នេះ​ជា​អ្វី​ដែល​ភរិយា​ចង់​បាន! លោក ទិត្យ ថាវរិទ្ធ៖ បង​មិន​ស្ដាយ​ក្រោយ​ទេ​ដែល​ជ្រើសយក​អូន

  • 2019-12-24 08:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក ទិត្យ ថាវរិទ្ធ អគ្គនាយករង​ទូរទស្សន៍​បាយ័ន និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ បាន​ធ្វើ​ឲ្យ​ភរិយា​របស់​លោក គឺ​អ្នក​នាង នៅ សុនិតា រំភើប ព្រោះ​នោះ​ជា​អ្វី​ដែល​នាង​បាន​ឃើញ​លើក​ទី​១​បំផុត ចាប់​តាំង​ពី​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​មក។

តាម​ការ​កត់​សម្គាល់ នា​ពេល​កន្លង​មក លោក ទិត្យ ថាវរិទ្ធ កម្រ​នឹង​បញ្ចេញ​អារម្មណ៍ ពាក្យ​សំដី​អំពី ឬ​កាយ​វិការ​ណា​មួយ​បង្ហាញ​ពី​ជម្រៅ​បេះដូង​របស់​លោក​ចំពោះ​ភរិយា និង​កូន​លោក​ណាស់។ ប៉ុន្តែ​មិន​មាន​ន័យ​ថា លោក​មិន​គិត​បារម្ភ ឬ​មិន​ស្រឡាញ់​ពី​ពួក​គេ ប៉ុន្តែ​សាមី​ខ្លួន​ខាង​ស្រី បាន​ប៉ាន់​ស្មាន​ថា ភាព​ចាស់​ទុំ ទំនង​ជា​ហេតុផល​ដែល​រារាំង​ភាព​ក្លាហាន​របស់​ស្វាមី។ នេះ​បើ​តាម​ការ​ឆ្លើយ​ឆ្លង​កន្លង​មក។

ដូច្នេះ​ហើយ ភ្លាម​ៗ​ក្រោយ​ពី នៅ សុនិតា សម្រាល​បុត្រ គេ​កម្រ​ឃើញ​លោក បង្ហោះ​រូប​ជាមួយ​តំណក់​ឈាម​លោក​ណាស់ រហូត​ដល់​សារព័ត៌មាន​មួយ​ចំនួន បាន​យក​ចំណុច​នេះ​ធ្វើ​ប្រធាន​បទ​ទៀត​ផង។ ប៉ុន្តែ​អ្វី​ៗចាប់​ផ្ដើម​ប្រែប្រួល នៅ​រយៈ​កាល​ចុង​ក្រោយ ដោយ​លោក​ឧស្សាហ៍​ឃើញ​បង្ហោះ​រូប​ជាមួយ​កូន​ប្រុស​តូច​របស់​លោក។ យ៉ាង​ណា ក៏​លោក​កម្រ​នឹង​បញ្ចេញ​សារ​ផ្អែម​ល្ហែម​ដដែល ដោយ​ទើប​នៅ​ថ្ងៃ​នេះ បាន​លេច​សារ​ផ្អែម​ល្ហែម​ដំបូង​របស់​លោក​ផ្ញើ​ចំពោះ​ភរិយា។

លោក ទិត្យ ថាវរិទ្ធ សរសេរ​ថា "អូន​ជា​ឧត្ដម​ភរិយា​តែ​មួយ​គត់​របស់​បង សូម​ឲ្យ​អូន និង​កូន​មាន​ក្ដី​សុខ​ជា​រៀង​រហូត បង​នឹង​សង​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​អូន និង​កូន...បង​ពិត​ជា​មិន​ស្ដាយ​ក្រោយ ដែល​បាន​ជ្រើសរើស​អូន...”។ នេះ គឺ​ជា​សារ​លក្ខណៈ​ឯកជន​ដែល លោក ថាវរិទ្ធ ផ្ញើ​ទៅ សុនិតា ហើយ​ភរិយា​រូប​នេះ យក​មក​បង្ហាញ​ប្រិយមិត្ត​នាង​នៅ​លើ​បណ្ដាញ​សង្គម។

ជាមួយ​គ្នា សុនិតា ថ្លែង​ថា នេះ​ជា​លើក​ទី​១​ដែល​ស្វាមី​សរសេរ​មក​នាង​បែប​នេះ ហើយ​នាង​បាន​លើក​ជា​សំណួរ​ថា "បើ​ជា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?"។ តារា​ស្រី បាន​តប​ទៅ​ស្វាមី​វិញ​ថា នាង​ធ្វើ​តាម​ការ​សន្យា​របស់​នាង​ដែល​បាន​សន្យា​ជាមួយ​ស្វាមី ក្នុង​នាម​ជា​ភរិយា​មួយ​រូប។ នាង​តប​ថា "អូន​បាន​សន្យា​រួច​ហើយ​ទោះ​កាលៈទេសៈ​ណា ក៏​អូន​មិន​អាច​អោយ​បង​ឯកា​ម្នាក់​ឯង​បាន​ដែរ រក្សា​ភាព​ស្មោះត្រង់ និង​សុភមង្គល"។

ភាព​ផ្អែម​ល្ហែម របស់​ស្វាមី ភរិយា មួយ​គូ​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម មោទកភាព​ជំនួស ក្នុង​នោះ មិត្ត​សិល្បៈ​របស់​ពួក​គេ​ជា​ច្រើន​បាន ចូល​មក​សាទរ និង​សរសើរ​ពី​សំណាង​របស់​ពួក​គេ​រៀង​ខ្លួន ដែល​បាន​ជួប​ប្រសព្វ​គ្នា​លើ​វិថី​ជីវិត​គូ​ដ៏​ត្រចះត្រចង់ គួរ​ឲ្យ​ច្រណែន។

លោក ទិត្យ ថាវរិទ្ធ និង នៅ សុនិតា បាន​ធ្លាយ​ទំនាក់​ទំនង​ផ្លូវ​ការ​ជាមួយ​គ្នា​កាល​ពី​ដើម​ឆ្នាំ​នេះ បន្ទាប់​ពី​ព្យាយាម​លាក់​បាំង​អស់​រយៈ​ពេល​យ៉ាង​យូរ។ ក្រោយ​អ្វី​ៗ​ត្រូវ​ទម្លាយ ពួក​គេ​បាន​រួម​រស់​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​រហូត​ដល់​មាន​បុត្រ​ម្នាក់ និង​ត្រូវ​មហាជន​ចោទ​ថា ពួក​គេ​រួម​រស់​ជាមួយ​គ្នា​ដោយ​មិន​បាន​រៀបការ ខុស​ប្រពៃណី។ ប៉ុន្តែ សុនិតា ធ្លាប់​ឆ្លើយ​ប្រាប់ Sabay ថា នាង និង​លោក ថាវរិទ្ធ បាន​រៀបការ​នឹង​គ្នា​រួច​ហើយ។

"ខ្ញុំ​អត់​បាន​ធ្វើ​ខុស​នឹង​ប្រពៃណី​ទេ​បង គឺ​ពួក​ខ្ញុំ​រៀបការ​រួច​ហើយ គ្រាន់​តែ​ធ្វើ​មិន​ធំ​ដុំ ត្រឹម​ជួប​ជុំ​សាច់​ញាតិ ដើម្បី​ចាស់​ទុំ​ទាំង​សងខាង​ដឹង​លឺ និង​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ប្រមាណ​ជាង ១០​នាក់​ប៉ុណ្ណោះ"។ នីតា ថ្លែង​ប្រាប់​កាល​ពី​ពេល​មុន៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម