សុំក្តីសុខពីអ្នកដទៃពិបាកណាស់! មនុស្សស្រីឆ្លាត ជឿជាក់ខ្ពស់តែងផ្តោត៥ចំណុចនេះ

  • 2019-12-19 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​ថ្មី​នេះ បើ​ចង់​រក​មនុស្ស​ស្រី​ស្អាត​ម្នាក់ ប្រហែល​ជា​មិន​ពិបាក​ទេ ព្រោះ​អ្នកណា​ៗ ក៏​អាច​ចេះ​តិកនិក​តុបតែង​ខ្លួន​ស្អាត ខ្ញង់​ៗ​បាន​ដូចគ្នា បើ​គ្រាន់​តែ​មើល​ពី​ខាងក្រៅ​ទៅ។ ប៉ុន្តែ បើ​និយាយ​ដល់​នារី​ឆ្លាត និង​មាន​ភាព​រឹងមាំ​ពិត​ប្រាកដ ចេញ​ពី​ខាង​ក្នុង​ខ្លួន​មក ប្រហែល​ជា​មិនមែន​ជា​រឿង​ងាយស្រួល​ស្វែងរក​ប៉ុន្មាន​នោះ​ទេ។

រូបតំណាង

នារី​ប្រភេទ​នេះ ភាគ​ច្រើន​មាន​ស្តង់ដារ​ជីវិត​ខ្លួនឯង និង​លក្ខណៈ​ពិសេសៗ មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​នាង​រីករាយ​ខុស​ពី​អ្នក​ធម្មតា​ៗ។

ថ្ងៃនេះ កញ្ញា សូម​ជូន ៦ចំណុច ដូច​ខាងក្រោម​បង្ហាញ​ថា អ្នក​​ជា​មនុស្ស​ស្រី​រឹងមាំ ​ជឿជាក់​ខ្ពស់ និង​ស្រស់ស្រាយ​បំផុត​ចេញ​ខាង​ក្នុង​មក មិនមែន​គ្រាន់​តែ​ជា​ការ​សម្ដែង​លាក់បាំង​ភ្នែក​អ្នកដទៃ​នោះ​ទេ។ ហេតុ​ដូចនេះ​ហើយ ទើប​បុរស​ភាគច្រើន​តែង​ប្រាថ្នា​ចង់បាន​​នារី​ប្រភេទ​នេះ ធ្វើ​ជា​ដៃ​គូ​ជីវិត។

១. ឲ្យ​តម្លៃ​សុខភាព​ល្អ​ជា​ចម្បង

ស្ដាប់​ទៅ ដូច​ជា​សាមញ្ញ! តែ​សម្រាប់​នារី​ប្រភេទ​ឆ្លាត តែង​ឲ្យ​តម្លៃ និង​ផ្ដល់​អាទិភាព​ចម្បង​ចំពោះ​សុខភាព​ខ្លួនឯង​ជា​ធំ។ នាង​មិន​ដែល​គិត​ ឬ​ចង់​ឲ្យ​សម្រស់​ ក្រៅ​ខ្លួន​ស្អាត​រយៈ​ពេល​ខ្លី តែ​បំផ្លាញ​សុខភាព​​មួយ​ជីវិត​នោះ​ទេ។

នាង​ដឹង​ច្បាស់​ថា នេះ​ជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី​គួរ​ដឹង ព្រោះ​ស្រីៗ កើត​មក​មាន​សរីរាង្គ​ទន់​ខ្សោយ​ពី​ធម្មជាតិ មិន​ដូច​បុរស។ នាង​ស្រឡាញ់​សុខភាព តែង​គិត​ថា កុំ​ចាំ​ដល់​អ្នក​ឈឺ​ធ្ងន់ ឬ​ដុនដាប ទើប​រត់​ទៅ​រក​ពេទ្យ។

រូបតំណាង

២. មាន​ទម្លាប់​រស់នៅ​ល្អ​ធ្វើ​ឲ្យ​ខ្លួនឯង​រីករាយ

មិន​យក​ភាព​រវល់ ឬ​ខ្ជិល​មក​ដាក់​មុខ​ទេ សម្រាប់​មនុស្ស​ស្រី​​ឆ្លាត នៅ​តែ​អាច​រក្សា​ទម្លាប់​រស់នៅ​ល្អ និង​ឆ្លៀត​ពេល​ដើម្បី​ធ្វើ​ឲ្យ​ឯង​រីករាយ មិន​តប់​ប្រមល់ តាម​រយៈ​ការ​ចំណាយ​ពេល​វេលា​ខ្លះ​ៗ ហាត់ប្រាណ​នៅ​ពេល​ព្រឹក ១០ ឬ១៥នាទី​យ៉ាងតិច ជា​ប្រចាំ។

រូបតំណាង

ដោយ​ហេតុ​ថា មាន​សុខភាព​ល្អ​ ជីវិត​នឹង​រីករាយ ដូច្នេះ​នាង​​មាន​ទម្លាប់​ទៅ​ត្រួត​ពិនិត្យ​សុខភាព​ទូទៅ​សម្រាប់​ខ្លួនឯង ជា​ប្រចាំ​ឆ្នាំ ​យ៉ាង​ហោច​ណាស់ ១ដង និង​ដើម្បី​តាមដាន​ជំងឺ​នានា​ដែល​ស្ត្រី​​តែង​ប្រឈម​ មាន​ដូចជា៖ ពុក​ឆ្អឹង មហារីក​សុដន់ ឬ​មហារីក​មាត់ស្បូន​ ជាដើម។

៣. បង្កើន​ចំណេះដឹង និង​ចំណូល​ខ្លួនឯង​ជានិច្ច

ភាគច្រើន​មនុស្ស​ស្រី​ពូកែ មិន​សូវ​ចេះ​នៅ​ស្រួល​ៗ ឬ​ទំនេរ​ៗ​នោះ​ទេ។ នាង​ជា​មនុស្ស​រវល់ និង​ពោរពេញ​ដោយ​ថាមពល​ ដើម្បី​ទទួល​ខុសត្រូវ​ជីវិត​ខ្លួនឯង​បាន​យ៉ាង​ល្អ។ មាន​​ភាព​រឹងមាំ​ស្រាប់! ដាច់ខាត​នាង​មិន​ដែល​ចាំ​តែ​លា​ដៃ​សុំ​អ្នក​ណា​ចាយ មិនថា​នាង​កំពុង​មាន​ប្ដី ឬ​បុរស​ល្អ​អាច​ផ្គត់ផ្គង់​យ៉ាង​ណា​ក៏​ដោយ។

រូបតំណាង

ទោះ​នឿយ​ហត់ តែ​នាង​តែង​ចង់​រៀន​សូត្រ​អ្វី​ថ្មី​ៗ ដុះ​ខាត់ ​ចំណេះដឹង និង​ស្វែងរក​ជំនាញ​សមស្រប​មួយ ដើម្បី​អាច​រក​លុយ​ចាយ​ខ្លួន​ឯង​ពេញ​ៗ​ដៃ និង​រួមចំណែក​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​​គ្រួសារ​ឲ្យ​កាន់តែ​រឹងមាំ។ នារី​ប្រភេទ​នេះ តែង​មាន​ទម្លាប់ និង​ជំនាញ​អាន​សៀវភៅ​ដ៏​ស្ទាត់​ជំនាញ​ផង​ដែរ។

រូបតំណាង

៤. ពូកែ​រឿង​គ្រប់គ្រង​លុយកាក់​

នាង​មាន​ចំណេះ​ដឹង និង​ជំនាញ​ខ្ពស់​ ដូច្នេះ​នាង​ក៏ពូកែ​ទុកដាក់ និង​ចាត់ចែងលុយកាក់​ដ៏​ចំណាន។ មនុស្ស​ស្រី​បែបនេះ មាន​ទិសដៅ​ច្បាស់លាស់​ ចាយ​វាយ​ត្រូវ​ខ្ទង់​ចំណាយ និង​អាច​ត្រៀម​លក្ខណៈ​បាន​គ្រប់​ស្ថានការណ៍។

រូបតំណាង

នាង​តែង​មាន​វិន័យ​ខ្ពស់ និង​លំនឹង​ផ្នែក​លុយ​កាក់ ដាច់ខាត​មិន​ឲ្យ​ខ្វះ​មុខ ឬ​ខ្វះ​ក្រោយ។ ព្រោះ​នាង​ច្បាស់​ក្នុង​ចិត្ត​ថា ជីវិត​មនុស្ស​យើង​អាច​មាន​ពេល​ឡើង និង​ពេល​ចុះ មិន​ទៀងទាត់ ឬ​ពេលខ្លះ​មាន​ករណី​បន្ទាន់​ៗ ដែល​ត្រូវ​ការ​លុយ​បំផុត​មក​ដោះស្រាយ។

៥. ប៉ិនប្រសប់​ខាង​ទំនាក់ទំនង​

រូបតំណាង

មនុស្ស​ស្រី​ប្រភេទ​នេះ មាន​ភាព​ចាស់ទុំ មិនថា​វ័យ​នៅ​ក្មេង​បន្តិច​ក៏​ដោយ​! នាង​ពូកែ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បាន​ខ្ពស់ បើ​ទោះ​ជា​ពេល​កំពុង​តែ​ខឹង ក៏​មិន​ងាយ​ច្រឡោត ឆេវឆាវ​ដែរ។ នាង​ដឹង​យ៉ាង​ច្បាស់​ថា ជីវិត​យើង​ម្នាក់​ៗ ​មិន​អាច​រស់នៅ​គ្មាន​ទំនាក់ទំនង​នោះ​ទេ មិនថា​អ្នក​ស្គាល់​គ្នា​ជិតស្និទ្ធ ឬ​ស្គាល់​គ្នា​តិចតួច​ក៏ដោយ។

រូបតំណាង

ស្ត្រី​ប្រភេទ​នេះ ឆ្លាតវៃ និង​មាន​ភាព​ច្បាស់លាស់ និង​ចេះ​បត់បែន​តាម​កាលៈទេសៈ​បាន​ល្អ។ និយាយរួម គឺ​អាច​ឆាប់​ចុះចូល ឬ​ស្គាល់​គេឯង មិនថា​ការរស់នៅ ឬ​បំពេញ​កិច្ច​ការងារ​តូច ធំ​នោះ​ទេ។ ក្នុង​សម័យ​បច្ចេកវិទ្យា​នារី​បែបនេះ គឺ​ដឹង​ច្បាស់​ពី​របៀប​ប្រើប្រាស់ និង​ទាក់ទង​តាម​បណ្ដាញ​សង្គម ប្រកប​ដោយ​ប្រសិទ្ធភាព មិនមែន​អង្គុយ​តែ Online ចោល​ៗ ខុស​ពេលវេលា និង​គ្មានទិសដៅ​នោះ​ទេ។

៦. មាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​ និង​ក្ដី​សង្ឃឹម​ក្នុង​ជីវិត

នាង​មិន​ចូលចិត្ត​លាក់បាំង​ការ​ឈឺចាប់ ឬ​សម្ដែង​ជា​រីករាយ តែ​ធាតុ​ពិត​ កំពុង​តែ​មាន​បញ្ហា​ជុំ​ទិស​នោះ​ទេ។ នារី​បែបនេះ គឺ​ងាយ​ស្រួល​ចំណាំ និង​តែង​មាន​ស្នាម​ញញឹម​ដ៏​ស្រស់ស្រាយ បរិសុទ្ធ ចេញ​ពី​ចិត្ត​មក និង​ក្ដី​សង្ឃឹម​ឲ្យ​ខ្លួន​ឯង​ជានិច្ច។ នាង​ក៏​ជា​ប្រភេទ​មនុស្ស​ក្លាហាន ស្វាហាប់ មិន​ចេះ​ខ្លាច​មុខ​ ខ្លាច​ក្រោយ​ ដោយ​គ្មាន​ហេតុផល​នោះ​ទេ។

រូបតំណាង

មនុស្ស​ស្រី​រឹងមាំ​បែប​នេះ ក៏​ជា​អ្នក​ដែល​​មាន​ភាព​ស្មោះត្រង់​ ចូលចិត្ត​ជួយ​យក​អាសា​គេ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​អ្នក​ផង​ចង់​រាប់អាន ឬ​ប្រឹក្សា​រឿង​សម្ងាត់​ៗ ក្នុង​ចិត្ត​នានា​បាន​ដោយ​កក់​ក្ដៅ​បំផុត។

៦​ចំណុច​ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​ខាងលើ​នេះ គ្រាន់តែ​ជា​ការ​ជ្រុង​មួយ ដែល​បង្ហាញ​ពី​លក្ខណៈ​សំខាន់​ខ្លះ​ៗ នៃ​នារី​រឹងមាំ និង​ចេះ​ផ្ដល់​ភាព​រីករាយ​ឲ្យ​ខ្លួនឯង ដោយ​មិន​ចាំបាច់​រង់ចាំ​អ្នកដទៃ​ផ្ដល់​ឲ្យ។ ទាំងនេះ​ជា​គ្រឿង​លម្អ​ពី​ខាង​ក្នុង​ខ្លួន ដែល​កាន់​តែ​បង្កើន​ភាព​ស្រស់​ស្អាត​ឲ្យ​មនុស្ស​ស្រី។ ក្នុង​ជីវិត​ជាក់ស្ដែង អាច​មាន​ចំណុច​ផ្សេង​ពី​នេះ ទៅ​តាម​បុគ្គល​នីមួយ​ៗ។

ចុចអានបន្ត៖មនុស្សស្រីរឹងមាំស្រឡាញ់ភាពស្អាតពីខាងក្នុងជាជាងសម្រស់ក្រោមមុខកាំបិត

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម