កំហុស ៥ យ៉ាង ធ្វើឲ្យស្បែកមុខឡើងមុនមិនឈប់

  • 2019-12-12 09:00:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 138

មាន​មនុស្ស​ស្រី​ ៧០% ហើយ ដែល​បារម្ភ​ខ្វាយ​ខ្វល់​ពី​រូប​សម្រស់ ជាពិសេស​គឺ​បញ្ហា​កើត​​មុន​តែ​ម្តង។ ពេល​ខ្លះ​​វា​ជា​ប្រភេទ​មុន​អ័រម៉ូន​ និង​ខ្លះ​ទៀត​កើត​ឡើង​ ដោយ​សារ​ប្រតិកម្ម​ជាមួយ​គ្រឿង​សម្អាង បញ្ហា​សុខភាព និង​ការ​ថែ​រក្សា​មិន​បាន​ល្អ​។ មាន​ទម្លាប់​មួយ​ចំនួន ដែល​អ្នក​​ត្រូវ​បំបាត់​ចោល ដើម្បី​កុំ​ឲ្យ​មុន ចេះ​តែ​ចេះ​មក​ឥត​ឈប់​ឈរ។

១. មិន​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ

អនាម័យ​​គឺ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​​ប្រចាំ​។ របស់​របរ​​ដែល​អ្នក​ប៉ះ​រាល់​ថ្ងៃ រួម​មាន​អេក្រង់​ទូរសព្ទ កុំព្យូទ័រ ស្រោម​ខ្នើយ ភួយ សុទ្ធ​តែ​ផ្ទុក​ទៅ​ដោយ​​មេរោគ​និង​បាក់តេរី​​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ​​។ ហេតុ​នេះ​ហើយ ត្រូវ​លាង​សម្អាត​សម្ភារៈ​ប្រើ​ប្រាស់​ ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​ការពារ​មិន​ឲ្យ​បាក់​តេរី​អាក្រក់​ៗ​​ឆ្លង​ចូល​ទៅ​ក្នុង​ស្បែក ដែល​ជា​កត្តា​មួយ​​អាច​បណ្តាល​ឲ្យ​កើត​​​មុន​បាន​យ៉ាង​ងាយ។

២. ស្រ្តេស

ស្រ្តេស ភាព​ភ័យ​ខ្លាច​ព្រួយ​បារម្ភ​ គិត​ច្រើន​ពេល ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ចេញ​មុន​ដែរ។ ជាពិសេស សម្រាប់​អ្នក​​​ដែល​ឆាប់​ខឹង​ ខ្វល់​​ខ្វាយ និង​ឆាប់​​បញ្ចេញ​ប្រតិកម្ម​ពេល​មាន​រឿង​អ្វី​មួយ​កើត​ឡើង ប្រៀប​បាន​ដូច​ជា​អ្នក កំពុង​តែ​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​លំនឹង​យ៉ាង​ច្រើន។ ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ធ្លាក់​ចុះ ដូច្នេះ​មុន​នឹង​កើត​ចេញ​លើ​មុខ​ជាក់ជា​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ​ ស្បែក​របស់​អ្នក នឹង​មាន​សភាព​ក្រៀម​ស្រអាប់​មិន​ស្រស់​ថ្លា​ផង​ដែរ។

៣. គេងមិន​គ្រប់​គ្រាន់

គេង​មិន​គ្រប់ ក្រៅ​​ពី​ធ្វើ​ឲ្យ​អ្នក​ងងុយ​គេង​នៅ​ពេល​ថ្ងៃ​​ហើយ ថែម​ទាំង​អាច​បណ្តាល​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ បាក់​តេរី​កាន់​តែ​កើន​ឡើង​ជាង​ពេល​ធម្មតា។ ទាំង​នោះ​ហើយ ជា​មូល​ហេតុ​នាំ​ឲ្យ​កើត​មុន ភ្នែក​ស្រវាំង ឆាប់​ភ្លេច​ភ្លាំង និង​​គ្មាន​អារម្មណ៍​ស្រស់បស់​ ដូច​ជា​ពេល​គេង​លក់​ស្កប់ស្កល់​ឡើយ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ការ ឬ​មើល​រឿង​ភាគ​​រហូត​​ដល់​​យប់​ជ្រៅ​​​ខ្លាំង​ពេក ល្មម​ផ្លាស់​ប្តូរ​ទម្លាប់​ចេញ​ហើយ​។

៤. ផឹក​ទឹក​មិន​​បាន​គ្រប់​គ្រាន់

ទឹក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​សុខភាព​និង​សម្រស់។ មិន​ត្រឹម​តែ​ជួយ​ផ្តល់​សំណើម​ដល់​បំពង់ក​ប៉ុណ្ណោះ​ទេ ការ​ផឹក​ទឹក​​​ឲ្យ​បាន​ច្រើន អាច​ជួយ​បណ្តេញ​ជាតិ​ពុល​ពី​ក្នុង​ចំណី​អាហារ​ដែល​អ្នក​ញ៉ាំ​ចូល​ពោះ ដូច​ជា​អាហារ​បំពង សាច់...។

៥. យក​ដៃ​ប៉ះ​មុខ​ញឹក​ញាប់

ជឿ​ជាក់​ថា គ្រប់​គ្នា​សុទ្ធ​តែ​មាន​ទម្លាប់​មួយ​នេះ​ ប៉ុន្តែ​យល់​ល្អ​ គួរ​​ជម្រុះ​ចោល​ឲ្យ​ហើយ​ទៅ។ នៅ​ពេល​ដែល​ដៃ​​មិន​ស្អាត វា​អាច​បញ្ជូន​បាក់​តេរី​ទៅ​កាន់​ផ្ទៃ​មុខ បណ្តាល​ឲ្យ​ចេញ​មុន​ នៅ​បរិវេណ​ដែល​អ្នក​ប៉ះ​នោះ​។

យើង​មិន​អាច​ហាម​ឃាត់​មុន​​បាន​ទាំង​ស្រុង​ពិត​មែន ប៉ុន្តែ​បើ​ចេះ​ពី​វិធី​ការពារ​ យ៉ាង​ហោច​ណាស់ ក៏​អាច​ទប់​ស្កាត់​បាន​ច្រើន​ភាគ​រយ​ដែរ៕

ចុចអានបន្ត៖ តិចនិក ៥ បួងសក់បានស្អាតរហ័សទាន់ចិត្ត

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី