ពេលជិះយន្តហោះ ដាច់ខាតកុំនាំទុក្ខដល់អ្នកដទៃ ដោយទង្វើអសីលធម៌ទាំងនេះ
- 2019-12-05 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលជិះយន្តហោះ ដាច់ខាតកុំនាំទុក្ខដល់អ្នកដទៃ ដោយទង្វើអសីលធម៌ទាំងនេះ
ក្នុងមួយឆ្នាំៗ មានមនុស្សលើសពី ៤,៣ ពាន់លាននាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរ។ ហេតុនេះហើយ បញ្ហាផ្សេងៗតែងតែកើតឡើងរៀងរាល់ថ្ងៃនៅលើយន្តហោះ ជៀសមិនផុតទេ។ ទោះជាបែបនេះក្តី យ៉ាងហោចណាស់ មុនពេលធ្វើអ្វីមួយ ត្រូវចេះគិតក្រែងចិត្តគេឯង និងមិនគួរបង្កការរំខានប៉ះពាល់អារម្មណ៍អ្នករួមដំណើរជាមួយ ដោយទង្វើអសីលធម៌ដូចខាងក្រោមនេះដាច់ខាត៖
១. ដាក់ជើងនៅលើកៅអីអង្គុយ ជញ្ជាំង និងកន្លែងដាក់ដៃ
គ្មានអ្វីគួរឲ្យរំខានអារម្មណ៍ជាងការជិះយន្តហោះអង្គុយនៅមួយកន្លែងហើយ ថែមទាំងមានគេមកជ្រៀតជ្រែងទៀត រកតែរើបម្រាស់បន្តិចមិនបាន។ បើគិតថា ជើងរបស់ខ្លួន ស្ពឹកស្រពន់ អាចដើរបន្តិចសិនក៏បាន ប៉ុន្តែកុំចេះតែដាក់សណ្ដូកផ្តេសផ្តាស។
២. បង្វិលម៉ាស៊ីនត្រជាក់ទៅរកខ្លួនឯង
ក្នុងអំឡុងពេលហោះហើរ យន្តហោះត្រូវកំណត់ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងកម្រិតទាប ដែលធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ថាហប់។ ហេតុផលដែលយន្តហោះមានសីតុណ្ហភាពទាប ដោយសារតែត្រូវការពារបាក់តេរី មិនឲ្យសាយភាយជុំវិញ និងការពារអ្នកដំណើរមិនឲ្យផ្តាសាយ។ បើបង្វិលវាទៅរកកៅអីរបស់អ្នក បាក់តេរីងាយនឹងរស់រានឡើងវិញ បង្កហានិភ័យដល់ខ្លួនឯង ព្រមទាំងអ្នកអង្គុយជាប់គ្នាផងដែរ។
៣. ស្លៀកខោខ្លី
អ្នកប្រហែលជាចង់ស្លៀកខោខ្លី នៅពេលហោះហើរទៅកាន់គោលដៅជិតៗ ឬទៅប្រទេសក្តៅ ប៉ុន្តែការស្លៀកបែបនេះ អាចបណ្តាលឲ្យបាក់តារី មេរោគមិនល្អនៅលើយន្តហោះ ជ្រាបចូលទៅស្បែកនិងរាងកាយរបស់អ្នកបានយ៉ាងរហ័ស។ មិនតែប៉ុណ្ណោះ ប្រសិនបើនៅកន្លែងចង្អៀត ឬអង្គុយជាប់យូរពេក អ្នកងាយនឹងបែកញើស បង្កការរំខានឬក្លិនដល់មនុស្សជុំវិញខ្លួន ទោះបីជាងូតទឹកស្អាតក៏ដោយ។
៤. គេងលក់មុនពេលយន្តហោះចេញដំណើរ
នេះជាពេលវេលាមួយ ដែលមនុស្សគ្រប់គ្នាកំពុងតែត្រៀមខ្លួន រៀបចំកាតាបវ៉ាលី ស្វែងរកកៅអីអង្គុយ និងមានការពន្យល់ណែនាំរបៀបការពារសុវត្ថិភាព។ បើអ្នកមកគេងលង់លក់នៅពេលនេះ មើលទៅពិតជាមិនសមរម្យសោះឡើយ ហើយអ្នកក៏បានដឹងពីរបៀបការពារសុវត្ថិភាពពេលមានអាសន្នថែមទៀត។
៥. ចុចប៊ូតុងដើម្បីហៅអ្នកបម្រើការលើយន្តហោះ
សម្រាប់អ្នកជិះយន្តហោះលើកដំបូង ប្រហែលជារំភើបនិងចង់ហៅពិហុនិការដោយចុចប៊ូតុងមួយនេះ។ ផ្ទុយទៅវិញ វាជាប៊ូតុងសម្រាប់ចុចតែពេលមានអាសន្នប៉ុណ្ណោះ ដូចជាពេលដែលរូបអ្នកឬអ្នកអង្គុយជាប់មិនស្រួលខ្លួន ឬមានបញ្ហាផ្សេងៗជាដើម។
៦. ដោះស្បែកជើងចេញ
ពិតជាមិនគប្បីទាល់តែសោះ ព្រោះស្រោមជើងនិងស្បែកជើង អាចសាយភាយក្លិនមិនល្អទៅកាន់មនុស្សដែលអង្គុយជិត។ វាក៏ជាទង្វើគ្មានសីលធម៌ និងមិនបង្ហាញការគោរពចំពោះអ្នកដទៃផងដែរ។
៧. ដាក់សម្ភារផ្ទាល់ខ្លួនពេញកន្លែងដាក់ឥវ៉ាន់
អ្នកអាចនឹងគិតថាកន្លែងដាក់ឥវ៉ាន់ដែលនៅចំពីលើនេះគឺសម្រាប់តែអ្នក។ តាមការពិត គឺសម្រាប់គ្រប់គ្នា ដូច្នេះអ្នកមិនគួរដាក់សម្ភារៈផ្ទាល់ខ្លួន ដោយមិនទុកកន្លែងខ្លះសម្រាប់អ្នកដទៃឡើយ។
៨. ចូលបង្គន់ពេលយន្តហោះរៀបនឹងចេញដំណើរ
មុនពេលឡើងយន្តហោះ អ្នកអាចចូលបន្ទប់ទឹកនៅឯប្រលានឲ្យហើយ ព្រោះក្នុងអំឡុងពេលចុះចតនិងចេញដំណើរ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកបើកយន្តហោះក៏មិនអាចចាប់ផ្តើមប្រតិបត្តិការ ស្របពេលមានអ្នកដំណើរនៅក្នុងបន្ទប់ទឹកដែរ ជាហេតុបណ្តាលឲ្យគេពន្យារពេល ដោយសារតែអ្នក។
៩. មិនពាក់ខ្សែក្រវាត់
កុំធ្វេសប្រហែសឲ្យសោះ បើអ្នកមិនពាក់ខ្សែក្រវាត់ ប្រៀបបានដូចជាអ្នកកំពុងតែលេងសើចជាមួយនឹងសុវត្ថិភាពអាយុជីវិត របស់ខ្លួនឯងនិងអ្នកដទៃខ្លាំងណាស់។
១០. កក់កៅអីជាប់បង្អួចឬចំកណ្ដាល ទាំងដឹងថាខ្លួនត្រូវចូលបង្គន់ញឹកញាប់
បើដឹងថាខ្លួននោមទាស់ឬនោមញឹក គួរជ្រើសរើសកៅអីដែលជាប់ផ្លូវដើរ ឬសុំផ្លាស់ប្តូរគ្នាជាមួយអ្នកអង្គុយជាប់ឲ្យហើយទៅ ដើម្បីកុំឲ្យការចេញចូលរបស់អ្នក រំខានដល់អ្នកដទៃឥតឈប់ឈរ។
១១. ធ្វើរឿងផ្សេងៗដែលប៉ះពាល់អ្នកដទៃ
ត្រូវចាំថាវាមិនមែនជាផ្ទះរបស់អ្នកទេ ដូច្នេះរាល់ពេលធ្វើអ្វីៗ ត្រូវគិតក្រែងចិត្តអ្នកដទៃផង។ សកម្មភាពដែលគួរឲ្យរំខានអារម្មណ៍ខ្លាំងមានដូចជា កាត់ក្រចក ដករោមចិញ្ចើម សម្អាតត្រចៀក និយាយគ្នា ឬឆ្លងឆ្លើយជាមួយមិត្តភ័ក្តិឭៗ លេងហ្គេមបង្កសំឡេងរំខានជាដើម។
**តើមានរឿងអ្វីខ្លះដែលប្រិយមិត្តទាំងអស់គ្នាស្អប់បំផុតក្នុងអំឡុងពេលហោះហើរ? កុំភ្លេចប្រាប់ កញ្ញា ឲ្យដឹងផងណា៎!
ចុចអានបន្ត៖ ៥ វិធី ជួយឲ្យជីវិតស្រស់ថ្លា ធ្វើការដោយក្តីរីករាយរាល់ថ្ងៃ