៥ វិធី ជួយឲ្យជីវិតស្រស់ថ្លា ធ្វើការដោយក្តីរីករាយរាល់ថ្ងៃ

  • 2019-12-03 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀង​រាល់​ព្រឹក​ពេក​ភ្ញាក់​ឡើង អ្នក​អាច​នឹង​មាន​អារម្មណ៍​នឿយ​ហត់​អស់​កម្លាំង​ទាំង​មិន​ទាន់​បាន​ធ្វើ​អ្វី​សោះ​។ ដោយ​សារ​គិត​ដល់​ការងារ​ផង ភាព​មមាញឹក​សព្វ​គ្រប់​ផង ទើប​​បណ្តាល​ឲ្យ​អ្នក​ធុញ​ថប់ ខ្វះ​ក្តី​សុខ​ គ្មាន​​ថាមពល​​គ្រប់​គ្រាន់​ មុន​ចេញ​ទៅ​បំពេញ​កិច្ចការ​ផ្សេងៗ​ទាំង​ក្នុង​និង​ក្រៅ​​ផ្ទះ។ ដើម្បី​ជួយ​​ឲ្យ​ជីវិត​ស្រស់​ថ្លា ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព អ្នក​គួរ​ប្រើ​វិធី​សាស្រ្ត​ល្អៗ សម្រាប់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​​ជា​រៀងរាល់​ថ្ងៃ​។

បង្កើន​កម្លាំង​ថាមពល​ដោយ​​បន្ត​គំនិត​វិជ្ជមាន​ជានិច្ច

ខ្វះ​មិន​បាន​ទេ​ក្នុង​ជីវិត​រស់​នៅ​​ប្រចាំ​ថ្ងៃ ប្រសិន​បើ​អ្នក​បើក​ភ្នែក​ឡើង​ គិត​រឿង​ល្អៗ នោះ​ថ្ងៃ​ថ្មី​របស់​អ្នក​​នឹង​សម្បូរ​ទៅ​ដោយ​រឿង​ស្រស់​បំព្រង អារម្មណ៍​ក៏​ល្អ និង​មិន​ដើរ​​ជះ​កំហឹង​ដាក់​មនុស្ស​ជុំវិញ​ខ្លួន ទាំង​គេ​មិន​​បាន​ធ្វើ​អី​ប៉ះពាល់​​អ្នក​សូម្បី​បន្តិច។ បន្ទាប់​ពី​ភ្ញាក់​ដឹង​ខ្លួន គួរ​ផឹក​ទឹក​មួយ​កែវ ស្តាប់​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត ដើម្បី​អាច​ចេញ​ដំណើរ​មក​ធ្វើការ ដោយ​មិន​កាន់​យក​ភាព​ស្រ្តេស​មក​ជាមួយ។

ឆ្លៀត​ពេល​បន្តិច​ដើម្បី​ឲ្យ​ខ្លួន​អ្នក​បាន​សម្រាក

ក្នុង​អំឡុង​ពេល​ធ្វើ​ការងារ អ្នក​ត្រូវ​បន្ត​ភាព​សប្បាយរីករាយ ដោយ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត ដូច​ជា​ការ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ឆ្ងាញ់ៗ​ជា​ដើម​។ មួយ​វិញ​ទៀត អ្នក​អាច​ចែក​រំលែក​រឿង​រ៉ាវ​​ពី​នេះ​ពី​នោះ​ ជាមួយ​មិត្ត​រួម​ការងារ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ និង​បង្ក​បរិយាកាស​ស្រស់​ស្រាយ មិន​គួរ​ឲ្យ​ធុញ។ ជាពិសេស នៅ​ថ្ងៃ​បន្ទាប់​ធានា​ថា អ្នក​​នឹង​ឧស្សាហ៍​ចង់​​តែ​ក្រោក​មក​ធ្វើ​ការ​មិន​ខាន​ទេ។

មាន​គម្រោង​សប្បាយៗ​បន្ទាប់​ពី​បញ្ចប់​​ការងារ​រួច

​បន្ទាប់​ពី​បញ្ចប់​ការងារ​ពិបាក​ៗ​រួច ប្រៀប​បាន​ដូច​ជា​រសាយ​​ទម្ងន់​​ស្រាល​ខ្លួន​​ជាង​មុន ដូច្នេះ​ហើយ​អ្នក​ប្រាកដ​ជា​មិន​ចង់​ស្ពាយ​​បញ្ហា​​ស្មុគ​ស្មាញ​ជាប់​ខ្លួន​រហូត​ដែរ។ យ៉ាង​ហោច​ណាស់​ គួរ​មាន​កាដូ​សម្រាប់​ខ្លួន​ឯង ចេះ​បង្កើត​គម្រោង​សប្បាយ​ៗ​ជុំ​គ្នា​ខ្លះ ទើប​​អាច​​​បន្ត​កម្លាំង​ចិត្ត​​ទៅ​មុខ​​បាន​វែង​​ឆ្ងាយ​ត​ទៀត​។

​​​ស្លៀក​សម្លៀក​បំពាក់​​ដែល​អាច​បង្កើន​ទំនុក​ចិត្ត

សូម្បី​តែ​ការ​ស្លៀកពាក់​​ ក៏​អាច​នាំ​អ្នក​​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​បាន​ដែរ ព្រោះ​អ្នក​អាច​បង្កើន​ទំនុក​ចិត្ត​ដល់​ខ្លួន​ឯង សប្បាយ​រីករាយ​ជាមួយ​នឹង​​ស្ទីល​ផ្ទាល់​​ខ្លួន ចែង​ចាំង​តាម​សម្លៀក​បំពាក់​។ នៅ​ពេល​អ្នក​ស្លៀក​ពាក់​ស្អាត​បាត អ្នក​ក៏អាច​ទទួល​បាន​ពាក្យ​សរសើរ​​ពី​មិត្ត​រួម​ការងារ បង្កើន​​ស្នាម​ញញឹម និង​ការ​ជឿជាក់​ទៅ​វិញ​ទៅ​មក​។

ធ្វើ​ផែន​ការ​សម្រាប់​​រយៈ​ពេល​១​សប្តាហ៍

មនុស្ស​រាល់​គ្នា គួរ​ចេះ​​ធ្វើ​ផែន​ការ​ដោយ​ខ្លួន​ឯង ដើម្បី​ដឹង​ច្បាស់​ថា ក្នុង​មួយ​សប្ដាហ៍​ តើ​គួរ​ធ្វើ​អ្វី​​ទុក​អ្វី ដើម្បី​អាច​បែង​ចែក​ រវាង​ការងារ​ និង​ទុក​ពេល​វេលា​ខ្លះ​ សម្រាប់​​សម្រាក​លំហែ​បន្ធូរ​អារម្មណ៍​តាន​តឹង​ ព្រមទាំង​ អាច​ចំណាយ​ពេល​នៅ​ជាមួយ​ក្រុម​គ្រួសារ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។

បើ​អ្នក​អាច​អនុវត្ត​​បាន អ្នក​នឹង​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ថ្ងៃ ការងារ​មិន​គួរឲ្យ​ធុញ​ទ្រាំដូចអ្វីដែលធ្លាប់បានគិតទេ ហើយ​អ្នក​ក៏​អាច​ធ្វើ​កិច្ចការ​នានា​ដោយ​ជោគជ័យ​​មាន​ក្តី​សុខ​ជានិច្ច៕

ចុចអានបន្ត៖ ទម្លាប់​អាក្រក់​​​ ៦​យ៉ាង​​​អាច​​បំផ្លាញ​​ភាព​ស្រស់​បំព្រង​នៃ​ជីវិត

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម