និយាយលេងធម្មតាបាន ប៉ុន្តែមិនគួររាប់អានជិតស្និទ្ធជាមួយមនុស្ស ៥ ប្រភេទនេះ

  • 2019-10-31 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មិន​តិច​ប្រភេទ​ ដែល​ទៅ​មក​ឆ្លងកាត់​​ចុះ​ឡើង​ នៅ​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​ខ្លះ​ចូល​មក​ជាមួយ​នឹង​ក្តីសង្ឃឹម​ ការ​លើក​ទឹក​ចិត្ត ធ្វើ​ឱ្យ​​សប្បាយ​រីករាយ ប៉ុន្តែ​​អ្នក​ខ្លះ​វិញ ហ៊ាន​តែ​រាប់​អាន​មិន​ប្រុង​ប្រយ័ត្ន ច្បាស់​ជា​នៅ​ចាំ​ចាក់​ពី​ក្រោយ​ខ្នង​មិន​ខាន​។ មុន​សម្រេច​ចិត្ត​ទៅ​ជិតស្និទ្ធ​ជាមួយ​នឹង​នរណា​ម្នាក់​ត្រូវ​សង្កេត​មើល​​ឱ្យ​បាន​ជាក់​លាក់​សិន​។ បើ​ជួប​មនុស្ស​ ៥ ប្រភេទ​នេះ គ្រាន់​តែ​និយាយ​លេង​ធម្មតា​បាន​ហើយ តែកុំជិតស្និទ្ធពេក ជៀស​កាន់​តែ​ឆ្ងាយ​កាន់​តែ​​ល្អ​។

១. មនុស្ស​ខ្ជិល​ច្រអូស

រូបតំណាង

មនុស្ស​ដែល​វៃ​ឆ្លាត ឧស្សាហ៍​ព្យាយាម​ច្បាស់​ជា​មិន​អាច​យល់​ពី​ហេតុផល​ដែល​ត្រូវ​ខ្ជិល ព្រោះ​ពួក​គេ​មាន​គោលដៅ​ និង​ការ​តាំង​ចិត្ត​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត មិន​បោះ​បង់​ចោល​ងាយៗ។ ពួក​គេ​ដឹង​ច្បាស់​ថា បើ​រាប់​អាន​ប៉ះ​ចំ​មនុស្ស​ខ្ជិល​អូស​គូថ​មិន​រួច វា​អាច​នឹង​នាំ​ឲ្យ​គេ​ខ្ជិល​តាម​។ ហេតុ​នេះ​ហើយ​ទើប​​បាន​ជា​​គេ​ចូលចិត្ត​រាប់​អាន​​តែ​នរណា​ ដែល​​អាច​ផ្តល់​​កម្លាំង​ចិត្ត​និង​មាន​គោល​បំណង​ដូច​គ្នា។

២. មនុស្ស​មិន​ចេះ​គិត​ពិចារណា​វែង​ឆ្ងាយ

មនុស្ស​ប្រភេទ​នេះ ចូល​ចិត្ត​តែ​ជជែក​ពី​​រឿង​ណា​​ដែល​មិន​សំខាន់ និយាយ​ដើម​គេ​ ដែល​គ្មាន​ហុច​ផល​​ប្រយោជន៍​អី​មក​វិញ​បន្តិច​សោះ។ ពួកគេ​តាំង​ខ្លួន​ជា​មនុស្ស​ឆ្លាត​លើស​គេ ដឹង​គ្រប់​រឿង​ទាំង​អស់​ ទោះ​វា​មិន​មែន​ជា​ការពិត​ក៏​ដោយ​។ មនុស្ស​បែប​នេះ មិន​​​គួរ​ខ្ជះខ្ជាយ​​ពេល​វេលា​ កម្លាំង​ថាមពល​​ ទៅ​ពាក់ព័ន្ធ​ជាមួយ​។

រូបតំណាង

៣. មនុស្ស​ដែល​សប្បាយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់

សម្រាប់​មនុស្ស​​ប្រភេទ​នេះ​វិញ​ យល់​ថា​​កើត​មក​ជីវិត​មាន​តែ​មួយ ត្រូវ​តែ​សប្បាយ​ក្អាកក្អាយ​ឲ្យ​អស់​ដៃ​។ អត្ថន័យ​នៃ​ជីវិត​របស់​ពួក​គេ គឺ​ការ​ជប់​លៀង​ស៊ី​ផឹក​​ ដើរលេង ដោយ​មិន​គិត​ខ្វល់​ខ្វាយ​​ពី​អ្វី​ទាំង​អស់។ ពួក​គេ​មិន​អាច​បែង​ចែក​ពេល​វេលា​​សប្បាយ​រីករាយ​និង​សាច់ការ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា និង​មិន​ចេះ​រៀប​ចំ​ជីវិត​ឲ្យ​បាន​ល្អ​។

៤. មនុស្ស​អួត

យក​អ្វី​មក​ឃាំង​ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​ពួក​គេ​មិន​អាច​បញ្ឈប់​ការ​​បង្អួត​គ្នា​បាន​ឡើយ ព្រោះ​ចង់​ឱ្យ​គេ​ឯង​មើល​មក​អស្ចារ្យ តែ​ធាតុ​ពិត​វា​ជា​ការ​ខ្វះ​ទំនុក​ចិត្ត​ទៅ​វិញ​ទេ។ ត្រូវ​​ចាំ​ថា មនុស្ស​ដែល​ព្យាយាម​អួត​ពី​អ្វី​មួយ ដោយ​សារ​តែ​ពួក​គេ​ខ្វះ​ខាត​ត្រង់​ចំណុច​នោះ​ មាន​តែ​ពាក្យ​បំផ្លើស​ទើប​អាច​ជួយ​បាន។

រូបតំណាង

៥. មនុស្ស​មើល​ស្រាល

មនុស្ស​ប្រភេទ​នេះ​ក៏​មិន​គួរ​យក​ខ្លួន​បៀត​ដែរ។ ក្នុង​ខួរក្បាល​ផ្ទុក​ទៅ​ដោយ​គំនិត​អវិជ្ជមាន គ្មាន​វិធី​ជំរុញ​ទឹក​ចិត្ត​​ហើយ ថែម​ទាំង​គិត​ថា​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត។ ការ​គិត​រាក់​ ភ្នែក​សម្លឹង​ឃើញ​តែ​ផ្លូវ​ទាល់​ មិន​ទូលំទូលាយ ប្រៀប​បាន​​ដូច​ជា​រនាំង​ហាម​ឃាត់​អ្នក​មិន​ឲ្យ​ឈាន​ទៅ​ដល់​គោល​ដៅ​ដែល​ខ្លួន​ប៉ង​ប្រាថ្នា។ បើ​ជៀស​បាន​គួរ​ជៀស​ឱ្យ​ឆ្ងាយ ទុក​យូរ​នាំ​តែ​​ឆ្លង​មេរោគ​ចង្អៀត​ចិត្ត​តាម៕

រូបតំណាង

តើ​មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ចង់​គេច​ឱ្យ​ផុត​មិន​ចង់​ពាក់ព័ន្ធ​ក្នុង​ជីវិត?

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ សរ សុគន្ធី