ឧស្សាហ៍តានតឹងអារម្មណ៍និងស្រ្តេសច្រើន គួរដឹងពីវិធីងាយៗ ដើម្បីលុបបំបាត់ឲ្យទាន់ពេលវេលា

  • 2019-10-16 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ស្រ្តេស​និង​ការ​តាន​តឹង​ថប់​អារម្មណ៍ បាន​កើត​ឡើង​​ទៅ​​លើ​​មនុស្ស​ជា​ច្រើន​ នៅ​ជុំ​វិញ​សកលលោក។ ​ជាក់​ស្តែង​ ​មាន​មនុស្ស​វ័យ​ជំទង់​ ៧០​%​ ហើយ ដែល​​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​ទទួល​រង​ឥទ្ធិពល​ពី​​បញ្ហា​ទាំង​​នេះ​។ យ៉ាង​ណា​ក៏​ដោយ មាន​វិធី​ច្រើន​ណាស់ ដែល​​អ្នក​អាច​យក​ទៅ​​អនុវត្ត ដើម្បី​កាត់​បន្ថយ​និង​បំបាត់​​ភាព​ធុញថប់ អាការៈ​ស្រ្តេស​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ កុំ​បណ្តោយ​ឲ្យ​វា​នៅ​តោង​ទាម​ក្នុង​ខ្លួន​​យូរ​ពេក ព្យាយាម​​បណ្តេញ​ចេញ​បន្តិច​ៗ​ម្តង អ្នក​នឹង​បាន​ធូរ​ស្រាល​ប្រសើរ​ឡើង​វិញ ថែម​ទាំង​​​អាច​ការពារ​​មិន​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

រូបតំណាង

១. ធ្វើ​លំហាត់ប្រាណ

ការ​ហាត់​ប្រាណ ជា​រឿង​​សំខាន់​បំផុត ដែល​អាច​ជួយ​បំបាត់​ស្រ្តេស​​បាន​យ៉ាង​ល្អ​។ ដរាប​ណា​អ្នក​បាន​ហាត់​ប្រាណ​បញ្ចេញ​ញើស​ជា​ប្រចាំ ការ​ប្រឈម​នឹង​ភាព​តាន​តឹង​ស្មុគស្មាញ​ ស្ទើរ​តែ​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ ប្រសើរ​ជាង​អ្នក​ដែល​មិន​បាន​ហាត់​ប្រាណ​ទាល់​តែ​សោះ​។

អត្ថប្រយោជន៍​សំខាន់​ៗ​មាន​ដូច​ជា​៖

  • កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ដែល​បណ្តាល​ឲ្យ​ស្រ្តេស រួម​មាន​ ក័រទីសុល និង​អង់ដូហ្វីន។

  • អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្កប់​ស្កល់ មិន​គិត​រវើរវាយ​ច្រើន។

  • ជួយ​ឲ្យ​​រាង​កាយ​មាន​ថាមពល បង្កើន​ការ​ជឿ​ជាក់ និង​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត។

ព្យាយាម​ជ្រើស​​រើសវិធី​ហាត់​ប្រាណ​ណា​មួយ​ដែល​​អ្នក​ចូល​ចិត្ត អាច​ជួយ​ឲ្យ​អារម្មណ៍​​​​ស្រស់​ថ្លា មាន​ដូច​ជា ការ​ដើរ ការ​រាំ ហាត់​យ៉ូហ្គា​ជា​ដើម​។

រូបតំណាង

២. គិត​គូពី​អាហារ

កុំ​មើល​ឲ្យ​សោះ សូម្បី​អាហារ​មួយ​ចំនួន​ដែល​អ្នក​ញ៉ាំ​ ក៏​អាច​កែ​ខៃ​បញ្ហា​ស្រ្តេស​និង​តាន​តឹង​​បាន​ដែរ​។ ក្នុង​នោះ​មាន​ដូច​ជា​៖

  • ស្លឹក​ប្រេង​ខ្យល់​៖ វា​ស្ថិត​នៅ​ក្នុង​ប្រភេទ​ស្លឹក​ដែល​មាន​ក្លិន​ឈ្ងុយ​និង​ហឹរ​តិចៗ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ប្រឆាំង​នឹង​​អារម្មណ៍​ធុញ​ថប់។
រូបតំណាង
  • អាហារ​ដែល​មាន​ អាស៊ីដ​អូមេហ្គា ៣៖ វា​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ ២០​%។ អាហារ​ទាំង​នោះ​រួម​មាន ត្រី​សាល់ម៉ុន ផ្លែ​បឺរ ស៊ុត ផ្កា​ខាត់ណា​ខៀវ កូន​ស្ពៃ គ្រាប់​អាល់ម៉ុន...។
រូបតំណាង
  • ​តែ​បៃតង៖ វា​មាន​សារធាតុ​ phenolic ខ្ពស់ មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កម្រិត serotonin កើន​ឡើង ជា​ហេតុ​​ជួយ​កាត់​បន្ថយ​ស្រ្តេស​និង​អារម្មណ៍​តាន​តឹង។

៣. អុជ​ទៀន

រូបតំណាង

គួរ​​អុជ​ទៀន​ជាមួយ​នឹង​ប្រេង​​ដែល​មាន​ក្លិន​ក្រអូប​ប្រហើរ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​។ អ្នក​អាច​ជ្រើស​រើស​ក្លិន ផ្កា​ឡាវេនឌ័រ ផ្កា​កុលាប​ ឬ​ក្លិន​ក្រូច​ជា​ដើម​។ នេះ​ជា​វិធី​ព្យាបាល​ដោយប្រើ​ប្រេង​ក្រអូប អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​គេង​លក់​ស្រួល​។

៤. កាត់​បន្ថយ​​ភេសជ្ជៈ​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន

រូបតំណាង

​​​ជាតិកាហ្វេអ៊ីន មាន​នៅ​ក្នុង​កាហ្វេ​ តែ សូកូឡា និង​ភេសជ្ជៈ​ផ្តល់​ថាមពល​​ផ្សេងៗ។ កាលណា​ផឹក​វា​កាន់​តែ​ច្រើន អារម្មណ៍​តាន​តឹង​នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដូច​គ្នា​។ បើ​អ្នក​កត់​សម្គាល់​ថា ភេសជ្ជៈ​ទាំង​នោះ ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​​នឹង​បញ្ហា​ពិត​មែន ត្រូវ​ព្យាយាម​កាត់​បន្ថយ​ឬ​ផឹក​ក្នុង​កម្រិត​សម​ល្មម​មិន​លើស​ប្រមាណ​។

៥. កត់​ត្រា

រូបតំណាង

នេះ​ជា​វិធី​មួយ​ ដើម្បី​​អាច​គ្រប់​គ្រង​ភាព​ស្រ្តេស។ កុំ​ព្យាយាម​ផ្តោត​លើ​ទុក្ខ​ខ្លាំង​ពេក ត្រូវ​កត់​ត្រា​​រឿង​ល្អ​​ៗដែល​បាន​កើតឡើង​មក​លើ​អ្នក។ មាន​តែ​គំនិត​វិជ្ជមាន​​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​ជីវិត​ប្រសើរ​ឡើង​។

៦. ទំពា​ស្ករ​កៅស៊ូ

រូបតំណាង

សម្រាប់​វិធី​ងាយ​ៗ​និង​លឿន​បំផុត ការ​ទំពា​ស្ករ​កៅស៊ូ​អាច​ជួយ​អ្នក​បាន​។ នៅ​ពេល​ទំពា​ ប្រៀប​បាន​ដូច​ជា​អ្នក​បាន​​ទៅ​ដាស់​​ខួរក្បាល​​​ឲ្យ​ភ្ញាក់​ឡើង ថែម​ទាំង​ជួយ​ឲ្យ​​​លំហូរ​​ឈាម​ទៅ​កាន់​ខួរ​ក្បាល មាន​ដំណើរ​ការ​ល្អ​ផង​ដែរ​។

៧. ចំណាយ​ពេល​នៅ​ជាមួយ​មិត្តភ័ក្តិ​និង​ក្រុម​គ្រួសារ

ការ​ចូល​រួម​ចំណែក​ពី​មិត្តភ័ក្តិ​និង​ក្រុម​គ្រួសារ អាច​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​ពី​ភាព​ស្រ្តេស​​​ និង​​ជួយ​កែ​ប្រែ​ស្ថាន​ភាព​ឲ្យ​ប្រសើរ​ឡើង។ ប្រសិន​បើ​អ្នក​ព្យាយាម​ផ្តាច់​ខ្លួន សំងំ​នៅ​ស្ងាត់​​តែ​ម្នាក់​​ឯង​ច្រើន​​ពេក អាច​បណ្តាល​ឲ្យ​ការ​ធុញថប់​កើន​ឡើង​ខ្លាំង​ជាង​មុន​។

រូបតំណាង

៨. សើច

អារម្មណ៍​តាន​តឹង​ពិបាក​កើត​ឡើង​ខ្លាំង​ណាស់ នៅ​ពេល​ដែល​អ្នក​សើច។ សើច​ឲ្យ​បាន​ច្រើន កាន់​តែ​ល្អ​សម្រាប់​សុខភាព​ អាច​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ទៅ​តាម​ហ្នឹង​ដែរ។ អាច​និយាយ​លេង​ជាមួយ​មិត្ត​ជិតស្និទិ្ធ មនុស្ស​នៅ​ជុំវិញ​ខ្លួន​ និង​មើល​កម្មវិធី​ទូរទស្សន៍​សប្បាយ​ៗ ដើម្បី​បង្កើន​សំណើច​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​។​

រូបតំណាង

៩. មិន​ទុក​កិច្ចការ​គរ​លើ​គ្នា

រូបតំណាង

កិច្ចការ​ណា​ដែល​សំខាន់​ជាង​គេ គួរ​ព្យាយាម​បញ្ចប់​វា​តាម​​លំដាប់​លំដោយ ដាច់​ខាត​មិន​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​គរ​លើ​គ្នា ព្រោះ​វា​​​អាច​នាំ​ភាព​ស្មុគស្មាញ​ដល់​ឲ្យ​អ្នក​កាន់​តែ​ខ្លាំង មិន​ដឹង​គួរ​ធ្វើ​មួយ​ណា​ទុក​មួយ​ណា។

១០. ហ្វឹក​ហាត់​រៀប​ចំ​ចិត្ត​ឲ្យ​បាន​ល្អ

នរណា​ក៏​មាន​ទុក្ខ​ដែរ​នៅ​ក្នុង​ជីវិត គ្រាន់​តែ​​គេ​មាន​វិធី​សាស្ត្រ​ផ្សេងៗ​​គ្នា ក្នុង​ការ​ជួយ​សង្គ្រោះ​ខ្លួន​ឯង​។សំខាន់​អ្នក​មិន​បណ្តែ​ត​បណ្តាយ​ឲ្យ​ភាព​តាន​តឹង ធុញ​ថប់​ កើត​មាន​យូរ​ខ្លាំង​ពេក​។ ចង់​បាន​ក្តី​សុខ​ឬ​ទុក្ខ វា​ជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​អ្នក​។ គួរ​​ហ្វឹក​ហាត់​រៀប​ចំ​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ​រាល់​ថ្ងៃ អ្នក​នឹង​អាច​រស់នៅ​ដោយ​ភាព​សប្បាយ​​រីករាយ​រាល់​ថ្ងៃ​។

អារម្មណ៍​ស្រស់​ថ្លា មិន​ស្មុគស្មាញ​តាន​តឹង មិន​ត្រឹម​តែ​មាន​ផល​វិជ្ជមាន​សម្រាប់​​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ជះ​ឥទ្ធិពល​ល្អ​សម្រាប់​​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ​៕

រូបតំណាង

ចុចអានបន្ត​៖ គំនិតអប់រំចិត្តសំខាន់ៗ ដែលមនុស្សស្រីឆ្លាត តែងអនុវត្តក្នុងសង្គមទំនើប

ប្រភព៖ Health Line ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម