៥ ម៉ាត់ មិនគួរនិយាយទៅកាន់មនុស្សកំពុងតែមានបញ្ហាធុញថប់ពិបាកចិត្ត
- 2019-10-31 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ម៉ាត់ មិនគួរនិយាយទៅកាន់មនុស្សកំពុងតែមានបញ្ហាធុញថប់ពិបាកចិត្ត
ធ្លាប់ឆ្ងល់ដែរទេថា តើបញ្ហាធុញថប់ផ្លូវអារម្មណ៍មានសភាពបែបណា? អ្នកអាចយល់បានយ៉ាងងាយ ដោយគ្រាន់តែយកខួរក្បាលខ្លួនឯងទៅប្រៀបធៀបជាមួយនឹងទូរទស្សន៍ ហើយអ្នកដទៃគឺជាអ្នកកាន់តេឡេបញ្ជា។ មិនខុសគ្នាពីការពិតប៉ុន្មានទេ ព្រោះភាពតានតឹងធុញថប់ បានចូលមកគ្របដណ្ដប់រាងកាយរបស់អ្នកទាំងស្រុង ជាហេតុបណ្ដាលទៅជាវិបត្តិផ្លូវអារម្មណ៍ ដែលពុំអាចគិតអ្វីមួយជាក់លាក់ ពិបាកគ្រប់គ្រងនិងជៀសផុតពីបញ្ហានេះ។
ប្រសិនបើអ្នកឃើញនរណាម្នាក់ កំពុងតែជួបប្រទះវិបត្តិផ្លូវអារម្មណ៍ និងមានបំណងចង់ជួយសង្គ្រោះលើកទឹកចិត្តឲ្យល្អប្រឡើងវិញ មិនគួរនិយាយសម្តី ៥ ម៉ាត់ដាក់ពួកគេ ដើម្បីការពារមិនឲ្យស្ថានភាពកាន់ធ្ងន់ធ្ងរជាងមុន។
១. "ត្រជាក់ចិត្តទៅ"
ស្តាប់ទៅហាក់បីដូចជាពាក្យលួងលោមដែលមានប្រសិទ្ធភាព សម្រាប់ជួយឲ្យចិត្តបានធូរស្រាល។ ផ្ទុយទៅវិញ វិធីដែលអ្នកយកមកប្រើប្រាស់ មិនស័ក្ដិសមក្នុងដំណាក់កាលមួយនេះឡើយ។ បើគេអាចចិត្តត្រជាក់ស្ងប់អារម្មណ៍បាន មិនមែនទុករហូតដល់ពេលនេះទេ។
២. "ជីវិតខ្លីណាស់មិនដឹងកើតទុក្ខបានអីមកវិញទេ"
ពិតណាស់ មានជីវិតមិនគួរកើតទុក្ខច្រើនមែន ប៉ុន្តែបើអ្នកនិយាយបែបនេះទៅកាន់មនុស្សដែលកំពុងតែមានទុក្ខ និងមិនទាន់រកដំណោះស្រាយចេញ វានឹងកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍តានតឹងស្មុគស្មាញលើសដើម។
៣. "ចាំមើល ២-៣ ឆ្នាំទៀត ដឹងហើយថាកើតទុក្ខទៅមិនដឹងបានស្អីមកវិញផង"
ពាក្យសម្ដីមិនអាចនិយាយឲ្យតែរួចពីមាត់បានទេ ព្រោះសម្តីប្រៀបបាននឹងអាវុធមុខស្រួច ដែលអាចវាយប្រហារមនុស្សដែលតានតឹងធុញថប់បានយ៉ាងងាយ។ ពាក្យលេងសើចមួយចំនួន វាមិនកំប្លែងសោះឡើយចំពោះអ្នកមានទុក្ខ។ យល់ល្អគួរជំនួសមកវិញ ដោយការនិយាយលើកទឹកចិត្ត និងយល់ចិត្ត ទើបអាចជួយបន្ថយនូវភាពឈឺចាប់បាន។
៤. "រឿងតិចតួចសោះ កុំធ្វើដូចជាធំដុំពេកមើល៍"
សម្រាប់អ្នកមើលទៅដូចជារឿងតិចតួចមែន ប៉ុន្តែចំពោះអ្នកមានទុក្ខ វាជារឿងធំដុំនិងពិបាកពន្យល់ខ្លាំងណាស់។ បើនិយាយបែបនេះទៅកាន់ពួកគេ មានន័យថាអ្នកកំពុងប្រាប់គេថា "ឈប់សម្តែងចូលតួខ្លាំងពេកទៅ”។ យល់ល្អគួរនិយាយថា "វាពិតជាលំបាកមែន តែមិនអីទេ ខ្ញុំនៅចាំជួយជានិច្ចណា” ។
៥. “មកពីប្រមូលបញ្ហាទុកក្នុងខួរក្បាលខ្លាំងពេក បានទៅជាអីចឹង”
គ្មាននរណាម្នាក់ចង់បៀមទុក្ខជាប់ខ្លួនរហូតទេ ដូច្នេះហើយកុំព្យាយាមនិយាយបញ្ឆិតបញ្ឆៀងបែបស្តីបន្ទោស ព្រោះវាបង្ហាញពីភាពព្រងើយកន្តើយ មិនយល់ពីអារម្មណ៍របស់មនុស្សដែលកំពុងតែពិបាកចិត្ត៕
ចុចអានបន្ត៖ និយាយលេងធម្មតាបាន ប៉ុន្តែមិនគួររាប់អានជិតស្និទ្ធជាមួយមនុស្ស ៥ ប្រភេទនេះ