មនុស្ស​ស្រី​ដែល​រឹងមាំ ហើយ​អាយុ​លើស​២៥ គឺ​លែង​ចង់​គិត​ពី​រឿង​ស្នេហា​ហើយ

  • 2018-08-21 07:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​អាយុ​លើស​ ២៥​ឆ្នាំ គឺ​មិន​មែន​ក្មេង​ទៀត​នោះ​ទេ ហើយ​ក៏​មិន​មែន​ចាស់​អី​ខ្លាំង​ដែរ តែ​វា​ជា​វ័យ​មួយ​ដែល​ត្រូវ​ប្រឈម​ជាមួយ​នឹង​រសជាតិ​ជីវិត​គ្រប់សព្វ​បែប​យ៉ាង។

រូបតំណាង

អាយុ ២៧​ឆ្នាំ មិត្ត​ភក្តិ​ខ្ញុំ​ការ​អស់​ទៅ​ហើយ ខ្លះ​ក៏​មាន​កូន ខ្លះ​ក៏​កំពុង​រីករាយ​ជាមួយ​ប្ដី​ប្រពន្ធ​គេ​តាម​បែប​ជីវិត​ដែល​គេ​ចង់​បាន។ ចំណែក​ខ្ញុំ​មួយ​ថ្ងៃ​ៗ​ប៉ាម៉ាក់​សួរនាំ​មិន​ឈប់​ពី​រឿង​រៀប​ការ រហូត​ពេល​ខ្លះ​ខ្ញុំ​គេច​មិន​និយាយ​ជាមួយ​គាត់​ក៏​មាន។

អារម្មណ៍​ដែល​ត្រូវ​ចាស់​ទុំ​បង្ខំ​ចង់​ឲ្យ​ខ្ញុំ​រៀបការ​នោះ ពិត​ជា​មាន​សម្ពាធ​មែន រហូត​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​នឹង​និយាយ​ប្រកែក​ជាមួយ​គាត់។ មិន​មែន​ខ្ញុំ​មិន​ចង់​គិត​គូរ​ពី​រឿង​អនាគត​នោះ​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​តាម​ជម្រើស​ខ្លួន​ឯង និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សេចក្ដី​សុខ​ប៉ុណ្ណោះ។

ខ្ញុំ​ពេញ​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង​ពេល​នេះ ព្រោះ​ខ្ញុំ​មាន​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់ មាន​លុយ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន ហើយ​ខ្ញុំ​ក៏​អាច​ជួយ​រំលែក​បន្ទុក​គ្រួសារ​បាន​ខ្លះ​ដែរ។

សម្រាប់​ខ្ញុំ​អាយុ​ប៉ុណ្ណឹង​គឺ​ជា​វ័យ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​នៅ​លីវ ព្រោះ​ខ្ញុំ​អាច​ស្រឡាញ់​ខ្លួន​ឯង​ ហើយ​ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​មនុស្ស​ប្រុស​ជា​អ្វី​ដែល​សំខាន់​ទៀត​ហើយ។ ខ្ញុំ​ជឿ​ថា​គេ​មិន​អាច​ស្រឡាញ់​ខ្ញុំ​ជាង​ខ្ញុំ​ស្រឡាញ់​ខ្លួន​ឯង​ទេ។ រៀបការ​ហើយ​ក៏​មិន​ប្រាកដ​ថា​ខ្ញុំ​អាច​រីករាយ​ជាមួយ​ជីវិត​ខ្ញុំ​ដូច​ពេល​នេះ​ដែរ ដូច្នេះ​តើ​អាច​ឲ្យ​ខ្ញុំ​ជ្រើសរើស​ផ្លូវ​សម្រាប់​ខ្លួន​ឯង​បាន​ទេ ព្រោះ​ខ្ញុំ​ជឿ​ថា​វា​ក៏​មិន​យូរ​ទៀត​ដែរ សម្រាប់​ជីវិត​នៅ​លីវ​បែប​នេះ។

រូបតំណាង

២៧​ឆ្នាំ ខ្ញុំ​នៅ​តែ​មាន​មហិច្ឆតា​សម្រាប់​គោលដៅ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ចង់​ទទួល​យក​ទំនាក់ទំនង​មិន​ពិត​ប្រាកដ​ទៀត​នោះ​ដែរ។ មនុស្ស​ប្រុស​ដែល​ខ្ញុំ​ជ្រើស​រើស​ក៏​គ្មាន​អី​អស្ចារ្យ​ដែរ គេ​អាច​ជា​មនុស្ស​ប្រុស​សាមញ្ញ​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​តែ​ប៉ុណ្ណោះ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​ជួប​មនុស្ស​ប្រុស​ម្នាក់​នោះ ខ្ញុំ​នឹង​រៀប​ការ។

ការ​ពិត​វ័យ​ប៉ុណ្ណឹង​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ទៅ​ហើយ​សម្រាប់​បង្កើត​គ្រួសារ​មួយ ខ្ញុំ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​​ប្រពន្ធ​ដ៏​រឹងមាំ​ម្នាក់​សម្រាប់​ជួយ​ជ្រោមជ្រែង​បុរស​ដែល​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​សម្រាប់​កូនៗ​ខ្ញុំ ហើយ​នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​កូន​ប្រសាដ៏​កតញ្ញូ​សម្រាប់​ឪពុក​ម្ដាយ​ទាំង​សង​ខាង​ដែរ។

ហេតុផល​ដែល​ខ្ញុំ​នៅ​លីវ​ដល់​អាយុ​ប៉ុណ្ណេះ គឺ​ខ្ញុំ​គ្រាន់​តែ​មិន​ចង់​ផ្ញើ​ជីវិត​ខ្លួន​ឯង​ទាំង​ស្រុង​ទៅ​លើ​អ្នក​ណា​ម្នាក់​។ ខ្ញុំ​ចង់​ឲ្យ​ជីវិត​ខ្ញុំ​រឹងមាំ និង​ធ្វើ​អ្វី​ឲ្យ​ច្បាស់លាស់​មួយ​ដោយ​មិន​បាច់​ត្រូវ​គេ​​ដើរ​ខ្សែ​លើ គេ​មើលងាយ ឬ​ចំអក​ថា​ខ្ញុំ​រៀបការ​ហើយ​ពឹង​លើ​គេ​ទាំង​ស្រុង​។

មួយ​វិញ​ទៀត​ខ្ញុំ​ក៏​ចង់​ប្រាប់​រឿង​មួយ​ទៀត​ដែរ​គឺ​ថា​នៅ​ពេល​ដែល​អ្នក​រឹងមាំ ឯករាជ្យ​លើ​ជីវិត​ខ្លួន​ឯង ហើយ​អាយុ​អ្នក​លើស​ពី​ ២៥​ហើយ​នោះ​ ស្នេហា​សម្រាប់​អ្នក​លែង​សំខាន់​ទៀត​ហើយ។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្ងប់ស្ងាត់​ជាមួយ​វា ដោយ​លែង​ចង់​គិត​ច្រើន ឬ​ដើរ​រក​វា​ទៀត​ហើយ។ ម្យ៉ាង​ទៀត​មនុស្ស​ប្រុស​ដែល​អាច​ឲ្យ​អ្នក​ចង់​រៀបការ​ជាមួយ​ក៏​ត្រូវ​ជា​មនុស្ស​ប្រុស​ដែល​ច្បាស់លាស់ មិន​ដូច​កូន​ក្មេង​ទៀត​ដែរ។

ខ្ញុំ​មិន​ទាន់​រក​ឃើញ​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ចង់​រៀប​ការ​ជាមួយ​ទេ ដូច្នេះ​ខ្ញុំ​មិន​ចង់​រៀបការ​ទាំង​មិន​បាន​មនុស្ស​ដែល​ខ្លួន​ចង់​បាន​ដែរ ហើយ​ណាមួយ​អាយុ​ដល់​នេះ​ទៅ​ហើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ណា​មក​សម្រេច​ជីវិត​ខ្ញុំ​ដែរ។

ខ្ញុំ​ជឿ​ថា​ប៉ាម៉ាក់​ខ្ញុំ​ក៏​គាត់​យល់​ពី​ខ្ញុំ​ដែរ ព្រោះ​គាត់​ដឹង​ថា​ខ្ញុំ​ធំ​ហើយ ដូច្នេះ​រឿង​រៀបការ​ក៏​គាត់​ទុក​ឲ្យ​ខ្ញុំ​ជា​អ្នក​សម្រេច​ដែរ គ្រាន់​តែ​ថា​គាត់​បារម្ភ​ខ្ញុំ​នៅ​យូរ​ទៀត​ ខ្លាច​ខ្ញុំ​ចាស់ ឬ​ត្រូវ​អ្នក​ផង​ថា​ក្រមុំ​ចាស់​ប៉ុណ្ណឹង។

ខ្ញុំ​មិន​ខ្វល់​ថា​ខ្ញុំ​អាយុ​ប៉ុន្មាន​ទេ សុភមង្គល​ទៅ​មុខ​ទៀត​គួរ​តែ​អាច​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ចង់​រស់​នៅ មិន​មែន​ស្ដាប់​ពាក្យ​គេ​ហើយ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រៀបការ​នោះ​ទេ៕

ចុចអាន៖រៀបការ​ហើយ​​តែ​​ជីវិត​មិន​ដែល​មាន​ក្ដី​សុខ ១០​ហេតុផល​​នេះ​បង្ហាញ​ថា​អ្នក​គួរ​​ចែក​ផ្លូវ ជា​ជាង​បន្ត

នុស្ស​ស្រី​ចង់​បាន​ភាព​ខ្ពង់ខ្ពស់ ចាំបាច់​ត្រូវប្រាប់​ខ្លួន​ឯង​ឲ្យ​មាន​ ៦យ៉ាង​​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម