ចង់មានហុងស៊ុយពេញមួយឆ្នាំ មកដឹងចំនួនលុយគួរដាក់ក្នុងអាំងប៉ាវពេលចូលឆ្នាំចិន
- 2020-01-24 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់មានហុងស៊ុយពេញមួយឆ្នាំ មកដឹងចំនួនលុយគួរដាក់ក្នុងអាំងប៉ាវពេលចូលឆ្នាំចិន
ក្នុងប្រពៃណី ប្រជាជនចិនស្រលាញ់ពណ៌ក្រហម និងចាត់ទុកពណ៌នេះជានិមិត្តសញ្ញានៃថាមពល សុភមង្គល និងសំណាងល្អ។ ការឲ្យអាំងប៉ាវ គឺមានន័យថាជាការជូនពរឲ្យមានលាភ និងហុងស៊ុយឆ្នាំថ្មី។ តាមពិតទៅ ទឹកប្រាក់ក្នុងអាំងប៉ាវមិនបានបង្ហាញពីសញ្ញានៃការមានសំណាង និងសុភមង្គលនោះឡើយ គឺគេផ្ដោតលើសារៈសំខាន់នៃស្រោមសំបុត្រក្រហមទៅវិញទេ។ ម្ល៉ោះហើយ ដើម្បីបង្ហាញពីការគួរសម គេមិនគួរយកស្រោមសំបុត្រអាំងប៉ាវរហែក ឬជ្រួញច្រើនផ្នត់ឡើយ។
តើអ្នកណាដែលគួរទទួលបានអាំងប៉ាវ និងទឹកប្រាក់ដែលគួរដាក់
តាមទំនៀមទម្លាប់ចិន បើអ្នកចេះរកលុយដោយខ្លួនឯងហើយ នោះជាពេលដែលអ្នកគួរចាប់ផ្ដើមផ្ដល់អាំងប៉ាវទៅអ្នកដទៃបានហើយ។ ការផ្ដល់នេះ គឺជាការចែករំលែកនូវភាពសប្បាយរីករាយទាំងអស់គ្នាក្នុងឆ្នាំថ្មី។ ជាទូទៅ ចំនួនលុយក្នុងអាំងប៉ាវ អាស្រ័យលើប្រាក់ចំណូលរបស់អ្នកដែលឲ្យគេ។
ក្នុងថ្ងៃចូលឆ្នាំចិន ឪពុកម្ដាយនឹងរៀបចំអាំងប៉ាវសម្រាប់កូនៗ មិនថាកូននៅលីវ ឬរៀបការរួចនោះទេ ព្រោះជាការបង្ហាញពីក្ដីស្រលាញ់ និងការជូនពរដល់ពួកគេ។ យ៉ាងណាក៏ដោយ តាមទំនៀមទម្លាប់ចិន បើអ្នកមិនទាន់រៀបការទេ គេមិនអនុញ្ញាតឲ្យផ្តល់អាំងប៉ាវទៅនរណាឡើយ។
ចំនួនទឹកប្រាក់ក្នុងអាំងប៉ាវប៉ុន្មាន មិនមានក្នុងច្បាប់ណាចែងទេ តែជាធម្មតា គេនិយមដាក់៖
-សម្រាប់មនុស្សចាស់ជរា (ពិសេសឪពុកម្ដាយ និងជីដូនជីតា) ចន្លោះពី១០០ $ -៣០០$
-សម្រាប់កូនរបស់អ្នកផ្ទាល់ ៖ ចន្លោះពី ២០ $ ឡើងទៅ តាមការចង់ឲ្យ
-សម្រាប់ក្មេងៗដែលមិនទាន់រកប្រាក់ដោយខ្លួនឯងបាន (ពិសេសអ្នកកំពុងនៅរៀន) មិនថាកូនរបស់មិត្តជិតស្និទ្ធ សាច់ញាតិ និងកូនរបស់អ្នកធ្វើការជាមួយគ្នា) ចន្លោះពី ៥$ -១០$
-សម្រាប់មិត្តជិតស្និទ្ធ ឬមិត្តរួមការងារ៖ ចន្លោះពី ១០$ -៣០$
-សម្រាប់បុគ្គលិកធ្វើការ (ឲ្យនៅថ្ងៃធ្វើការចុងក្រោយមុនបុណ្យចូលឆ្នាំចិនមកដល់) ចន្លោះពី ២០$ -២០០ $
យ៉ាងណាក៏ដោយ ដាច់ខាតមិនត្រូវដាក់លុយក្នុងអាំងប៉ាវ ផ្តើមដោយលេខ៤ទេ (ឧ៖ ៤០ $ , ៤០០ $) ព្រោះលេខ៤ ក្នុងជំនឿចិន តំណាងឲ្យសំណាងអាក្រក់។ ប៉ុន្តែបើអ្នកដាក់លុយដោយចាប់ផ្តើមលេខ ៨ ដូចជា ៨០$ , ៨០០ $ ជាដើមនោះនឹងបង្កើនសំណាង។
ក្រៅពីនេះ បើមាននរណាឲ្យអាំងប៉ាវមកអ្នកវិញ ត្រូវទទួលដៃ២ ដែលបង្ហាញពីការគួរសម និងត្រូវនិយាយអរគុណព្រមទាំងបង្ហាញពីក្តីសប្បាយរីករាយផងដែរ។ ចាំទៅដល់ផ្ទះ សឹមបើកមើលអាំងប៉ាវ កុំបើកមើលនៅចំពោះមុខអ្នកដែលបានឲ្យ៕
អានបន្ត៖ អ្នកសែនចូលឆ្នាំចិនគួរដឹង ព្រោះសត្រូវខាងក្រៅងាយទប់ សត្រូវខាងក្នុងពិបាកការពារ