អាថ៌កំបាំង ៥ យ៉ាង​​ក្នុង​ជីវិត​ដែល​អ្នក​មិន​គួរ​ប្រាប់​ ឬ ពិភាក្សា​ជាមួយ​នរណា​ម្នាក់​ឡើយ

  • 2020-02-19 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្នាក់ៗ​ប្រាកដ​​ជា​មាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង ជិត​ស្និទ្ធ​បំផុត​ក្នុង​ជីវិត ហើយ​តួយ៉ាង​ពេល​មាន​ពួក​គេ​ជួប​ប្រទះ​នៅ​បញ្ហា ឬ រឿង​រ៉ាវ​អ្វី​មួយ​ គេ​ច្បាស់​ជា​រត់​ទៅ​ពិភាក្សា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ជា​មិន​ខាន។ មាន​អ្នក​ខ្លះ​ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ ឬ រៀប​រាប់​រឿង​ផ្ទាល់​ខ្លួន​ប្រាប់​ទៅ​អ្នក​ដទៃ​ទេ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ការ​បើក​ចំហ​នូវ​រឿង​រ៉ាវ​ក្នុង​ចិត្ត​ច្រើន​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន។

រូបតំណាង

យ៉ាង​ណា​មិញ ទោះ​ជា​អ្នក​ជ្រើស​រើស​ពិភាក្សា​ព្រឹត្តិការណ៍​ណា​មួយ​​ក្តី ​គប្បី​​រំលង​ក្នុង​ការ​ប្រាប់​អាថ៌កំបាំង​ទាំង​ ៥ យ៉ាង​នេះ​ទៅ​កាន់​​អ្នក​ណា ជា​ពិសេស​មនុស្ស​​មិន​ស្គាល់​ច្បាស់៖

១. ​គោល​ដៅ​ក្នុង​ជីវិត

រូបតំណាង

ក្នុង​ឆាក​ជីវិត​មួយ​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រកួតប្រជែង​នេះ មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គប្បី​ទុក​នៅ​ក្នុង​ចិត្ត​ទើប​ប្រសើរ ដែល​ក្នុង​នោះ​រួម​មាន​ការ​រៀប​រាប់​គោល​ដៅ​ក្នុង​ជីវិត​យ៉ាង​លម្អិត​ទោ​កាន់​គេ​ឯង។ អ្នក​គួរ​ដឹង​ថា​ នៅ​ក្នុង​លោក​នេះ​ គ្មាន​នរណា​មាន​ទស្សនៈ​ដូច​អ្នក ១០០% ឡើយ​ក្រៅ​តែ​ពី​ខ្លួន​អ្នក ហើយ​អ្នក​មិន​ដឹង​ទេ​ថា​គេ​នឹង​សប្បាយ​អបអរ​ជាមួយ​ការ​គិត​របស់​អ្នក ឬ យ៉ាង​ណា។ ពេល​ខ្លះ​គេ​អាច​យល់​ស្រប​តែ​នៅ​ពី​មុខ​អ្នក​ប៉ុណ្ណោះ ដូច្នេះ​ហើយ​អ្នក​គួរ​អនុវត្ត​នូវ​គោល​ដៅ​ក្នុង​ជីវិត​ដោយ​ស្ងាត់ៗ ហើយ​សិម​ឱ្យ​គេ​ចាំ​មើល​សមិទ្ធផល​តែ​ម្តង​ទើប​ប្រសើរ។

២. រឿង​ប្រាក់​ចំណូល​

រូបតំណាង

ក្នុង​ទំនាក់​ទំនង​ណា​ក៏​ដោយ មិន​ថា​ស្នេហា​ គ្រួសារ ឬ មិត្តភាព គឺ​ជាក់​ស្តែង​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​អ្នក​គួរ​បញ្ចេញ​ប្រាប់​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​ទៅ​កាន់​ពួក​គេ​នោះ​ទេ។ រឿង​ទឹក​ប្រាក់​នេះ សម្រាប់​មនុស្ស​មួយ​ចំនួន​មិន​សូវ​ខ្វល់​ខ្វាយ​ពី​វា​ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ដែល​ងប់ងុល​នឹង​វា​ខ្លាំង​ណាស់។ ​ជា​ទូទៅ វា​ពិបាក​ក្នុង​ការ​មើល​ធ្លុះ​ថា​អ្នក​ណា​ជា​អ្នក​ណា​ណាស់ ព្រោះ​​បើ​និយាយ​ដល់​រឿង​លុយ មនុស្ស​ម្នាក់ៗ​លាក់​ចរិត​បាន​ជិត​ល្អ​ណាស់ ដូច្នេះ​បើ​ពិបាក​មើល​អ៊ីចឹង គួរ​កុំ​ប្រាប់​អ្នក​ណា​តែ​ម្តង​ទៅ​ ទោះ​ចំណូល​តិច​ឬ​ច្រើន​ក្តី។

៣. បញ្ហា​គ្រួសារ

រូបតំណាង

ពេល​អ្នក​ទុក​ចិត្ត​នរណា​ម្នាក់​ វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​នឹង​ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ទៅ​កាន់​ពួក​គេ ព្រោះ​នៅ​ពេល​ជួប​បញ្ហា​ម្តងៗ​ វា​ពិត​ជា​ពិបាក​ទ្រាំ ហើយ​អ្នក​​ប្រាកដ​ជា​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​មនុស្ស​ជា​ទី​ស្រឡាញ់។ យ៉ាងណាមិញ គ្រួសារ​គឺ​ជា​មនុស្ស​ដែល​តែង​តែ​នៅ​ជាមួយ​អ្នក និង ចាំ​ផ្តល់​ក្តី​ស្រឡាញ់ និង កម្លាំង​ចិត្ត​ឱ្យ​អ្នក​រហូត​មក។ ដូចនេះ បើ​មាន​ជម្លោះ​ ឬ បញ្ហា​នៅ​ក្នុង​ក្រុម​គ្រួសារ​ក្តី​ អ្នក​គួរ​តែ​ប្រឈម​នឹង​បញ្ហា​នោះ​ហើយ​ព្យាយាម​ដោះ​ស្រាយ​ដោយ​សន្តិវិធី​។ បើ​យក​ល្អ គឺ​មិន​ត្រូវ​និយាយ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​រ៉ាវ​នៅ​ក្នុង​គ្រួសារ​តែ​ម្តង​ទើប​ប្រសើរ ព្រោះ​ពេល​ខ្លះ​អ្នក​មិន​ដឹង​ទេ​ថា​គេ​​ក្នុង​ចិត្ត​គេ​កំពុង​សរសើរ​ ឬ មើល​ងាយ​​ទៅ​លើ​ក្រុម​គ្រួសារ​អ្នក​នោះ​ទេ។

៤. សារភាព​ថា​អ្នក​មាន​ចិត្ត​លើ​​ដៃគូ​ស្នេហា​របស់​គេ

រូបតំណាង

ទោះ​ជា​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​យ៉ាង​ណា​ក៏​ដោយ​​ក៏​មិន​ចាំ​បាច់​ដល់​ថ្នាក់​ទៅ​សារភាព​ថា​អ្នក​ចាប់​ចិត្ត​លើ​ដៃគូ​ស្នេហា​របស់​គេ​ដែរ។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ក៏​មិន​ចាំ​បាច់​ប្រាប់​មិត្ត​របស់​អ្នក​ថា​ដៃ​គូ​ស្នេហា​របស់​គេ​ធ្លាប់​មាន​ចិត្ត​លើ​អ្នក​ដែរ។ គេ​មិន​បាន​សរសើរ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់​អ្វី​នោះ​ទេ គឺ​គេ​មាន​តែ​ព្យាយាម​រក្សា​គម្លាត​ពី​អ្នក ឬ ឈប់​ចង់​រាប់​អាន​ក៏​មាន។ ដូច្នេះ ហើយ​បើ​អ្នក​ជ្រុល​ជាប់​ចិត្ត​លើ​សង្សារ​របស់​មិត្តភក្ដិ​ ឬ សង្សារ​របស់​មិត្ត​អ្នក​ធ្លាប់​មាន​ចិត្ត​លើ​អ្នក​ក្តី គួរ​ណា​ទុក​រឿង​សម្ងាត់​នោះ​នៅ​ក្នុង​ចិត្ត​ទៅ ដរាប​ណា​គេ​មក​សួរ​នាំ​អ្នក​សិម​ឆ្លើយ​តាម​ការ​ពិត។

៥. ស្នេហា​មិន​ច្បាស់​លាស់​ (ជា​ពិសេស​សម្រាប់​នារី)

រូបតំណាង

ពិត​ណាស់​ថា​នារី​ចូល​ចិត្ត​បង្ហាញ​ភាព​រីករាយ និង ប្រាប់​គេ​ឯង​នៅ​ពេល​ដែល​នាង​កំពុង​សេពគប់​ជាមួយ​បុរស​ណា​ម្នាក់។ ​រឿង​រ៉ាវ​ស្នេហា​ដែល​មិន​ច្បាស់​លាស់​នោះ​ ក៏​មិន​មែន​ជា​រឿង​ល្អ​ដែល​ត្រូវ​ចែក​រំលែក​ដែរ។ បើ​គ្រប់​គ្នា​ដឹង​ពី​រឿង​របស់​អ្នក​ទាំង​ពីរ ហើយ​​ស្រាប់​តែ​មាន​រឿង​មិន​ល្អ​កើត​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ ជាពិសេស​ពេល​អ្នក​ដឹង​ថា​ភាគី​បុរស​នោះ​គ្មាន​ភាព​ច្បាស់​លាស់​ជាមួយ​អ្នក​នោះ វា​ប្រាកដ​ជា​ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ឈឺចាប់​ទ្វេដង​ជា​មិន​ខាន។ ដូច្នេះ រឿង​មួយ​ចំនួន ​មនុស្ស​ដឹង​កាន់​តែ​តិច​ គឺ​កាន់​តែ​ល្អ​សម្រាប់​អ្នក៕ ​

រូបតំណាង

អានបន្ត៖ ការពិត ៦យ៉ាងដែលពិបាកទទួលយកបំផុតក្នុងជីវិត តែយើងមិនអាចប្រកែកបាន

ប្រភព៖ Lifefalcon ប្រែ​សម្រួល៖ Siyou Tang