អ្នក​មិន​ញញឹម​ក៏​គ្មាន​នរណា​ប្រកាន់​នោះ​ដែរ។​

៧​. ស្តាប់​ចម្រៀង​កន្ត្រាក់​អារម្មណ៍

ចម្រៀង​កម្សត់​យឺតៗ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ចូល​តួ​ឬ​នឹក​នា​ដល់​​បញ្ហា​ទុក្ខ​សោក​កាន់​តែ​ខ្លាំង​។ យល់​ល្អ​គួរ​រក​បទ​ចម្រៀង​ណា ដែល​មាន​ភ្លេង​កន្រ្តាក់​ ឬអាច​ជួយ​ឲ្យ​អ្នក​បន្ធូរ​ភាព​តាន​តឹង​វិញ​ប្រសើរ​ជាង​ដាក់​សម្ពាធ​បន្ថែម។

៨​. បន្ត​រហូត​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់

ដរាប​ណា​អ្នក​​​ព្យាយាម​ហ្វឹក​ហាត់​​​ជា​ប្រចាំ អ្វី​ក៏​ដោយ​​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​។ ការ​ញញឹម​ក៏​​ដូច​គ្នា បើ​អ្នក​​នៅ​តែ​អាច​រក្សា​វា​បាន​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង យូរ​ៗ​ទៅ​​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​រឹង​មាំ មិន​ញញើត​នឹង​ឧបសគ្គ បញ្ហា​ធំ​យ៉ាង​ណា​ក៏​នៅ​តែ​ញញឹម​ជា​និច្ច៕

ចុចអានបន្ត៖ ចង់ឲ្យគេស្រលាញ់ឲ្យតម្លៃ ដរាបណាអ្នកចេះឲ្យតម្លៃខ្លួនឯងតាមវិធីទាំងនេះសិន

ប្រភព៖ Wikihow ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម