៧ យ៉ាងមិនចាំបាច់លះបង់ ដើម្បីផ្គាប់ចិត្តមនុស្សក្នុងសង្គមបច្ចុប្បន្ន

  • 2019-12-13 08:35:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 14

ដោយ​សារ​តែ​មាន​គំនិត​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូលចិត្ត​រាប់​អាន អ្នក​តែង​តែ​ខិត​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង មើល​ទៅ​ល្អ​ឥត​ទាស់ ក្នុង​ភ្នែក​អ្នក​ដទៃ។ យ៉ាង​ណា​កុំ​ភ្លេច​ថា គ្មាន​នរណា​ម្នាក់​កើត​មក​ល្អ​ឥត​ខ្ចោះ​ឡើយ។ អ្នក​​មិន​អាច​ផ្គាប់​មនុស្ស​រាល់​គ្នា​បាន​ទេ​​ ហើយ​ក៏​មិន​ចាំ​បាច់​​​ប្រឹង​ធ្វើ​បែប​នោះ​​​ដែរ។ ដរាប​ណា អ្នក​​ឲ្យ​តម្លៃ​ធ្វើ​អ្វី​​ជា​ខ្លួន​ឯង​ ជា​ជាង​​ការ​ខ្វល់​ពី​គំនិត​អ្នក​ដទៃ​ សុភមង្គល​និង​ទំនាក់​ទំនង​ពិត​ប្រាកដ​ជា​រត់​មក​ដោយ​​ឯងៗ។

ខាង​ក្រោម​នេះ​ គឺ​ជា​រឿង​រ៉ាវ​មួយ​ចំនួន ដែល​អ្នក​មិន​ចាំ​បាច់​ធ្វើ​ឬ​លះ​បង់​ ដើម្បី​​ទាមទារ​ចំណាប់​អារម្មណ៍ ការ​ស្រលាញ់​ចូល​ចិត្ត​ពី​អ្នក​ផ្សេង ដោយ​មិន​បាន​​ឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​ធំ​​។

១. ​ប្រឹង​បន្ទាប​ខ្លួន​​ខ្លាំង​ពេក

ការ​ខំ​ប្រឹង​​ដាក់​ខ្លួន ធ្វើ​ជា​មិន​ចង់​អួត​អាង គ្មាន​អ្វី​គួរ​ឲ្យ​កោត​​សរសើរ​ឡើយ។ មនុស្ស​ប្រភេទ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ចូល​ចិត្ត​ធ្វើ​ជា​ត្អូញត្អែរ​ដាក់​ខ្លួន ចង់​បង្ហើប​​ប្រាប់​ឲ្យ​គេ​ដឹង​ ប៉ុន្តែ​មិន​ហ៊ាន​និយាយ​ចំៗ ធ្វើ​ជា​​​​បញ្ឆិតបញ្ឆៀង ​ស្តាប់​ទៅ​គួរ​ឲ្យ​ធុញ​ទ្រាន់​ខ្លាំង​ណាស់។ បើ​មិន​ចង់​អួត​​អាង​ទេ​ អាច​នៅ​ស្ងៀម​ធ្វើ​ធម្មតាៗ​បាន​ហើយ តែ​បើ​ជ្រុល​ជា​ចង់​អួត​ទៅ​ហើយ គួរ​បញ្ចេញ​ត្រង់​ៗ​តែ​ម្តង​ទៅ ដើម្បី​កុំ​ឲ្យ​ហត់​ចិត្ត​នឹង​ការ​ធ្វើ​ពុត​ខ្លាំង​ពេក។

​​​​​​២. ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​​ចង់​អួត​អ្នក​ដទៃ ច្រើន​ជាង​ការ​សប្បាយ​រីករាយ​នឹង​ទិដ្ឋភាព​ពិត

នា​សម័យ​បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ទៅ​ដើរ​លេង​ក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក នៅ​កន្លែង​ស្អាត​ៗ ដើម្បី​តែ​​បាន​បង្ហោះ​ ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​លេង​ក្នុង​បណ្តាញ​សង្គម​ ជា​ហេតុ​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​មិន​អាច​ទទួល​យក​ទិដ្ឋភាព​ជាក់​ស្តែង និង​ភាព​សប្បាយ​រីករាយ​ពិត​ប្រាកដ។ រហូត​ដល់​ពេល​ខ្លះ មាន​មនុស្ស​មួយ​ចំនួន​ លែង​ចង់​ស្រូប​យក​បរិយាកាស​ធម្មជាតិ​ស្រស់​ស្រាយ ដើម្បី​លំហែ​អារម្មណ៍ ហើយ​បែរ​ជា​ផ្តោត​សំខាន់​​លើ​កន្លែង​ថតរូប​តែ​មួយ​មុខ​ទៅ​វិញ។

៣. មាន​ស្នេហា​ដើម្បី​ឲ្យ​ល្អ​មើល​តែ​សំបក​ក្រៅ

ក្នុង​សង្គម​ទំនើប ពេល​​ណាត់​ជួប​គ្នា​ឬ​​ពេល​មាន​ស្នេហា ម្នាក់​ៗ​បាន​វាយ​តម្លៃ​តែ​លើ​សំបក​ខាង​ក្រៅ ខ្វះ​ក្តី​ស្មោះ​ត្រង់​​ពិត​ប្រាកដ។ ភាគ​ច្រើន​ដៃ​គូ​ទាំង​សង​ខាង ខ្វះ​​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​ធាតុ​ពិត ព្រោះ​ខ្លាច​ភាគី​ម្ខាង​ទៀត​ មិន​អាច​ទទួល​យក​ចំណុច​ខ្វះ​ខាត​ដែល​ខ្លួន​មាន​។ ជាក់​ស្តែង​ មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិត ច្បាស់​ជា​មើល​ឃើញ​ពី​តម្លៃ​ពិត​របស់​អ្នក។

៤. ស្លៀក​ពាក់​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ដទៃ

ស៊ូ​រឹប​តឹង​ខ្លួន​ប្រាណ ចង្អៀត​ណែន​​ធ្វើ​អ្វី​ក៏​ពិបាក​ ដើម្បី​តម្រូវ​ភ្នែក​អ្នក​ដទៃ។ មែន​ហើយ​ ពេល​ខ្លះ​ភាព​លេច​ធ្លោ​ទាក់​ទាញ ជា​ដំណើរ​មួយ​អាច​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​អាជីព​។ យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​ដាក់​សម្ពាធ​ហួស​កម្រិត​ដល់​ខ្លួន​ឯង​ដាច់​ខាត​។

៥. បង្អួត​ទំនាក់ទំនង​ស្នេហា​ក្នុង​បណ្តាញ​សង្គម​ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត

​គូ​ស្នេហ៍​មិន​​តិច​ទេ ដែល​ចូល​ចិត្ត​​បង្ហោះ​បង្អួត​ភាព​ផ្អែម​ល្ហែម និង​ចង់​បង្ហាញ​​ពិភព​លោក​ឲ្យ​ដឹង​ថា ស្នេហា​របស់​ពួក​គេ​ពិត​ជា​រឹង​មាំ​ គ្មាន​អ្វី​បំបែក​បាន។ ផ្ទុយ​ទៅ​វិញ​ តាម​​ការ​សិក្សា​មួយ​បាន​​បញ្ជាក់​ថា ជា​ទូទៅ គូ​ស្នេហ៍​ដែល​​និយម​ធ្វើ​បែប​នេះ​ញឹកញាប់ តែង​តែ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​ចំពោះ​គ្នា មាន​​រឿង​ស្មុគស្មាញ​ច្រើន​ជាង​លំនឹង​ឋិតថេរ។

៦. គិត​ថា​ការ​រៀប​ការ​ដោយ​ភាព​​ហ៊ឹកហ៊ាក់​ជា​រឿង​ចាំ​បាច់

សព្វ​ថ្ងៃ​នេះ ​សង្កេត​ឃើញ​ថា​​ការ​រៀប​អាពាហ៍ពិពាហ៍​ មិន​ត្រឹម​តែ​ជា​ពិធី​មួយ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​បង្អួត​ពី​ភាព​ស៊ីវិល័យ ហ៊ឹកហ៊ាក់​ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវជិត​ឆ្ងាយ។ វា​​គឺ​ជា​សិទ្ធិ​របស់​មនុស្ស​ម្នាក់​ៗ ​ដែល​គេ​​អាច​ធ្វើ​អ្វីៗ​ទៅ​តាម​ទឹក​លុយ​រៀង​ៗ​ខ្លួន​។ ហេតុនេះ​ហើយ អ្នក​ក៏​មិន​ចាំ​បាច់​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង ធ្វើ​អ្វី​ហួស​សមត្ថភាព​នោះ​ទេ។ ភាព​ស្ថិតស្ថេរ​​គង់​វង្ស​នៃ​ស្នេហា​ សំខាន់​ជាង​​ការ​ប្រារព្ធ​វិធី​ធំ​ដុំ។

៧. បោះបង់​ចោល​ក្តី​ស្រមៃ

ក្តី​ស្រមៃ​ គោលដៅ​ជាក់​លាក់ ដែល​អ្នក​ខំ​ប៉ង​ប្រាថ្នា​ចង់​បាន​ជា​យូរ​​មក​ហើយ ដាច់​ខាត​កុំ​​បោះ​បង់​ចោល​ពាក់​កណ្តាល​ទី​ឲ្យ​សោះ​។ ការ​ខិតខំ​ទាំង​ប៉ុន្មាន​ មិន​គួរ​បណ្តោយ​​​ឲ្យ​​នរណា​ម្នាក់​មក​បញ្ចប់​វា​ដោយ​ងាយ​ៗ​ឡើយ។ ត្រូវ​បន្ត​ភាព​រឹង​មាំ​ត​ស៊ូ ដើម្បី​សម្រេច​បាន​គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ការ​៕​

ចុចអានបន្ត៖ អានទៅមិនខាតទេ! សម្តីមានតម្លៃ ១០ឃ្លា ពីស្រ្តីជោគជ័យល្បីៗលើសកលលោក

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី