រឿង​ដែលយុវវ័យគួរធ្វើក្នុងទិវានៃសេចក្តីស្រឡាញ់ ជាមួយមិត្តភ័ក្តិ គ្រួសារ និង គូសង្សារ

  • 2020-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទិវា​នៃ​ក្តី​ស្រឡាញ់​ដែល​គេ​ច្រើន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ ១៤កុម្ភៈ គឺ​ជា​​ថ្ងៃ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ចូលរួម​អបអរ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ មនុស្ស​ម្នា​ភាគ​ច្រើន​តែង​ទិញ​​នូវ​កាដូ​ ឬ​ក៏​ចម្អិន​ម្ហូប​អាហារ​ឱ្យ​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់។ អ្នក​ខ្លះ​ចែក​រំលែក​នូវ​ក្តី​ស្រ​ឡាញ់​របស់​ខ្លួន​តាម​រយៈ​ការ​ចំណាយ​ពេល​អប​អរ​ថ្ងៃ​ពិសេស​នេះ​ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្តិ ឬ ដៃ​គូ​ស្នេហា​របស់​ពួក​គេ។

ជាក់​ស្តែង​ ម្នាក់ៗ​មាន​មនុស្ស​សំខាន់​នៅ​ក្នុង​ចិត្ត​ផ្សេងៗ​គ្នា ហើយ​ក៏​មាន​វិធី​ចែក​រំលែក​ក្តី​ស្រឡាញ់​ផ្សេងៗ​គ្នា​ដែរ។ ដូចនេះ​ ​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​យុវវ័យ​អាច​ធ្វើ​ក្នុង​ថ្ងៃ​ ១៤កុម្ភៈ ​ដើម្បី​អបអរ​ក្តី​ស្រឡាញ់​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន៖

  • សម្រាប់​អ្នក​អបអរ​ជាមួយ​ពួកម៉ាក
រូបតំណាង

**១. បបួល​ពួក​ម៉ាក​មើល​កុន**

សម្រាប់​ដែល​និយម​មើល​កុន គួរ​ណា​យក​ថ្ងៃ​ពិសេស​នេះ​ដើម្បី​ទៅ​មើល​រឿង​ដែល​អ្នក​ និង មិត្ត​របស់​អ្នក​ចង់​មើល។ ការ​មើល​កុន​រួម​គ្នា​គឺ​ជា​រឿង​មួយ​ដែល​យុវវ័យ​តែង​ធ្វើ​ជាមួយ​ពួក​ម៉ាក​របស់​ខ្លួន​ព្រោះ វា​អាច​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​រវាង​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​ស្និទ្ធស្នាល។

២. ញុំា​អាហារ​ជុំ​គ្នា

យុវវ័យ​ក៏​អាច​បបួល​ពួក​ម៉ាក​ដែល​ខាន​ជួប​គ្នា​យូរ​ឱ្យ​មក​ហូប​អាហារ​ជុំ​គ្នា​ម្តង​ ដើម្បី​បង្ហាញ​ថា​អ្នក​នឹក​រលឹក​ដល់​ពួក​គេ ក៏​ដូច​ជា​​ការ​ចែក​រំលែក​ក្តី​ស្រឡាញ់​ដល់​ពួក​គេ​ ទោះ​អ្នក​មិន​សូវ​បាន​ជួប​គ្នា​ក្តី។ ការ​ជួប​ជុំ​គ្នា​ញុំា​អាហារ និង ថត​រូប​លេង​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្តិ​គឺ​ជា​រឿង​ដែល​យុវវ័យ​គ្រប់​គ្នា​មិន​គួរ​រំលង។

រូបតំណាង

៣. ជប់​លៀង​នៅ​ផ្ទះ​ជុំ​គ្នា

វិធី​ម្យ៉ាង​ទៀត​ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​សូវ​ចង់​ចំណាយ​លុយ​ហូប​អី​នៅ​ខាង​ក្រៅ គឺ​ពួក​គេ​អាច​ធ្វើ​សាច់​អាំង​ញុំា​ជុំ​គ្នា​នៅ​ផ្ទះ​​មិត្ត​ណា​ម្នាក់ ហើយ​បបួល​គ្នា​មក​ឱ្យ​ច្រើន​ រួម​ជាមួយ​នឹង​ការ​ចាក់​នូវ​បទ​ចម្រៀង​ញាក់ៗ​ដើម្បី​កំដ​អារម្មណ៍​ទៀត​ផង​នោះ​ ការ​ជប់​លៀង​នូវ​ទិវា​នៃ​ក្តី​ស្រឡាញ់​របស់​ពូក​គេ​ច្បាស់​ជា​មាន​ន័យ​ជា​មិន​ខាន។

៤. ឱ្យ​ជា​កាដូ ឬ សរសេរ​សារ​អបអរ​នៅ​លើ​កាត​ឱ្យ​គ្នា

ដើម្បី​ឱ្យ​មិត្តភ័ក្តិ​របស់​អ្នក​មាន​ការ​រំភើប​ក្នុង​ចិត្ត អ្នក​គួរ​ទិញ​ជា​កាដូ​តូច​មួយ​ ហើយ​កាដូ​នោះ​មិន​ចាំ​បាច់​មាន​តម្លៃ​ថ្លៃ​នោះ​ទេ តែ​គួរ​ជា​អ្វី​ដែល​មិត្ត​របស់​អ្នក​ចូលចិត្ត ឬ ក៏​អ្នក​អាច​គ្រាន់​តែ​សរសេរ​ជា​សារ​ខ្លីៗ​មាន​ន័យ នៅ​លើ​ក្រដាកាត​​ដើម្បី​ជូន​ពរ​មិត្ត​អ្នក​នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នេះ៕

  • សម្រាប់​អ្នក​អបអរ​ជាមួយ​គូ​ស្នេហា​
រូបតំណាង

១. មើល​កុន និង ញុំា​អាហារ​ជាមួយ​គ្នា

ស្រដៀង​ទៅ​នឹង​មិត្ត​ភាព​ដែរ ការ​មើល​កុន និង​ញុំា​អី​ជាមួយ​គូ​សង្សារ​ក៏​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ផ្អែម​ល្ហែម ជាពិសេស​​វា​បង្ហាញ​ពី​ការ​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​គូ​ស្នេហ៍​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ផង​ដែរ។ លើស​ពី​នេះ ក្នុង​កំឡុង​ពេល​មើល​គុន​ ឬ ញុំាំ​អាហារ​ជាមួយ​គ្នា​នេះ អ្នក​ទាំង​ពីរ​អាច​បង្កើត​ជា​បរិយាកាស​មួយ​ដ៏​ស្និទ្ធស្នាល ដែល​ក្នុង​នោះ​អាច​រួម​ជាមួយ​នឹង​ ការ​ថត​រូប​ជាមួយ​គ្នា ការ​និយាយ​ពី​អារម្មណ៍​នៅ​ក្នុង​ចិត្ត​​ជាដើម។

២. គួរ​ធ្វើ​ម្ហូប​ឱ្យ​គូ​សង្សារ​ញុំា

មិន​ថា​អ្នក​ជា​បុរស និង ស្រ្តី ការ​ចម្អិន​ម្ហូប​ជូន​ដៃគូ​​គឺ​ជា​ទង្វើ​មួយ​ដែល​បង្ហាញ​ពី​ភាព​ផ្អែម​ល្ហែម ក្តី​ស្រឡាញ់ និង ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា។ ជាពិសេស វា​ហាក់​បី​ដូច​ជា​កាដូ​ក៏​ពិសេស​សម្រាប់​ពួក​គេ​ ព្រោះ​ជា​កាដូ​ដែល​អ្នក​បាន​ដាក់​ចិត្ត​ធ្វើ​ដោយ​ផ្ទាល់​ដៃ និង ចំណាយ​ពេលវេលា​ដើម្បី​ធ្វើ​ទៀត​ផង។

រូបតំណាង

៣. ជូន​ជា​សូកូឡា ឬ ផ្កា​ឱ្យ​គ្នា

សូកូឡា និង ផ្កា​កុលាប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សញ្ញា​នៃ​ក្តី​ស្រឡាញ់។ ដូច្នេះ​ ការ​ប្រគល់​ជូន​នូវ​របស់​ទាំង​នេះ ដល់​ដៃ​គូ​របស់​អ្នក​​គឺ​បង្ហាញ​ពី​ទឹក​ចិត្ត និង ទំហំ​នៃ​ក្តី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​គេ។ ក្នុង​នោះ​ដែរ សូកូឡា​គឺ​ជា​កាដូ​ដែល​ភាគ​ច្រើន​ខាង​ស្រី​​ជូន​ដល់​ដៃគូ​ដែល​ជា​បុរស ឯ​ផ្កា​កុលាប​ច្រើន​ជា​កាដូ​ដែល​ខាង​បុរស​ជូន​ដល់​ដៃគូ​ដែល​ជា​នារី។ យ៉ាង​ណា​មិញ កាដូ​ទាំង​ពីរ​មុខ​នេះ​មិន​ចាំ​បាច់​ត្រូវ​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ត្រឹម​អ្វី​ដែល​ខ្លួន​មាន​លទ្ធភាព​ជូន​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គឺ​ល្អ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​អាច​ផ្គួប​ផ្សំ​ផូស​កាត ដែល​មាន​ការ​សរសេរ​ជូនពរ​ពី​អ្នក​ផ្ទាល់​ ជាមួយ​នឹង​សូកូឡា ឬ ផ្កា​ដែល​អ្នក​ប្រគល់​ជូន​ដៃគូ​ស្នេហា​របស់​អ្នក​​ផង​ដែរ ដើម្បី​ឱ្យ​កាន់​តែ​វិសេសវិសាល។

  • សម្រាប់​អ្នក​អបអរ​ជាមួយ​ក្រុម​គ្រួសារ
រូបតំណាង

១. គួរ​ទិញ​កាដូ​ជូន​ដល់​អ្នក​មាន​គុណ​ទាំង​ពីរ

កាដូ​ដែល​កូន​អាច​ទិញ​ជូន​ឪពុក​ម្តាយ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង ការ​យក​ចិត្ត​ទុក​ដាក់​នោះ​រួម​មាន​ ផ្លែឈើ អាហារ​បំប៉ន​ អាហារ​សុខភាព ឬ ជា​របស់​របរ​ប្រើ​ប្រាស់​ដែល​គាត់​ត្រូវ​ការ។ ការ​ទិញ​របស់​អស់​ទាំង​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ និង ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ លើស​ពី​នេះ​ លោក​មិន​ដែល​ប្រាថ្នា​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ពេក​ពី​កូន​ឡើយ ដូច្នេះ​គឺ​ត្រឹម​កាដូ​ដែល​ចេញ​ពី​ការ​គិត​គូ​ពិចារណា​ទាំង​នេះ ច្បាស់​ជា​ធ្វើ​ឱ្យ​គាត់​សប្បាយ​រីក​រាយ​ហើយ។

២. នៅ​ផ្ទះ ឬ ទៅ​ក្រៅ​ញុំាំ​អី​ជុំ​គ្រួសារ

ក្នុង​ទិវា​​នៃ​សេចក្តី​ស្រឡាញ់​ ដែល​​មួយ​ឆ្នាំ​មាន​ម្តង​នេះ យុវវ័យ​គ្រប់​រូប​មិន​គួរ​រំលង​ពេល​វេលា​ជួប​ជុំ​សាច់ញាតិ និង ក្រុម​គ្រួសារ​ឡើយ។ វា​គឺ​ថ្ងៃ​មួយ​ដែល​អ្នក​គួរ​ឆ្លៀត​ពេល​នៅ​ជាមួយ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​របស់​អ្នក ទោះ​ជា​អ្នក​រវល់​នឹង​ការ​អបអរ​ជាមួយ​បុគ្គល​ដទៃ​ទៀត​ក្តី ក៏​គួរ​តែ​បែក​ចែក​ពេល​ដើម្បី​ញុំាំ​អាហារ​ជុំ​គ្នា​ជាមួយ​គ្រួសារ​ផង មិន​ថា​នៅ​ក្រៅ​ឬ នៅ​ផ្ទះ។

រូបតំណាង

​៣. ជប់​លៀង​នៅ​ផ្ទះ​ជុំ​បង​ប្អូន​

វិធី​មួយ​ទៀត​ ដើម្បី​អបអរ​នៅ​ថ្ងៃ​ពិសេស​នេះ​ឱ្យ​កាន់​តែ​អ៊ូអរ​ទៀត​នោះ អ្នក​អាច​បបួល​បង​ប្អូន ពូមីង មក​ពិសារ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា ហើយ​មាន​តន្រ្តី និង ការ៉ា​អូ​ខេ​ដើម្បី​កំដរ​បរិយាកាស​បន្ថែម​ផង​នោះ កម្មវិធី​ជប់​លៀង​នឹង​កាន់​តែ​មាន​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ។ បន្ថែម​ពី​នេះ អ្នក​អាច​ថត​រូប​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ បង​ប្អូន​ ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​នោះ​ទុក​ធ្វើ​ជា​អនុស្សាវរីយ​ដ៏​ល្អ​ទៀត​ផង៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ កូនៗគួរធ្វើរឿង ៤ យ៉ាងនេះចំពោះអ្នកមានគុណ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម