៥ វិធីងាយស្រួលតាមបែបហុងស៊ុយ ប្រមូលលាភសំណាងឆ្នាំថ្មីចូលផ្ទះ
- 2020-01-10 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីងាយស្រួលតាមបែបហុងស៊ុយ ប្រមូលលាភសំណាងឆ្នាំថ្មីចូលផ្ទះ
តើអ្នកធ្លាប់មានអារម្មណ៍ថា ពេលខ្លះបរិយាកាសក្នុងផ្ទះហាក់ដូចជាអាប់អួរដែរទេ? មនុស្សនៅក្នុងផ្ទះក៏មានសុខភាពមិនល្អ និងធុញថប់ជាប្រចាំ។ ទន្ទឹមនឹងនេះ ឲ្យតែដើរចូលក្នុងផ្ទះ ហាក់ដូចជាមានរឿងរ៉ាវតប់ប្រមល់ មួលម៉ៅជាញឹកញាប់។ យ៉ាងណាក៏ដោយ បើតាមក្បួនហុងស៊ុយ គេអាចរំដោះគ្រោះចង្រៃនេះ ដោយកាត់បន្ថយឥទ្ធិពលអាក្រក់បានមួយភាគធំ។ ដូច្នេះ លោកអ្នកអាចអនុវត្តតាមវិធីងាយទាំង៥យ៉ាងដូចខាងក្រោម៖
**១. បើកបង្អួច ទ្វារ ឲ្យពន្លឺចេញចូលគ្រប់គ្រាន់**
ផ្ទះដែលគួរឲ្យចង់រស់នៅ គឺមានបរិយាកាសល្អ និងមានពន្លឺគ្រប់គ្រាន់ ទាំងទទួលបានពីព្រះអាទិត្យ និង អំពូលភ្លើង រួមទាំងការតុបតែងបានយ៉ាងស្អាត។ បរិយាកាសក្នុងផ្ទះត្រូវតែភ្លឺច្បាស់ និងមានខ្យល់ចេញចូល។ មិនមែនបិទបង្អួច ទ្វារជិតឈឹងងងឹតស្លុបដូចគុកនោះទេ។ ដូច្នេះ ត្រូវបន្ថែមសោភណភាពនេះ ពិសេសនៅតំបន់ងងឹត និងជ្រុងផ្ទះ។
២. ដើមឈើមានស្លឹកធ្លាក់ទ្រុឌទ្រោម ត្រូវកាត់ប្រមូលចោល ទុកដើមឈើធំៗធ្លាក់ស្លឹកមករយីករយាក ស្មៅដុះពេញផ្ទះស៊ុបទ្រុប មិនមែនជារឿងត្រឹមត្រូវទេ។ ដូច្នេះ បើផ្ទះមានដើមឈើ គួរតែកាត់ស្លឹកដែលធ្លាក់មកឲ្យផុត ប្រមូលស្លឹកឈើងាប់ៗដុតចោល។ ម្យ៉ាងទៀត រៀបចំដាំដើមឈើដែលលម្អបរិវេណផ្ទះឲ្យមានបរិយាកាសបៃតង មានរបៀបរៀបរយ។ ស្រោចទឹក និងថៃទាំសួនផ្កាច្បារដំណាំឲ្យស្រស់បៃតងខ្ចីឡើងវិញ។
៣. ផ្ដល់ ៥s ដល់ផ្ទះរបស់អ្នក
បង្កើតទម្លាប់បោសជូតសម្អាតផ្ទះឲ្យមានអនាម័យ ចែងចាំងដូចផ្ទះគ្រួសារអភិជន។ សមាជិកគ្រួសារទាំងអស់ត្រូវដាក់វេនគ្នាសម្អាតផ្ទះ រួមទាំងចេះថែមថូផ្កាមួយផងនៅលើតុ និងតុបតែងចំណុចផ្សេងៗក្នុងទីតាំងផ្ទះ។ ក្រៅពីនេះ នៅអាសនៈថ្វាយបង្គំព្រះ ត្រូវរៀបចំជើងធូបឡើងវិញ បោសជូត ដើម្បីឲ្យផ្ទះមានថាមពលឡើងវិញផងដែរ។
៤. ប្ដូរកាបូបលុយថ្មី
មើលថា តើកាបូបរបស់អ្នកមានរហែកឬហើរពណ៌ អាចប្រើបានទៀត១០០% ឬអត់? ក្នុងជំនឿហុងស៊ុយ លាភសំណាងផ្នែកហិរញ្ញវត្ថុក៏អាចតាមរយៈកាបូបលុយផងដែរ។ ម្ល៉ោះហើយ ត្រូវប្ដូរកាបូបចេញ ដើម្បីទទួលបានលាភ សំណាងថ្មីនេះ។
៥. គ្រវាត់ចោលសម្ភារៈបាក់បែក
មិនថាចានឆ្នាំង សូម្បីតែខោអាវដែលអ្នកឈប់ពាក់យូរឆ្នាំ ក៏មិនគួរនៅតែស្តុកទុកជាប់មិនព្រមបោះចោលអ៊ីចឹងដែរ។ ដល់ពេលអ្នកត្រូវជម្រុះចោលសម្ភារៈដែលបាក់បែក និងរបស់របរណាដែលលែងប្រើទៀត ដើម្បីទុកកន្លែងដាក់អីវ៉ាន់ និងទូរបស់អ្នកមានចន្លោះខ្លះ។ ព្រោះនេះក៏ជាចំណែកបង្កើតផ្នែកអារម្មណ៍កុំឲ្យស្មុគស្មាញ ពេលចង់រករបស់ណាមួយមកប្រើ៕
អានបន្ត៖ កំហុសឆ្គងពេលសង់ទ្វារទាំង៤ ធ្វើឲ្យលុយហូរចេញដូចទន្លេ គ្មានថ្ងៃសល់លុយ