មានតែមនុស្សស្រីគួរឲ្យអាណិតប៉ុណ្ណោះទើបគិតថា បែកបាក់ស្នេហាគឺចប់ទាំងអស់
- 2019-11-29 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែមនុស្សស្រីគួរឲ្យអាណិតប៉ុណ្ណោះទើបគិតថា បែកបាក់ស្នេហាគឺចប់ទាំងអស់
អ្នកណាក៏ធ្លាប់ឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្ត ចង់តែស្លាប់ឲ្យបាត់ៗ ពេលស្នេហាមួយបញ្ចប់ទៅ តែពួកគេមិនដឹងឡើយថានោះគ្រាន់តែជាអារម្មណ៍មួយឆាវ និងខ្លីកំបុតក្នុងរឿងមនោសញ្ចេតនាប៉ុណ្ណោះ។
នៅពេលស្រលាញ់មនុស្សណាម្នាក់ មនុស្សស្រីហាក់ដូចកំពុងស្ថិតក្នុងសុបិនមួយ ហើយចាត់ទុកមនុស្សដែលខ្លួនស្រលាញ់គឺជាអ្វីគ្រប់យ៉ាង។ ប៉ុន្តែដល់ថ្ងៃមួយ នៅពេលដែលគេម្ខាងទៀតសម្រេចបែរខ្នងចេញទៅ ស្នេហាបែកបាក់ ពួកគេប្រៀបដូចជាធ្លាក់ចូលក្នុងរណ្ដៅទុក្ខ និងអស់សង្ឃឹម។
ខ្ញុំក៏ធ្លាប់ជាមនុស្សស្រីម្នាក់ក្នុងចំណោមមនុស្សស្រីទាំងអស់នោះ។ ខ្ញុំធ្លាប់ស្រលាញ់គេ ហើយគេគឺជាមនុស្សប្រុសដែលរៀនហិរញ្ញវត្ថុ។ ពួកយើងសន្យានឹងគ្នាច្រើនរឿង គាត់ធ្លាប់ប្រាប់ថា មួយជីវិតនេះស្រលាញ់តែខ្ញុំ ថែទាំតែខ្ញុំ។
ខួបអនុស្សាវរីយ៍ស្រលាញ់គ្នាមួយឆ្នាំរបស់ពួកយើង ខ្ញុំបានទៅលេងស្រុកគាត់ បង្ហាញមុខចំពោះប៉ាម៉ាក់គាត់ ហើយចូលផ្ទះធ្វើគ្រប់រឿង ប្រៀបដូចខ្លួនឯងរៀបនឹងក្លាយជាកូនប្រសាដ៏ចំណាប់មួយរូប។ អារម្មណ៍នៅពេលនោះ អាចពណ៌នាតែមួយពាក្យគត់គឺ សុភមង្គល។
ពួកខ្ញុំដឹកដៃគ្នាទៅមើលចិញ្ចៀនរៀបការ រ៉ូបរៀបការដែលសមនឹងខ្ញុំ។ នៅពេលលឈុតទាំងនោះ ខ្ញុំគិតស្មានថា ខ្លួនបានរកត្រូវមនុស្សហើយ។ នៅពេលសុភមង្គលកំពុងស្ថិតនៅចំណុចខ្ពស់បំផុត គាត់ក៏ចង់បែកគ្នា ដោយមានចិត្តលើអ្នកដទៃ។
គាត់ថា៖ "បងធ្លាប់ស្រលាញ់អូន តែពេលនេះ បងស្រលាញ់គេច្រើនជាងពេលស្រលាញ់អូនទៀត"។ នៅពេលនោះ ក្នុងភ្នែកខ្ញុំ ពិភពលោកប្រែទៅជាងងឹត ខ្ញុំឈរលែងនឹង អង្វរសុំឲ្យគេពិចារណាឡើងវិញ។
ខ្ញុំសួរខ្លួនឯងជាច្រើនដង ហេតុអ្វីគេអាចបំភ្លេចស្នេហា៣ឆ្នាំ ទៅតាមមនុស្សដែលទើបតែស្គាល់គ្នាបាននោះ? ធ្លាប់គិតដល់ការស្លាប់ តែចុងបញ្ចប់ក៏ប្រាប់ខ្លួនឯងថា ដោយសារតែគេក្បត់យើងទៅហើយ ដូច្នេះត្រូវរស់នៅឲ្យប្រសើរទើបធ្វើឲ្យគេស្ដាយក្រោយ។
អ្វីៗក៏ឆ្លងផុតទៅ នៅលើថ្នល់យានជំនិះនៅតែធ្វើដំណើរមិនឈប់ ជីវិតនៅតែមមាញឹក។ ខ្ញុំចាប់ផ្ដើមស៊ាំនឹងការរស់នៅដោយគ្មានគេ។ គិតឡើងវិញ បើពេលនោះ ខ្ញុំសម្រេចយកការបញ្ចប់គ្រប់យ៉ាងនោះ គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ ហើយអ្នកដែលអាណិតខ្ញុំមិនមែនជាបុគ្គលដែលចាកចោលខ្ញុំឡើយ គឺជាគ្រួសារខ្ញុំ និងមិត្តភក្កិដែលស្រលាញ់ខ្ញុំទៅវិញទេ។ ប្រហែលជានៅពេលដែលខ្លួនពិបាកទប់ចិត្តបំផុតទើបដឹងថា បញ្ចប់មនោសញ្ចេតនាមួយ មិនមែនអ្វីក៏ចប់នោះឡើយ គ្រាន់តែវិថីមួយនោះ អស់ត្រឹមនេះប៉ុណ្ណោះ ហើយយើងត្រូវបត់ទៅវិថីមួយទៀត៕
ចុចអាន៖ បើទុកនាងត្រឹមតែជាមិត្ត ឬ ប្អូនស្រី បុរសគួរឈប់ធ្វើរឿងទាំងនេះ ចៀសវាងការយល់ច្រឡំ