កូនសោសម្ងាត់ ៣ ជួយឲ្យអ្នកស្វែងរកក្តីសុខឲ្យខ្លួនឯង មិនបៀមទុក្ខក្នុងជីវិត

  • 2019-10-17 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​កើត​មក​ នរណា​ក៏​ចង់​រស់​នៅ​ដោយ​មាន​ក្តី​សុខ​សុភមង្គល​ដែរ។ ទោះ​មាន​ទ្រព្យ​​តិច​ឬ​ច្រើន​ក្តី សូម​កុំ​ឲ្យ​តែ​មាន​ទុក្ខ ស្រាយ​មិន​ចេញ​​។ អ្នក​មិន​អាច​ហាម​ឃាត់​បញ្ហា​មិន​​​ឲ្យ​កើត​ឡើង​បាន​ពិត​មែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​​ អ្នក​ចេះ​ពី​វិធី​ដើម្បី​ប្រឈម​ជាមួយ​វា។ មាន​កូន​សោ​ ៣ ដែល​គួរ​ទុក​ប្រើ​ក្នុង​ជីវិត ដើម្បី​អាច​ចាក់​ចូល​ទៅ​កាន់​កន្លែង ដែល​នាំ​ឲ្យ​អ្នក​មាន​សុខ​សន្តិភាព​ផ្លូវ​ចិត្ត មិន​កើត​ទុក្ខ​រារែក​នឹង​បញ្ហា​ទាំង​ឡាយ។​​

រូបតំណាង

**​កូន​សោ​ទី ១៖**​ "ហ៊ាន​ទទួល​ស្គាល់​ការពិត" ។

​កូន​សោ​ទី ២៖​ "រក​វិធី​កែប្រែ​ឲ្យ​ប្រសើរ​ឡើង" ។

​កូន​សោ​ទី ៣៖​ "បណ្តោយ​ទៅ​តាម​កាលៈទេសៈ​ចុះ" ។

រូបតំណាង

ប្រសិន​បើ​អ្នក​​មិន​អាច​ទទួល​យក​ការពិត​បាន​ទេ ត្រូវ​​ចេះ​កែ​តម្រូវ​ឲ្យ​ល្អ​ជាង​មុន​។

បើ​រឿង​ណា​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​ បណ្តោយ​វា​ឲ្យ​ទៅ​តាម​ហ្នឹង​សិន​ទៅ។

មនុស្ស​ដែល​មាន​គំនិត​សុទិដ្ឋិនិយម អាច​សើច​ច្រើន​រហូត​ភ្លេច​ពី​ទុក្ខ​និង​​ការ​ខឹង​គុំកួន​គ្នា។

មនុស្ស​ដែល​មាន​គំនិត​ទុទ្ទិដ្ឋិនិយម មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​​ការ​សក​សឹង ខឹង​ច្រណែន រក​តែ​ពេល​សើច​គ្មាន។

​មេរៀន​ជីវិត​សំខាន់​ៗ​ដែល​គួរ​ចង​ចាំ​ទុក៖

រូបតំណាង

១. ការ​ខិត​ខំ​ព្យាយាម អាច​ជួយ​អ្នក​ទៅ​កាន់​គោល​ដៅ​ដែល​ខ្លួន​ប្រាថ្នា ប៉ុន្តែ​​មិន​ចាំ​បាច់​ល្អ​ឥត​ខ្ចោះ ដូច​អ្វី​ដែល​ធ្លាប់​រំពឹង​ទុក​ក៏​បាន​ដែរ សំខាន់​អ្នក​អាច​​ធ្វើ​វា​ដោយ​ក្តី​​រីករាយ​និង​មាន​តម្លៃ​ គឺ​គ្រប់​គ្រាន់​ហើយ។

២. បើ​មិន​អាច​ចែក​រំលែក​អ្វី​ធំដុំ​ទៅ​កាន់​អ្នក​ដទៃ​បាន​ទេ ត្រឹម​​​ ​ស្នាម​ញញឹម​ឬរបស់​​បន្តិច​បន្តួច​ដូច​ជា ចំណីអាហារ មាន​ទឹក​ចិត្ត​ល្អ ចេះ​បង្ក​បរិយាកាស​ឲ្យ​ស្រស់​ស្រាយ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​អាច​ចែក​រំលែក​រាល់​ថ្ងៃ។

៣. នៅ​ពេល​មិន​ចូល​ចិត្ត​​អ្វី​មួយ​ឬ​​មិន​ពេញ​ចិត្ត​​នឹង​នរណា​ម្នាក់ កុំ​នៅ​រអ៊ូ​រទាំ​អី ត្រូវ​ព្យាយាម​​និយាយ​ត្រង់​ៗ ហើយ​បើ​នៅ​តែ​មិន​អាច​កែ​ប្រែ​អ្វី​បាន​ ដើរ​ចេញ​ប្រសើរ​ជាង​ខ្ជះខ្ជាយ​ពេលវេលា​នៅ​​ជាមួយ​របស់​ដែល​មិន​​ស័ក្តិសម​នឹង​តម្លៃ​​របស់​អ្នក។

៤. បែង​​ចែក​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ ធ្វើ​រឿង​ណា​ដែល​មាន​ប្រយោជន៍​ឲ្យ​បាន​ច្រើន​ជាង​រឿង​ឥត​ប្រយោជន៍។​

៥. បើ​មាន​គេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ខឹង មាន​ន័យ​ថា​ម្នាក់​នោះ​ព្យាយាម​ហុច​ដាវ​ឲ្យ​អ្នក​ចាក់​ខ្លួន​ឯង ប៉ុន្តែ​បើ​អ្នក​​ចេះ​ទប់​អារម្មណ៍ ហើយ​​ញញឹម​ដាក់​គេ​​ទៀត មាន​ន័យ​ថា​អ្នក​ឆ្លាត​ មិន​ទទួល​យក​ដាវ​ពី​គេ​។

រូបតំណាង

៦. ស្មោះ​ត្រង់​តែ​កុំ​ស្មោះស្ម័គ្រ​គ្មាន​ព្រំដែន ព្រោះ​វា​អាច​នាំ​ទុក្ខ​ដាក់​ខ្លួន។

៧. សម្តី​ផ្អែម​មិន​មែន​សុទ្ធ​តែ​ពិត សង្កេត​មើល​លើ​សកម្មភាព​​ឲ្យ​បាន​ច្រើន​ជាង។

៨. តាំង​ខ្លួន​​ជា​មនុស្ស​ឆ្លាត​ជ្រុល​ អាច​នាំ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត និង​មិន​អាច​រៀន​​ពី​អ្វី​ថ្មី​ៗ។

៩. បណ្តោយ​ឲ្យ​ខ្លួន​ឯង​ខ្ជិល​ខ្លះ​ក៏​មិន​អី​ដែរ ដើម្បី​រាង​កាយ​និង​ខួរក្បាល​បាន​សម្រាក​ខ្លះ។

១០. បើ​ថ្ងៃ​ណា​មួយ​អ្នក​ឈឺ​ចាប់ ត្រូវ​ដឹង​ថា​​ ដោយ​សារ​តែ​​​​មហិច្ឆតា​របស់​អ្នក​លើស​ពី​សមត្ថភាព​។

រូបតំណាង

១១. ពេល​ទៅ​ទិញ​​ឥវ៉ាន់​​​គួរ​ជ្រើសរើស​របស់​ណា​​​ដែល​អាច​ប្រើប្រាស់​​មាន​ប្រយោជន៍ មិន​មែន​សម្រាប់​ដាក់​​តាំង​​ចោល​។ មាន​ជីវិត​ក៏​ត្រូវ​តែ​រស់​ដោយ​សុភមង្គល​ពិត​ប្រាកដ មិន​មែន​​​ដើម្បី​តែ​ភ្នែក​អ្នក​ដទៃ​។

១២. ជជែក​ពិភាក្សា​​សហការ​ជាមួយ​មនុស្ស​ដែល​មាន​គំនិត​ផ្ទុយ​ពី​អ្នក កាន់​តែ​​ជួយ​ឲ្យ​អ្នក​​អាច​​បង្កើត​គំនិត​ថ្មី​ប្លែក​ មាន​បទពិសោធន៍​ច្រើន​ជាង​មុន​។

១៣. ស្នាម​ញញឹម​របស់​​អ្នក​គឺ​ជា​ក្តី​សុខ​របស់​មនុស្ស​ដែល​ស្រលាញ់​អ្នក​ ដូច្នេះ​កុំ​ភ្លេច​ញញឹម​ឲ្យ​បាន​ច្រើន។

១៤. មើល​ថែរក្សា​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ បន្ត​ភាព​រឹង​មាំ​​និង​ជឿជាក់​ជានិច្ច។

១៥. រំឭក​ប្រាប់​ខ្លួន​ឯង​រឿយ​ៗ​ថា ត្រូវ​តែ​ចេះ​អត់​ឱន​​កំហុស​ឲ្យ​ខ្លួន​ឯង​អ្នក​ដទៃ ព្រោះ​គ្មាន​នរណា​ល្អ​ឥត​ខ្ចោះ​ទេ​លើ​លោក​នេះ​៕

រូបតំណាង

ចុចអានបន្ត៖ ឧស្សាហ៍តានតឹងអារម្មណ៍និងស្រ្តេសច្រើន គួរដឹងពីវិធីងាយៗ ដើម្បីលុបបំបាត់ឲ្យទាន់ពេលវេលា

ប្រភព៖ eatrices ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម