អត្ថ​ប្រយោជន៍​ ៧​យ៉ាង​នៃ​ការ​ធ្វើ​ជា​មនុស្ស​​ស្ងៀមស្ងាត់ មិន​សូវ​មាត់​ក

  • 2019-10-17 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ការ​​សាក​ល្បង​ធ្វើ​ជា​​មនុស្ស​ស្ងប់ស្ងាត់ នៅ​ស្ងៀម​ៗ ក៏​អាច​ជា​អ្វី​ដែល​អាច​ជួយ​យើង​​បាន​ច្រើន​ដែរ ជា​ពិសេស​នៅ​ពេល​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​រឿង​ច្រើន មនុស្ស​ពូកែ​នាំ​ភ្លើង ដែល​​ច្រើន​តែ​នាំ​បញ្ហា​មក​ឲ្យ​យើង​ច្រើន​ជាង​រឿង​សប្បាយ​ចិត្ត៖​​

រូបតំណាង

**១. គ្មាន​អ្នក​ណា​ដឹង​ថា​យើង​គិត​អី**

មនុស្ស​ដែល​ពិបាក​ទាយ​ចិត្ត​បំផុត គឺ​​ប្រាកដ​ជា​គេច​មិន​ផុត​ទេ​ពី​មនុស្ស​​ដែល​ស្ងៀមស្ងាត់ មិន​និយាយ​ច្រើន​ដូច​មនុស្ស​ធម្មតា។ គុណសម្បត្តិ​ត្រង់​នេះ​គឺ នឹង​មិន​សូវ​មាន​អ្នក​ណា​អាច​ដឹង ឬ​ទាយ​បាន​ថា​អ្នក​កំពុង​តែ​គិត​អ្វី ដែល​នេះ​គឺ​ជា​​វិធី​​ការពារ​ខ្លួន​ឯង​មួយ​អំពី​ការ​​ចង់​ដឹង​ចង់​ឮ​របស់​អ្នក​ដទៃ។

២. មាន​សតិ​ច្រើន

ព្រោះ​ភាព​ស្ងៀមស្ងាត់​គឺ​ជា​គុណសម្បត្តិ​ម្យ៉ាង​ដែល​ជួយ​​ឲ្យ​យើង​មាន​សតិ​ក្នុង​ការ​ចាត់​ការ​ជាមួយ​បញ្ហា​នៅ​ចំពោះ​មុខ​បាន​កាន់​តែ​ល្អ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ជា​មនុស្ស​វៃ​ឆ្លាត ជា​មនុស្ស​ដែល​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​ល្អ ខុស​ពី​មនុស្ស​និយាយ​ស្ដី​ប៉ប៉ាច់ប៉ប៉ោច​ដែល​ច្រើន​តែ​អួតអាង​ទុក​មុន ប៉ុន្តែ​ពេល​ជួប​ស្ថានការណ៍​ជាក់​ស្ដែង ក៏​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។

៣. អាច​លាក់​អារម្មណ៍​បាន​ល្អ

ត្រូវ​ទទួល​ស្គាល់​ថា អារម្មណ៍​មួយ​ចំនួន​​ពិត​ជា​មិន​អាច​បញ្ចេញ​ឲ្យ​គេ​ឃើញ​ត្រង់​ៗ​បាន​ទេ។ ជា​ទូទៅ​មាន​តែ​មនុស្ស​មិន​សូវ​មាត់​ទេ​ដែល​អាច​លាក់​អារម្មណ៍​បាន​ល្អ មិន​ថា​អារម្មណ៍​ខឹង ស្អប់ ឬ​លួច​ស្រលាញ់​ក៏​ដោយ។

៤. មិន​សូវ​មាន​មនុស្ស​មក​រញ៉េរញ៉ៃ

អាច​ដោយ​សារ​អ្នក​មាន​ចរិត​ស្ងៀមស្ងាត់ និង​មិន​សូវ​លេង​សើច​ជាមួយ​អ្នក ទើប​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​សូវ​ហ៊ាន​មក​ធ្វើ​ជា​​ស្និទ្ធស្នាល​ជាមួយ​អ្នក។ បែប​​នឹង​អាច​កាត់​បន្ថយ​បញ្ហា​ និង​ការ​រំខាន​នានា​ពី​អ្នក​ដទៃ​បាន​ល្អ ព្រោះ​នៅ​​ពេល​ណា​មាន​មនុស្ស​ចូល​មក​ក្នុង​ជីវិត​យើង​កាន់​តែ​ច្រើន បញ្ហា​ និង​រឿង​ឈឺ​ក្បាល​ក៏​ចូល​មក​ជាមួយ​ដែរ។

៥. ក្លាយ​ជា​មនុស្ស​ដែល​គេ​ក្រែង​ចិត្ត

បុគ្គល​ដែល​មាន​លក្ខណៈ​បែប​នេះ​ច្រើន​ទទួល​បាន​ការ​ក្រែង​ចិត្ត​ពី​អ្នក​នៅ​ជុំវិញ ក៏​ដូច​ជា​ពី​មិត្តភ័ក្ដិ ព្រោះ​ការ​ដែល​មិន​សូវ​បង្ហាញ​អារម្មណ៍ និង​នៅ​ស្ងៀមស្ងាត់ ធ្វើ​ឲ្យ​គេ​មិន​អាច​ដឹង​ថា​អ្នក​កំពុង​គិត ឬ​មាន​អារម្មណ៍​បែប​ណា ម្ល៉ោះ​ហើយ​អ្នក​តែង​ទទួល​បាន​ការ Take Care ជា​ពិសេស។

៦. មិន​សូវ​មាន​អ្នក​និយាយ​ដើម

ដោយ​សារ​មិន​បាន​ធ្វើ​ខ្លួន​ជា​មនុស្ស​លេចធ្លោ​ណាស់​ណា ទើប​ធ្វើ​ឲ្យ​បុគ្គល​ស្ងប់ស្ងាត់​មិន​សូវ​​ត្រូវ​គេ​លើក​យក​មក​និយាយ​ប៉ុន្មាន​ឡើយ ឬបើ​និយាយ​ក៏​គ្រាន់​តែ​និយាយ​ពី​រឿង​ធម្មតា ច្រើន​ជាង​រឿង​មិន​ល្អ​ដែរ។

៧. ប្រើ​ជីវិត​រស់​នៅ​បាន​ស្ងប់

មនុស្ស​ប្រភេទ​នេះ ជា​ទូទៅ​ច្រើន​តែ​មិន​សូវ​គិត​ច្រើន​នោះ​ទេ​ចំពោះ​រឿង​ដែល​មិន​ចាំបាច់ ព្រោះ​ការ​ដែល​ជា​មនុស្ស​ស្ងៀមស្ងាត់ ព្រងើយៗ​ជាមួយ​រឿង​ផ្សេង​ៗ នឹង​ធ្វើ​ឲ្យ​ពួក​គេ​មិនសូវ​មាន​រឿង​ត្រូវ​កើត​ទុក្ខ និង​អាច​ដំណើរ​ជីវិត​បាន​យ៉ាង​ស្ងប់​សុខ ជា​អ្នក​ដែល​ចូល​ចិត្ត​យក​រឿង​ផ្សេង​ៗ​មក​គិត​ឲ្យ​ពិបាក​ផ្លូវ​ចិត្ត​ខ្លួន​ឯង។

មិន​មែន​ឲ្យ​អ្នក​បិទ​មាត់​មិន​និយាយ​រក​អ្នក​ណា​នោះ​ទេ ព្រោះ​ការ​និយាយ​ច្រើន និង​ការ​និយាយ​តិច សុទ្ធ​តែ​មាន​គុណសម្បត្តិ និង​គុណ​វិបត្តិ​រៀង​ៗ​ខ្លួន​ទៅ​តាម​កាលៈទេសៈ។ ប៉ុន្តែ​​​បើ​អ្នក​​ចូល​ចិត្ត​ការ​រស់​នៅ​ដោយ​ស្ងប់​នោះ គឺ​ត្រូវ​ចាប់​ភាព​ស្ងប់​ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក ៕

ចុចអានបន្ត៖

ប្រភព៖ eatrices ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម