ទម្រង់ភ្នែកអាចបញ្ជាក់ច្បាស់ៗ ពីអត្តចរិតផ្សេងគ្នារបស់មនុស្សម្នាក់ៗ
- 2019-12-17 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រង់ភ្នែកអាចបញ្ជាក់ច្បាស់ៗ ពីអត្តចរិតផ្សេងគ្នារបស់មនុស្សម្នាក់ៗ
ភ្នែកប្រៀបបានដូចជាកញ្ចក់មើលធ្លុះទៅដល់បេះដូង និងអាចបង្ហាញពីអារម្មណ៍និងគំនិតរបស់មនុស្សម្នាក់ៗ។ អ្នកអាចលាក់បាំងរឿងរ៉ាវដោយការនិយាយកុហក ប៉ុន្តែអ្នកមិនអាចលាក់បាំង តាមរយៈក្រសែភ្នែកបានឡើយ។ នៅក្នុងសរីរវិទ្យា ភ្នែកតំណាងឲ្យប្រាជ្ញា ភាពជាអ្នកដឹកនាំ និងកម្លាំងថាមពល។ ទំហំរួមទាំងទម្រង់នៃភ្នែក ក៏អាចបញ្ជាក់យ៉ាងច្បាស់ពីអត្តចរិត និងវាសនាខុសគ្នា របស់មនុស្សយើងបានដែរ។
១. ភ្នែកធំក្រឡង់
ជាមនុស្សដែលតែងតែសប្បាយរីករាយ គួរឲ្យស្រលាញ់ ងាយចុះសម្រុងជាមួយអ្នកដទៃ ប៉ុន្តែមិនងាយកើតទុក្ខស្មុគស្មាញ ជាមួយបញ្ហាតូចតាច។ រីឯចំណុចខ្សោយវិញគឺឆាប់ជឿទុកចិត្តគេលឿនពេក ជាហេតុធ្វើឲ្យធ្លាក់ក្នុងឧបាយកលបោកបញ្ឆោតរបស់ជនអគតិមួយចំនួន។ មនុស្សស្រីដែលមានភ្នែកធំក្រឡង់ តែងតែមានមន្តស្នេហ៍ មានដុងផ្នែកសិល្បៈ មានសំឡេងពីរោះ និងចូលចិត្តបណ្តែតអារម្មណ៍ជាមួយចង្វាក់ភ្លេង។
២. ភ្នែកតូច
ជាមនុស្សដែលមានចិត្តត្រជាក់ ចេះប្រុងប្រយ័ត្ន និងអាចគ្រប់គ្រងអារម្មណ៍បានល្អ។ មុនពេលធ្វើអ្វីមួយ អ្នកតែងរៀបចំចាត់ចែងយ៉ាងម៉ត់ចត់ និងចាប់ផ្តើមពីមួយជំហានទៅមួយជំហាន។ អ្នកក៏ជាប្រភេទមនុស្ស ដែលមានគំនិតបែបបុរាណ ប៉ុន្តែស័ក្តិសមខ្លាំងជាមួយមុខជំនាញមេកានិច វិភាគ និងគ្រប់គ្រងហិរញ្ញវត្ថុ។ អ្នកចូលចិត្តភាពស្ងៀមស្ងាត់ មិនសូវចេះមាត់ក មិនត្រេកត្រអាលនៅកន្លែងមានមនុស្សអ៊ូអរច្រើន និងអៀនប្រៀនពេលសន្ទនាជាមួយភេទផ្ទុយគ្នា។
៣. ទម្រង់ភ្នែកវែង
អ្នកជាមនុស្សគិតគូរម៉ត់ចត់ វៃឆ្លាត និងស្ទាត់ជំនាញលើគ្រោងការណ៍ផ្សេងៗ។ ជាមួយនឹងអត្តចរិតមិនឆេវឆាវ និងមិនពុតត្បុត ជាហេតុនាំឲ្យអ្នកអាចទទួលបានជោគជ័យលើកិច្ចការផ្សេងៗ។ អ្នកជ្រើសរើសផ្លូវជីវិត ដែលមានក្តីសុខ គ្មានទុក្ខជំពាក់ជំពិនច្រើន។
៤. ភ្នែកមូល
ទម្រង់ភ្នែកបែបនេះ បញ្ជាក់ថាជាមនុស្ស ដែលឆ្លាតវៃ សប្បាយស្រស់ស្រាយ និងមានមនោសញ្ចេតនាខ្ពស់ ព្រមទាំងមានគេឯងចាប់អារម្មណ៍ច្រើន ប៉ុន្តែអាចជួបបរាជ័យ ដោយសារខ្វះការត្រិះរិះពិចារណាល្អិតល្អន់។ អ្នកឆាប់បញ្ចេញប្រតិកម្ម ចេះសម្របខ្លួន មានគំនិតវិជ្ជមាន មិនចេះលាក់អារម្មណ៍ និងប៉ិនប្រសប់ក្នុងការទំនាក់ទំនងក្នុងសង្គម។ អ្នកចូលចិត្តភាពរ៉ូមែនទិក ប៉ុន្តែពិបាកទប់អារម្មណ៍ ពេលមានឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។
៥. ភ្នែកធ្លាក់នៅផ្នែកកន្ទុយ
អ្នកជាប្រភេទមនុស្សដែលពូកែខាងសង្កេតតាមដាន មានការត្រិះរិះពិចារណាខ្ពស់ ចេះប្រុងប្រយ័ត្នរាល់ពេលធ្វើអ្វីមួយ និងអាចជាជំនួយការដ៏ឆ្នើមមួយរូប។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានកន្ទុយភ្នែក ធ្លាក់ខ្លាំងពេក ក៏អាចបញ្ជាក់ពីចំណុចខ្វះខាត ស្ទាក់ស្ទើរ ពិបាកក្នុងការសម្រេចចិត្តលើបញ្ហានានា។
៦. ភ្នែកមានកន្ទុយបាញ់ឡើងលើ
អ្នកជាមនុស្សសកម្ម រហ័សរហួន ចូលចិត្តនិយាយត្រង់ៗ ចេះបម្លែងបរិយាកាសឲ្យល្អប្រសើរ និងប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍។ អ្នកមានទំនុកចិត្តលើខ្លួនឯង ប្រកាន់គំនិតសុទិដ្ឋិនិយម គ្រាន់តែពេលខ្លះ ខ្វះការពិចារណាវែងឆ្ងាយ មាត់ឆៅបន្តិច ជាហេតុបណ្តាលឲ្យពេលខ្លះ មានមនុស្សមិនចូលចិត្តឬបង្កជាការឈ្លោះប្រកែកគ្នាជាដើម។
៧. ភ្នែកវែងហើយបាញ់ឡើងលើ
វាជាទម្រង់ភ្នែកដែលត្រូវបានគេឲ្យឈ្មោះថា (phoenix eye) ដែលអាចបង្ហាញពីបុគ្គលិកលក្ខណៈស្រទន់មានមន្តស្នេហ៍ មានមនោសញ្ចេតនា ថែមទាំងមានប្រជាប្រិយភាព ទាក់ចិត្តពីមនុស្សភេទផ្ទុយគ្នា។ អ្នកជាមនុស្សដែលបង្កប់ដោយអាថ៌កំបាំង មានទេពកោសល្យទាំងផ្នែកសម្រស់និងការសិក្សារៀនសូត្រ៕
តើមួយណាជាទម្រង់ភ្នែករបស់អ្នក?
ចុចអានបន្ត៖ ស្រីៗចង់ដឹងថាពេលខ្លួនរៀបការពេលណាមែនអត់ តោះចឹងមើលការទស្សន៍ទាយបាតដៃទាំងអស់គ្នា