មន្តស្នេហ៍ ៤យ៉ាង ដែលនារីគួរឲ្យស្រលាញ់រាប់អាន តែងយកតាមខ្លួនជានិច្ច

  • 2020-01-06 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ភាព​សុទិដ្ឋិនិយម​ក្នុង​ខ្លួន​​ស្តាប់​ទៅ​ហាក់​បី​ទាក់​ទាញ​គ្រប់​គ្រាន់​ហើយ​ មែន​អត់? មាន​តែ​មួយ​ចំណុច​ហ្នឹង តើ​អ្នក​ច្បាស់​ទេ​ថា​អាច​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន ស្រលាញ់​ចូល​ចិត្ត​​ចង់​រាប់​អាន​មែន​នោះ? មិន​ចាំ​បាច់​ខំ​ប្រឹង​ខ្លាំង​ពេក​ ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្នុង​ភ្នែក​អ្នក​ដទៃ​​ក៏​បាន​ដែរ សំខាន់​ឲ្យ​តែ​ចេះ​បន្ថែម​មន្ត​ស្នេហ៍​ ៤ យ៉ាង​នេះ​ជាប់​ខ្លួន ទោះ​ទៅ​ដល់​ទី​ណា​ក៏​មិន​ខ្វះ​ញាតិ​រាប់​រក ថែម​ទាំង​មិន​ឯកោ​ទៀត​ផង​។

ចេះ​បង្ក​បរិយាកាស​ស្រស់​ស្រាយ​ បង្កប់​ដោយ​ភាព​វិជ្ជមាន ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​

រូបតំណាង

មនុស្ស​យើង​មិន​ខុស​ពី​គ្នា​ប៉ុន្មាន​ទេ ទាំង​អ្នក​មិន​សូវ​មាត់​ក ឬ​ចូល​ចិត្ត​​និយាយ​​ច្រើន​ក៏​ដោយ អ្នក​ទាំង​អស់​នោះ សុទ្ធ​តែ​ត្រូវ​ការ​ភាព​សប្បាយ​រីករាយ​ ដូច្នេះ​បើ​អ្នក​អាច​បង្ក​បរិយាកាស​ឲ្យ​ស្រស់​ស្រាយ និយាយ​លេង​សើច​មាន​ព្រំដែន​ វា​ជា​វិធី​ស័ក្ដិសិទ្ធិ​មួយ ដែល​អាច​ជួយ​បណ្តេញ​អារម្មណ៍​មិន​ល្អ​ចេញ​ពី​ខ្លួន​ភ្លាមៗ។ លាយ​ឡំ​ជាមួយ​នឹង​ពាក្យ​លើក​ទឹក​ចិត្ត ពោរពេញ​ដោយ​ថាមពល​និង​គំនិត​វិជ្ជមាន​ទៀត នរណា​ៗ​ក៏​ចង់​នៅ​ក្បែរ​ និយាយ​ពិភាក្សា​ជាមួយ​​ដែរ។

មាន​ភាព​ស្មោះសរ​ទាំង​ខាង​ក្រៅ​និង​ខាង​ក្នុង

រូបតំណាង

​មាន​ទឹក​ចិត្ត​ល្អ ចិត្ត​ទូលាយ​ចេញ​ពី​ក្នុង​ពិតៗ​ទើប​គេ​សរសើរ​។ បើ​ខំ​ប្រឹង​សម្តែង​តែ​សំបក​ក្រៅ ទោះ​ព្យាយាម​យ៉ាង​ណា ក៏​គ្មាន​ថ្ងៃ​គេ​មើល​ឃើញ​និង​ឲ្យ​តម្លៃ​​នោះ​ទេ​។ ក្នុង​សម័យ​ទំនើប​មួយ​​នេះ​ មនុស្ស​ភាគ​ច្រើន​ បាន​រៀន​​ចេះ​ដឹង​ជ្រៅ​ជ្រះ ចូល​រួម​ក្នុង​សង្គម​ច្រើន​ ដូច្នេះ​ហើយ​គេ​អាច​គិត​វិភាគ​បែង​ចែក​ច្បាស់​ណាស់ រវាង​អ្វី​ក្លែង​ក្លាយ​និង​ពិត​ប្រាកដ។ ដូច​ពាក្យ​ចាស់​ពោល​ថា "ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង” មនុស្ស​ក៏​ដូច​គ្នា មាន​ចិត្ត​វៀចវេរ​​​មិន​ស្មោះ​ត្រង់​ យូរ​ឬ​ឆាប់​គង់​តែ​​មាន​គេ​​ដឹង​មិន​ខាន​។ ដល់​ពេល​នោះ តម្លៃ​និង​ការ​គោរព​​ស្រលាញ់​ពី​អ្នក​ដទៃ​ អាច​នឹង​ធ្លាក់​​ដល់​កម្រិត​សូន្យ។​

ចេះ​គោរព​ទាំង​ខ្លួន​ឯង ​និង​អ្នក​ដទៃ

គោរព​ខ្លួន​ឯង​ ដោយ​ការ​មិន​ប្រៀបធៀប​ខ្លួន​​ជាមួយ​អ្នក​ដទៃ នាំ​តែ​ដេក​តូច​ចិត្ត​ឥត​​អំពើ។ គោរព​អ្នក​ដទៃ​ដោយ​មិន​​យក​នរណា​ម្នាក់​ធ្វើ​ជា​សត្រូវ គុំកួន​ មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​រឿង​ឈ្នះ​ចាញ់​។ មួយ​វិញ​ទៀត កុំ​​ឆាប់​វាយ​តម្លៃ​មនុស្ស​តែ​សំបក​ក្រៅ ព្រោះ​ម្នាក់​ៗ​សុទ្ធ​​តែ​មាន​គុណ​វិបត្តិ​និង​គុណ​សម្បត្តិ​រៀងៗ​ខ្លួន​។

កុំ​ភ្លេច​យក​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត

ជីវិត​តែង​មាន​រឿង​ល្អ​និង​អាក្រក់​ ប៉ុន្តែ​ពេល​​ខ្លះ​ វា​ស្ថិត​នៅ​លើ​ការ​គិត និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​ជា​ធំ​។ ជួនកាល​ពេល​ជួប​រឿង​មិន​ល្អ​ធ្វើ​ឲ្យ​កើត​ទុក្ខ មិន​មែន​មាន​ន័យ​ថា​ជីវិត​អ្នក​នឹង​ត្រូវ​អាប់អួ​រហូត​ឯណា។ អ្នក​អាច​​ស្វះ​ស្វែង​​រិះ​រក​វិធី ដើម្បី​កែ​ប្រែ​ស្ថាន​​ភាព​ឲ្យ​ល្អ​ប្រសើរ ចាត់​ទុក​បញ្ហា​ជា​រឿង​​ទូទៅ​គង់​តែ​អាច​ដោះ​ស្រាយ​បាន​ នោះ​ជីវិត​នឹង​មាន​តែ​រឿង​ល្អ​ៗ​ចូល​មក​បន្ត​បន្ទាប់ ថែម​ទាំង​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ ជាក់​ជា​មិន​ខាន​ទេ​៕​

រូបតំណាង

ចុចអានបន្ត៖ ផ្នែកទាំង ៤ នៅលើរាងកាយ ដែលអាចបញ្ជាក់ថាអ្នកជាមនុស្សឆ្លាត

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម