ជាមនុស្សស្រីចាស់ទុំម្នាក់ក្នុងរឿងស្នេហា អ្នកគួរទម្លាប់មានចរិតបែបនេះ
- 2019-12-11 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាមនុស្សស្រីចាស់ទុំម្នាក់ក្នុងរឿងស្នេហា អ្នកគួរទម្លាប់មានចរិតបែបនេះ
ភាពចាស់ទុំមិនសម្ដៅទៅលើអាយុទាំងស្រុងនោះទេ ពេលខ្លះអ្នកអាយុតិចក៏មានភាពចាស់ទុំបាត់ទៅហើយ។ ក្នុងរឿងស្នេហាក៏ដូចគ្នា បើអ្នកមានភាពចាស់ទុំស្រាប់ ទង្វើអ្នកសម្ដែងចេញមកបែបនេះដែរ។ យ៉ាងណាមិញ ប្រហែលគ្រប់គ្នាមិនចង់បានស្នេហារបៀបកូនក្មេងដែលមានតែមួយឆាវ ហើយក៏រលត់បាត់ទៅវិញទេ តែភាគច្រើនគឺគ្រប់គ្រងខ្លួនឯងមិនកើត ដូច្នេះបើអ្នកចង់ក្លាយជាមនុស្សស្រីដែលរឹងមាំ និងចាស់ទុំម្នាក់ក្នុងស្នេហា គួរតែទម្លាប់មានចរិតបែបនេះ ៖
១. កុំឈ្លក់វង្វេងលើគេខ្លាំងពេក
ស្នេហាគ្រាន់ជារឿងមួយដែលបន្ថែមរសជាតិឲ្យជីវិតតែប៉ុណ្ណោះ វាមិនមែនមានន័យថាអ្នកត្រូវខ្វល់ខ្វាយពីវាខ្លាំងពេករហូតដល់ភ្លេចធ្វើអ្វីផ្សេងនោះទេ។ កុំយកពេល ២៤ម៉ោងអង្គុយគិតពីគេ អង្គុយនឹកគេ អង្គុយអន់ចិត្តជាមួយគេ ដេកយំ ដេកសើចដោយសារគេច្រើនពេក គួរតែចំណាយពេលធ្វើរឿងដើម្បីអនាគតអ្នកទាំងពីរវិញទើបប្រសើរ ព្រោះបើអ្នកក្លាយជាមនុស្សងប់ងុលបែបនេះ អ្នកដែលពិបាកក៏ជាអ្នកដែរ។
**២. កុំធ្វើខ្លួនរញ៉េរញ៉ៃ រករឿងគ្មានហេតុផល**
កុំចូលចិត្តរករឿង ដេញដោល ជីកកកាយ ប្រចណ្ឌពីនេះពីនោះនាំឈ្លោះពេក ព្រោះសកម្មភាពបែបនេះធ្វើឲ្យស្នេហាកាន់តែគួរឲ្យធុញទ្រាន់។ ម្យ៉ាងទៀតក៏មិនគួរលេងសើចច្រើនទៅលើរឿងស្នេហាដែរ បើមិនប្រាកដថាស្រឡាញ់ទេ កុំទៅលេងសើចលើទឹកចិត្តអ្នកផ្សេងទៀត ដោយគ្រាន់តែបំពេញអារម្មណ៍ត្រូវការរបស់ខ្លួនឯង។
៣. ផ្ដល់សេរីភាពឲ្យម្នាក់ៗ
ខ្លួនឯងក៏ត្រូវការសេរីភាព គេក៏ត្រូវការសេរីភាព មិនមែនមានស្នេហាត្រូវគាបខ្លួនឯងមិនឲ្យទៅណាក្រៅពីនៅជាមួយគ្នាឡើយ។ បែងចែកពេលវេលាផ្ទាល់ខ្លួនអ្នក ជាមួយនឹងស្នេហាឲ្យបានល្អ ដើម្បីកុំឲ្យម្នាក់ៗអន់ចិត្ត និងមានអារម្មណ៍មិនល្អ។ ព្យាយាមរីករាយជាមួយមិត្តភក្តិ គ្រួសារ ការងារ និងស្នេហាឲ្យបានល្អដូចគ្នា នោះជីវិតអ្នកនឹងមានន័យ។
៤. និយាយត្រង់ៗទៅគេ
ពេលខ្លះគ្មានអ្នកណាអាចដឹងពីចិត្តយើងទាំងអស់ឡើយ បើមិនពេញចិត្តអីនិយាយគ្នាទៅ កុំចាំឲ្យម្នាក់ទៀតយល់ ព្រោះគេមិនអាចយល់គ្រប់យ៉ាងនោះទេ។ បើមិនសប្បាយចិត្ត និយាយប្រាប់គេទៅថាចង់ចេញក្រៅជាមួយគ្នា ញ៉ាំអីជាមួយគ្នា ដើរលេងជាមួយគ្នា។ កុំចូលចិត្តលាក់ទុកម្នាក់ឯង ហើយមកពិបាកចិត្តនោះ។
៥. ច្បាស់លាស់លើរឿងអារម្មណ៍ និងបេះដូង
បើម្នាក់មិនបានសូវខ្វល់ មិនបានសូវផ្អែមល្ហែម អ្នកគួរតែព្យាយាមយល់ និងស្វែងរកមូលហេតុ មិនមែនគ្រាន់តែគេទុកចោលពេលខ្លះក៏ទៅលង់ស្រឡាញ់អ្នកផ្សេងនោះ។ ធំៗអស់ហើយ ការងារក៏មានច្រើន ការគិតក៏កាន់តែច្រើន ដូច្នេះពេលខ្លះគេក៏ហត់ គេក៏ចង់នៅម្នាក់ឯង ឬគេរវល់ តែមិនមានន័យថាគេឈប់ស្រឡាញ់។ ព្យាយាមយកបេះដូងមកស្រឡាញ់គ្នា កុំយកអារម្មណ៍ ព្រោះបើអ្នកយកបេះដូងមកស្រឡាញ់ ទោះឆ្ងាយគ្នាប៉ុណ្ណាក៏អ្នកនៅតែមានអារម្មណ៍កក់ក្ដៅដែរ។
៦. ស្ងប់ស្ងាត់
ស្នេហាចាស់ទុំ ថ្លៃថ្នូរមួយមិនចាំបាច់បង្អួតអ្នកណាថាអ្នករកបានមនុស្សល្អម្នាក់ទេ ក៏មិនចាំបាច់បង្អួតថាអ្នកនិងគេមានក្ដីស្រឡាញ់ឲ្យគ្នាប៉ុណ្ណាដែរ ដឹងត្រឹមតែ២នាក់ក៏គ្រប់គ្រាន់ពេកណាស់ទៅហើយ។ ក្ដីស្រឡាញ់ដ៏ស្ងៀមស្ងាត់មួយដែលមនុស្សភាគច្រើនមើលមិនឃើញ តែវាបានដើរទៅមុខយ៉ាងរឹងមាំ និងក្ដីសុខ។
គ្រប់យ៉ាងអ្នកសុទ្ធតែអាចបង្រៀនខ្លួនឯងបាន បើដឹងថាវាមិនសូវល្អហើយក៏កែ កុំបណ្ដោយទៅមុខទៀតអី៕
ចុចអាន៖មនុស្សស្រីដែលរឹងមាំ ហើយអាយុលើស២៥ គឺលែងចង់គិតពីរឿងស្នេហាហើយ