មិន​ថា​រវល់​យ៉ាង​ណា​ កុំ​ភ្លេច​ថែទាំ​សម្រស់​ដោយ​តិចនិក​ទាំង​នេះមុន​ចូល​គេង

  • 2019-11-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​មួយ​ចំនួន​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ចំណុច​តូចៗ​ក្នុង​ការ​ថែរក្សា​សម្រស់​នោះ​ទេ ជាពិសេស​ គឺ​​នៅ​ពេល​យប់។ អ្នក​ខ្លះ​គិត​ថា​មក​ពី​អស់​កម្លាំង អ្នក​ខ្លះ​យល់​ថា​គ្មាន​ពេល​ តែ​ទោះ​ហេតុ​ផល​យ៉ាង​ណា​ក្តី​ អ្នក​មិន​គួរ​រំលង​នូវ​ការ​ថែទាំ​នូវ​សុខភាព​ស្បែក​ និង​សម្រស់​ទាំង​នេះ​ទេ៖

១. លាង​សម្អាត​មុខ​ឱ្យ​បាន​ស្អាត​

រូបតំណាង

ផ្ទៃ​មុខ​របស់​អ្នក​ច្រើន​ទទួល​រង​នូវ​ធូលី​ដី និង​ កម្ទេច​កម្ទី​ផ្សេងៗ​ទៀត​ពេញ​មួយ​ថ្ងៃ ពេល​ខ្លះ​ថែម​ទាំង​ទទួល​រង​នូវ​កម្តៅ​ថ្ងៃ និង ផ្សែង​ម៉ូតូ ឡាន​ទៀត​ផង​ដែល​សុទ្ធ​តែ​អាច​បង្ក​ជា​បញ្ហា​ដល់​ស្បែក។ លើស​ពី​នេះ​ទៅ​ទៀត​គឺ​ ការ​ផាត់​មុខ​អស់​ពេញ​មួយ​ថ្ងៃ។ ដូចនេះ អ្នក​ត្រូវ​សម្អាត​ផ្ទៃ​មុខ​ឱ្យ​បាន​ស្អាត ជាមួយ​ទឹក​លាង​សម្អាត​មុខ​ និង​​សាប៊ូ​លាង​មុខ​បន្ថែម​ទើប​ស្អាត​ល្អ។

២. បិទ​ម៉ាស​មុខ​ជា​ប្រចាំ

រូបតំណាង

អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ថា​ តិចនិក​ថែ​រក្សា​សម្រស់​របស់​នារីៗ​ភាគ​ច្រើន​គឺ មិន​ដែល​រំលង​ម៉ាស​មុខ​នោះ​ទេ។ អ្នក​គប្បីឆ្លៀត​ពេល​ ១០​ទៅ​១៥​នាទី​ ដើម្បី​បិទ​ម៉ាស​មុន​ពេល​ចូល​គេង ដូចជា​ពេល​អ្នក​ចុច​ទូរសព្ទ ឬ មើល​ទូរទស្សន៍​ជា​ដើម ព្រោះ​អាច​ចំណេញ​ពេល​សម្រាក​កាយ​ផង​ និង​បាន​ថែ​ទាំ​សម្រស់​ផង។

៣. លាប​ក្រែម​ផ្តល់​សំណើម​ដល់​បបូរ​មាត់ (គ្មាន​ពណ៌)

រូបតំណាង

នារីៗ​ភាគ​ច្រើន​លាប​ក្រែម​នៅ​ពេល​ថ្ងៃ​ ដើម្បី​ជួយ​បន្ថែម​ពណ៌​ស្រស់​ស្អាត​ដល់​បបូរ​មាត់ និង​ផ្ទៃ​មុខ​ទាំង​មូល​។ យ៉ាង​ណា​មិញ ក្រែម​លាប​មាត់​ខ្លះ​ធ្វើ​ឱ្យ​បបូរ​មាត់​មាន​សភាព​ស្ងួត​ និង​ អាច​របក​ស្បែក​មាត់​ទៀត​ផង ដូចនេះ​ការ​ថែទាំ​បបូរមាត់​នៅ​ពេល​យប់​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ​ ព្រោះ​វា​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​បបូរ​មាត់​និង​ការពារ​ការ​ប្រេះ​ស្បែក​​ជាដើម។

៤. គ្រីម​លាប​ភ្នែក​

រូបតំណាង

ការ​ថែទាំ​ស្បែក​មុខ​គឺ​មិន​អាច​រំលង​បរិវេណ​ភ្នែក​បាន​នោះ​ទេ ជា​ពិសេស​ចំពោះ​នារី​វ័យ​កណ្តាល។ ទោះ​បរិវេណ​ផ្សេង​នៃ​មុខ​មាន​ភាព​ស្រស់​ស្អាត​ហើយ​ក៏​ដោយ បើ​បរិវេណ​ភ្នែក​មាន​ស្នាម​ដក់​ខ្មៅ មិន​ស្រស់​ថ្លា ឬ​មាន​សភាព​ស្ងួត​ខ្លាំង​នោះ វា​ក៏​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​សម្រស់​អស់​មួយ​ផ្នែក​ដែរ។ ដូច្នេះ អ្នក​គួរ​លាប​គ្រីម​ក្រោម​ភ្នែក​ជា​ប្រចាំ​មុន​ពេល​គេង ហើយ​បើ​អាច​បិទ​ម៉ាស​ក្រោម​ភ្នែក​បាន ២ទៅ៣​ដង​ក្នុង​មួយ​សប្តាហ៍​ទៀត​កាន់​តែ​ល្អ៕

រូបតំណាង

អានបន្ត៖ ផាត់មុខរាល់ថ្ងៃ ត្រូវដឹងពីគន្លឹះ ៥ យ៉ាង ការពារមិនឲ្យរន្ធញើសរីកកាន់តែធំឡើងៗ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម