ផាត់មុខរាល់ថ្ងៃ ត្រូវដឹងពីគន្លឹះ ៥ យ៉ាង ការពារមិនឲ្យរន្ធញើសរីកកាន់តែធំឡើងៗ
- 2019-11-18 10:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាត់មុខរាល់ថ្ងៃ ត្រូវដឹងពីគន្លឹះ ៥ យ៉ាង ការពារមិនឲ្យរន្ធញើសរីកកាន់តែធំឡើងៗ
និយាយដល់ការផាត់មុខ ជារឿងដែលស្រីៗមួយភាគធំបានធ្វើវាសឹងតែរាល់ថ្ងៃ។ Make Up កាន់តែខ្លាំងស្បែកមុខ ក៏រងសម្ពាធកាន់តែខ្លាំងដូចគ្នា ថែមទាំងធ្វើឲ្យរន្ធញើសកាន់តែរីកធំ ពីមួយថ្ងៃទៅមួយថ្ងៃ។ កុំបណ្តោយឲ្យសោះ មុនពេលតុបតែងមុខ ត្រូវតែចេះពីគន្លឹះការពារ ៥ យ៉ាងនេះ។
១. ប្រើជក់ឬប៉ុងផាត់មុខទន់បំផុត ពេលលាបម្សៅទ្រនាប់
មនុស្សម្នាក់ៗមានតិចនិកផាត់មុខខុសៗគ្នា អ្នកខ្លះនិយមប្រើដោយដៃច្រើនជាងជក់ឬប៉ុង ក៏ប៉ុន្តែ វិធីដ៏ល្អក្នុងការលាបម្សៅទ្រនាប់ឲ្យចូលសព្វជាប់បានយូរ មិនធ្វើឲ្យរន្ធញើសរីកធំ គឺការប្រើដោយជក់យកមកអូសថ្នមៗ បន្ទាប់ត្រូវបន្ថែមដោយប្រើប៉ុងតប់ថ្នមៗលើផ្ទៃមុខជាការស្រេច។
២. ថែរក្សាស្បែកទាំងយប់និងថ្ងៃ
មូលហេតុធំដែលនាំឲ្យស្បែកមុខកើតមានបញ្ហា ព្រោះតែអ្នកមិនបានយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ ដូចជាសម្អាតមុខមិនស្អាត មិនផ្តល់សំណើម ឬប្រើប្រាស់ផលិតផលមានសារធាតុគីមីខ្លាំងជាដើម។ មិនថាពេលយប់ឬថ្ងៃ ត្រូវតែលាបឡេផ្តល់សំណើម ការពារជ្រួញ និងឧស្សាហ៍បិតម៉ាស់ ជាប្រចាំ ទើបអាចជួយបង្រួមរន្ធញើសបានល្អឡើងវិញ។
៣. លាបឡេការពារស្បែកមុនពេលផាត់មុខ (Primer)
មិនអាចរំលងបានដាច់ខាត ព្រោះបើអ្នកប្រើម្សៅឲ្យប៉ះផ្ទាល់ជាមួយស្បែកមុខតែម្តង ដោយមិនបានលាបអ្វីការពារទាល់តែសោះ នោះស្បែករបស់អ្នកនឹងប្រឈមជាមួយបញ្ហាកើតមុន ស្ទះរន្ធញើស និងឆាប់ជ្រីវជ្រួញខ្លាំងណាស់។ គួរជ្រើសរើសឡេការពារណា ដែលត្រូវតាមប្រភេទស្បែកមុខរបស់អ្នក។
៤. ផាត់ម្សៅស្តើងៗ
បើអ្នកផាត់ម្សៅហុយគួរប្រើជាមួយជក់ ហើយប្រើដោយប៉ុងបើផាត់ម្សៅប្រអប់ ប៉ុន្តែត្រូវផាត់ស្តើងៗបានហើយ ពុំដូច្នោះទេស្បែកមុខរបស់អ្នកនឹងប្រែជាយ៉ាប់យ៉ឺន ជាពិសេសប៉ះពាល់ខ្លាំងដល់រន្ធញើសតែម្តង។
៥. ប្រើគ្រីមផាត់ថ្ពាល់
នៅពេលផាត់មុខ អ្នកតែងតែបន្ថែមគូល័រថ្ពាល់មុននឹងបញ្ចប់រួចរាល់។ យ៉ាងណាក៏ដោយ យល់ល្អគូរតែប្រើគូល័រថ្ពាល់ប្រភេទជាគ្រីម មិនមែនម្សៅ ដើម្បីការពារស្បែក និងធ្វើឲ្យការតុបតែងមុខមានលក្ខណៈជាធម្មជាតិ៕
ចុចអានបន្ត៖ ទម្លាយ ៧ ល្បិចនៃការស្លៀកពាក់បែប cute cute របស់នារីជនជាតិកូរ៉េ