ដឹង​អត់? កាដូ​ដែល​អ្នក​ទទួល​បាន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ក៏​មាន​អត្ថន័យ​បង្កប់​ពី​ក្រោយ​ដែរ​

  • 2020-02-14 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទិវា​នៃ​សេចក្តី​ស្រឡាញ់​ មនុស្ស​ម្នា​គ្រប់​ទិស​ទី​នៅ​លើ​សកល​លោក​ចែក​រំលែក​ក្តី​ស្រឡាញ់​ឱ្យ​គ្នា​តាម​រយៈ​ការ​ឱ្យ​ជា​កាដូ​​ ផ្កា ឬ ការ​ចំណាយ​ពេល​ជួប​ជុំ​គ្នា​ជា​ដើម។ យ៉ាង​ណា​មិញ​ កាដូ ឬ ការ​ណាត់​ជួប​គ្នា​ទាំង​នោះ​សុទ្ធ​សឹង​តែ​មាន​អត្ថន័យ​ពី​ក្រោយ​ ជាពិសេស​វា​អាច​ប្រាប់​ពី​គោល​បំណង​របស់​អ្នក​ជូន​ទៀត​ផង៖

រូបតំណាង
រូបតំណាង

១. សូកូឡា​មួយ​ប្រអប់​៖ បើ​គេ​ជូន​សូកូឡា​ទៅ​អ្នក​ជា​កាដូ​ក្នុង​ថ្ងៃ​ពិសេស​នេះ គេ​អាច​ជា​មនុស្ស​ដែល​មាន​ភាព​ផ្អែម​ល្ហែម​​ព្រោះ​គិត​ឃើញ​ទិញ​របស់​ដែល​មាន​រសជាតិ​ផ្អែម​ជូន​អ្នក តែ​កាដូ​ប្រភេទ​នេះ​ក៏​​មាន​ន័យ​ថា​គេ​ម្នាក់​នោះ​រួសរាន់​ទិញ​វា​ភ្លាមៗ​ដោយ​មិន​បាន​មាន​គម្រោង​ទុក​មុន​ឡើយ។

២. ផ្កា​កុលាប ១ទង៖ អ្នក​ឱ្យ​ផ្កា​កុលាប​១​ទង គឺ​ជា​មនុស្ស​ដែល​មាន​ភាព​រ៉ូមែនទិក​ តែក៏​មិន​មែន​ប្រភេទ​ងប់ងុល​ពេក​ដែរ។ គេ​ព្យាយាម​យក​ចិត្ត​អ្នក និង បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​អ្នក​តែ​មិន​ចង់​បង្ហាញ​ថា​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លាំង​នោះ​ទេ។

៣. ផ្កា​កុលាប​មួយ​បាច់​ធំ៖ ការ​ឱ្យ​ផ្កា​ក្នុង​ចំនួន​ច្រើន​បែប​នេះ​អាច​មាន​ន័យ​ថា គេ​ចូល​ចិត្ត​បង្ហាញ​ឱ្យ​អ្នក​ដឹង​ថា​អ្នក​ជា​មនុស្ស​ពិសេស និង​ សំខាន់​សម្រាប់​គេ ហើយ​គេ​ក៏​ដឹង​ថា​អ្នក​នឹង​មាន​ការ​រំភើប​អប​អរ​នឹង​ការ​ថតរូប​ជា​មួយ​បាច់​ផ្កា​ដ៏​ស្រស់​ស្អាត​នោះ​ផង​ដែរ។

រូបតំណាង
រូបតំណាង

៤. គ្រឿង​អលង្ការ​៖ ថ្វី​ដ្បិត​តែ​វា​គឺ​កាដូ​ដែល​មាន​តម្លៃ ហើយ អ្នក​គួរ​តែ​សប្បាយ​ចិត្ត​នឹង​ទទួល ក៏​ប៉ុន្តែ​វា​បង្ហាញ​ថា​អ្នក​ដែល​ជូន​កាដូ​ប្រភេទ​នេះ​ជា​មនុស្ស​ចូល​ចិត្ត​ចំណាយ​ច្រើន​ ហើយ អាច​ព្រោះ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ឆើតឆាយ​ផង​ដែរ។

៥. កាដូ​ដែល​មិន​សូវ​ពេញ​និយម៖ ការ​ជូន​ផ្កា ឬ សូកូឡា គឺ​មាន​គ្រប់​ទី​កន្លែង​ទៅ​ហើយ ដូច្នេះ​បើ​មាន​អ្នក​ដែល​ជូន​ប្រភេទ​កាដូ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​អ្នក​ដទៃ វា​អាច​បង្ហាញ​ថា​គេ​បាន​គិត​គូ​ពិចារណា​ច្បាស់លាស់ និង ខ្វល់​ខ្វាយ​ពី​អ្នក​យ៉ាង​ខ្លាំង។

​៦. អត់​បាន​អី​សោះ​៖ ហេតុផល​អ្នក​មិន​បាន​ទទួល​អ្វី​ពី​គេ​ព្រោះ​អ្នក​គ្មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នរណា ឬ មិន​សូវ​មាន​មិត្តភក្តិ​ជាដើម។​ យ៉ាង​ណា​មិញ ហេតុ​ផល​មួយ​ទៀត​ដែល​អ្នក​មិន​បាន​ទទួល​អ្វី​ក្នុង​ថ្ងៃ​ពិសេស​នេះ ព្រោះ​អ្នក​បាន​ប្រាប់​គេ​គ្រប់​គ្នា​ថា​អ្នក​មិន​ចង់​បាន​អ្វី​នៅ​ថ្ងៃ​នេះ​ឡើយ។

រូបតំណាង

៧. ការ​ញុំា​អាហារ​ពេល​ល្ងាច​ជុំ​គ្នា៖​ បើ​មាន​អ្នក​បបួល​អ្នក​ចេញ​ទៅ​ញុំា​អាហារ​ជា​មួយ​គ្នា​ក្នុង​ថ្ងៃ​ ១៤​កុម្ភៈ​នេះ មាន​ន័យ​ថា​គេ​ឱ្យ​តម្លៃ​លើ​ពេល​វេលា​ជាមួយ​អ្នក​ជាង​កាដូ​ ឬ របស់​មាន​តម្លៃ​គ្រប់​ប្រភេទ។ វា​ក៏​អាច​មាន​ន័យ​ថា គេ​ស្គាល់​អ្នក​ច្បាស់​ថា​អ្នក​មិន​ចូល​ចិត្ត​ទទួល​យក​កាដូ​អ្វី​ឡើយ គឺ​គ្រាន់​ចង់​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ក្បែរ​​ និង ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​គឺ​គ្រប់​គ្រាន់​ហើយ៕

រូបតំណាង
រូបតំណាង

អានបន្ត៖ រឿង​ដែលយុវវ័យគួរធ្វើក្នុងទិវានៃសេចក្តីស្រឡាញ់ ជាមួយមិត្តភ័ក្តិ គ្រួសារ និង គូសង្សារ

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម