តើ​ទឹក​ដូង​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ សម្រាប់​សុខភាព​និង​ស្បែក ?

  • 2019-11-18 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ដូង ​ជា​ភេសជ្ជៈ​ដែល​គ្រប់​គ្នាចូលចិត្ត​ផឹក​ ពី​ព្រោះ​វា​មាន​រសជាតិ​ផ្អែម ឆ្ងាញ់ និង​អាច​ផឹក​ជំនួស​ទឹក​បាន​។ យ៉ាង​ណា​មិញ អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ សុខភាព​និង​ស្បែក។ អត្ថប្រយោជន៍របស់ទឹកដូងរួមមាន៖

រូបតំណាង

**១. ជំនួយ​ដល់​ការ​ហាត់​ប្រាណ**

ជាតិ​អេឡិចត្រូលីត​នៅ​ក្នុង​ទឹក​ដូង​ មាន​ច្រើន​ជាង​ទឹក​ក្រូច​កូកា​ទៀត​ឯណោះ។ វា​ជួយ​បំពេញ​ជាតិ​ទឹក​ និង មាន​ប្រសិទ្ធភាព​ស្រដៀង​ទៅ​នឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ទៀត​ដែរ តែ​វា​ជា​ភេសជ្ជៈ​ធម្មជាតិ​ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ ប៉ូតាស្យូម និង គ្មាន​ជាតិ​ស្ករ​សម្បនិម្មិត​ឡើយ​ ដូច្នេះ​គេ​អាច​ផឹក​វា​ជំនួស​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​។

២. ជំនួយ​ដល់​សុខភាព​បេះដូង​

ការ​សិក្សា​បង្ហាញ​ថា ទឹក​ដូង​ជួយ​កាត់​បន្ថយ​នូវ​ជាតិ​កូលេស្តេរ៉ុល​នៅ​ក្នុង​ឈាម​ និង​ ជួយ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ជាតិ កូលេស្តេរ៉ុល​ទាំង​មូល​នៅ​ក្នុង​រាងកាយ។

៣. ជំនួយ​ដល់​ការ​រំលាយអាហារ

មុខ​ងារ​ពិសេស​របស់​ទឹក​ដូង​គឺ​ ព្យាបាល​ការ​រាគរូស​។ វា​មាន​ផ្ទុក​ជាតិ​ដែក​ កាល់ស្យូម ម៉ាញ៉េស្យូម​ ម៉ង់ហ្គាណែស​ និង មាន​បរិមាណ​ជាតិអេឡិចត្រូលីត ដូច​នៅ​ក្នុង​ឈាម​ដែរ។

រូបតំណាង

៤. ជួយ​កាត់​បន្ថយ​ជាតិ​គ្លុសកូស​នៅ​ក្នុង​ឈាម

ចំណុច​ពិសេស​នៃ​ទឹក​ដូង​ គឺ​អ្នក​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​ ក៏​គាត់​អាច​ពិសារ​បាន​ដែរ​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​កាកសរសៃ (Fiber) និង រសជាតិ​ផ្អែម​ធម្មជាតិ។ យ៉ាង​ណា​មិញ អ្នក​គួរ​ពិសារ​ទឹក​ដូង​ស្រស់​ពី​ផ្លែ​តែ​ម្តង​ ព្រោះ​ទឹក​ដូង​កំប៉ុង ឬ ​ដាក់​កែវ​ស្រាប់​អាច​ត្រូវ​បាន​គេ​ដាក់​ជាតិ​ផស្ករ​ថែម​។​

៥. ជួយ​ព្យាបាល​គ្រួស​ក្នុង​តម្រង​នោម

ទឹក​ដូង​ ជួយ​ពាំ​នាំ​នូវ​ជាតិ​ ប៉ូតាស្យូម​ ស៊ីត្រាត និង​ ក្លរីន​ ដែល​លើស​កម្រិត ចេញ​ពី​រាង​កាយ​តាម​រយៈ​ទឹកនោម​។ ដូចនេះ ជាតិ​កករ​ និង កម្ទេច​កម្ទី​តូចៗ​ដែល​​មាន​នូវ​ក្នុង​រាង​កាយ នឹង​ត្រូវ​បាន​បញ្ចេញ​មក​ខាង​ក្រៅ​តាម​ការ​បន្ទោរបង់​ដែរ។

រូបតំណាង

៦. ជួយ​ពង្រឹង​ឆ្អឹង

ទឹក​ដូង​ គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​។ ដូចនេះ​ វា​ក៏​មាន​នាទី​ជួយ​ផ្នែក​សុខភាព​ឆ្អឹង​ផង​ដែរ។

៧. ជួយ​ព្យាបាល​មុន​

ទឹក​ដូង​ មាន​ផ្ទុក​ជាតិ​អង់ទីករ ដែល​ជួយ​ប្រឆាំង​ទៅ​នឹង​មេរោគ​ដែល​លេច​ឡើង​ ហើយ​វា​ក៏​ជូយ​ទៅ​ព្យាបាល​បញ្ហា​មុន​ផង​ដែរ ៕

រូបតំណាង

អានបន្ត៖ ប្រភេទ​អាហារ​៥​មុខ​ដែល​កាន់​តែ​ញ៉ាំ កាន់​ធ្វើ​ឲ្យ​អ្នក​ចាស់​ សុខភាព​កាន់​តែ​ខ្សោយ

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម