បើ​ទុកនាង​ត្រឹម​តែ​ជាមិត្ត ​ឬ​ ប្អូន​ស្រី បុរស​គួរ​ឈប់​ធ្វើ​រឿង​ទាំង​នេះ ចៀសវាង​ការ​យល់​ច្រឡំ

  • 2019-11-28 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​មួយ​ចំនួន​និយាយ​ថា​ នារីៗ​ពិបាក​នឹង​យក​ចិត្ត​ខ្លាំង​ណាស់​។ តើ​វា​ជា​ការ​ពិត​ ឬ ក៏​យ៉ាង​ណា? ចម្លើយ​គឺ មិន​ពិបាក​នោះ​ទេ នារី​ចូលចិត្ត​អំពើ​ល្អ ចេញ​ពី​ចិត្ត​របស់​អ្នក​ បើ​នាង​សង្កេត​ឃើញ​ថា​អ្នក​ជា​មនុស្ស​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ មាន​ចិត្ត​ទូលាយ​ ជួយ​យក​អាសារ និង​ ផ្តល់​តម្លៃ​ឱ្យ​នាង ម្លោះ​អ្នក​បាន​យក​ឈ្នះ​ចិត្ត​របស់​នាង​បាន​មួយ​ផ្នែក​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ​ បើ​អំពើ​ល្អ​របស់​អ្នក​ មិន​មាន​អត្ថន័យ​អ្វី​លើស​ពី​ការ​រាប់​អាន​ធម្មតា អ្នក​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នូវ​ការ​យល់​ច្រឡំ​ផ្សេងៗ។ កាយ​វិការ​ខាង​ក្រោម​​នេះ​ជា​អ្វី​ដែល​បុរស​គួរ​ប្រយ័ត្ន​ មុន​សម្តែង​ទៅ​កាន់​នារី​ដែល​ខ្លួន​ចាត់​ទុក​ត្រឹម​មិត្ត​ ឬ ប្អូន​ស្រី៖

១. កុំ​ហួង​ហែង​នាង​ខ្លាំង​ពេក

រូបតំណាង

បើ​អ្នក​គ្មាន​គិត​អ្វី​លើស​ពី​មិត្ត​ភាព អ្នក​មិន​ចាំ​បាច់​ធ្វើ​ដូច​យក​ចិត្ត​ទុក​ដាក់​ ខ្វល់​ខ្វាយ និង បារម្ភ​ពី​នាង​ខ្លាំង​ពេក​ទេ។ អ្នក​ដឹង​ទេ​ថា ពេល​ដែល​អ្ន​កធ្វើ​បែប​នេះ​គឺ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​កក់​ក្តៅ និង ឆាប់​ចិត្ត​ទន់​ទៀត​ផង។ តែ​មិន​មែន​មាន​ន័យ​ថា​ បុរស​មិន​គួរ​ខ្វល់​សោះ​នោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​វា​ញឹកញាប់​ខ្លាំង​ពេក​ ដែល​អាច​ឱ្យ​នារី​មាន​ការ​យល់​ច្រឡំ។

២. កុំ​និយាយ​សម្តី​ដូច​មាន​ចិត្ត​លើ​នាង

រូបតំណាង

ពាក្យ​សម្តី​ខ្លះ វា​គ្រាន់​តែ​ជា​ការ​លេង​សើច​សម្រាប់​អ្នក​ប៉ុន្តែ​វា​អាច​បង្ក​ការ​ភាន់​ច្រឡំ​សម្រាប់​នារី។ ពេល​ខ្លះ​ទៀត សម្តី​ល្អៗ និង​ ការ​សរសើរ​របស់​អ្នក​ក៏​ធ្វើ​ឱ្យ​នាង​រំជួល​ចិត្ត និង ងាយ​ក្នុង​ការ​មាន​ចិត្ត​ទៅ​កាន់​អ្នក​ផង​ដែរ។ ពេល​ខ្លះ អ្នក​មិន​ដឹង​ទេ​ថា​សម្តី​ល្អ​ទាំង​នោះ វា​មាន​អត្ថន័យ​យ៉ាង​ណា​សម្រាប់​នាង ដូច្នេះ​បើ​មិន​សូវ​ចាំបាច់​ទេ គួរ​ទុក​ពាក្យ​ទាំង​នោះ​និយាយ​ទៅ​កាន់​នារី​ដែល​អ្នក​ស្រលាញ់​វិញ​ទៅ ល្អ​ជាង។

៣. កុំ​បញ្ចេញ​កាយវិការ​ដូច​ប្រចណ្ឌ

រូបតំណាង

បុរស​មួយ​ចំនួន​​មិន​មាន​ចិត្ត​លើ​គេ​ទេ​ ប៉ុន្តែ​បែរ​ជា​ពេល​ខ្លះ​លេច​ចេញ​នូវ​កាយវិការ ឬ សម្តី​ដូច​មាន​ចិត្ត​ប្រចណ្ឌ​ទៅ​វិញ។ ជា​ពិសេស ការ​សួរ​នាំ​ ដេញ​ដោល​អំពី​ទំនាក់​ទំនង​របស់​នាង និង បុរស​ផ្សេង​ជាដើម​ សុទ្ធ​តែ​ជា​ទង្វើ​មិន​គួរ​ធ្វើ​ឡើយ ព្រោះ​វា​បង្ហាញ​ថា​អ្នក​ខ្វល់​ខ្វាយ​ពី​នាង និង ហាក់​បី​ដូច​ជា​ខ្លាច​បាត់​បង់​នាង​អញ្ចឹង ទោះ​ជា​ការ​ពិត​ អ្នក​គ្រាន់​សួរ​ក្នុង​ន័យ​ធម្មតា​ក៏​ដោយ។

៤. កុំ​ធ្វើ​ល្អ​ពេក

រូបតំណាង

បើ​អ្នក​មិន​អាច​ផ្តល់​ក្តី​ស្រលាញ់​ឱ្យ​នាង​ទេ អ្នក​ក៏​មិន​បាច់​មក​ធ្វើ​ល្អ​អ្វី​ពេក​នោះ​ដែរ ព្រោះ​ដូច​ដែល​បាន​ដឹង​ស្រាប់​ហើយ នរណា​ដែល​មិន​ចូល​ចិត្ត​អំពើ​ល្អ​នោះ? ការ​សួរ​​សុខទុក្ខ យក​អាសារ​ និង កំដរ​នាង​គ្រប់ពេល ​មិន​ថា​ពេល​នាង​សប្បាយ​ចិត្ត ឬ អារម្មណ៍​មិន​ល្អ​ជាដើម សុទ្ធសឹង​ជា​កាយ​វិការ​ដែល​ធ្វើ​ឱ្យ​នាង​ងាយ​យល់​ច្រឡំ និង ឆាប់​មាន​ចិត្ត​លើ​អ្នក​។ បើ​អ្នក​គង់​តែ​ដើរ​ចេញ​ពី​នាង​ សូម​កុំ​បន្សល់​ទុក​នូវ​អនុសាវរីយ​ល្អៗ​ដល់​នាង​ច្រើន​ពេក​អី ព្រោះ​ពេល​អ្នក​ចេញ​ទៅ​ អនុសាវរីយ​ទាំង​នោះ​មិន​បាន​ទៅ​ជា​មួយ​អ្នក​នោះ​ទេ៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ តើធ្វើយ៉ាងណា ដើម្បីដឹងថាគេម្នាក់នោះពិតជាស្រលាញ់យើងពិតប្រាកដមែន?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម