កុំ​​យក​លេស​ថា​ខ្លួន​ជា​មនុស្ស​ត្រង់ ដើម្បី​​​អាច​និយាយ​ស្ដី​អត់​មារយាទ​ដាក់​អ្នក​ណា​ក៏​បានអី

  • 2018-12-03 06:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ ការ​និយាយ​ស្ដី​ត្រង់​ៗ​ គឺ​ពិត​ជា​ល្អ ប៉ុន្តែ​ក៏​ត្រូវ​ស្គាល់​កាលៈទេសៈ​ដែរ។ កុំ​ប្រើ​លេស​អាង​ថា​ខ្លួន​ជា​ “មនុស្ស​ត្រង់” ដើម្បី​អាច​និយាយ​ “ពាក្យ​អាក្រក់ៗ” ដាក់​អ្នក​ណា​ក៏​បាន។ ​មនុស្ស​មួយ​ចំនួន​​នៅ​តែ​មិន​ទាន់​ចែក​ដាច់​រវាង​ការ​ជា​ “មនុស្ស​ត្រង់” ជាមួយ​ “មនុស្ស​​និយាយ​ស្ដី​ឥត​មារយាទ”។

ការ​និយាយ​ត្រង់ ប៉ុន្តែ​បំផ្លាញ​ទឹក​ចិត្ត​អ្នក​ដទៃ ​បែប​នេះមិន​មែន​ចាត់​ទុក​ថា​មនុស្ស​ត្រង់​​

អាយុ​ច្រើន ប៉ុន្តែមិន​ស្ដាប់​យោបល់​អ្នក​អាយុ​តិច បែប​នេះ​មិន​បាន​ហៅ​ថា​មនុស្ស​ចាស់​ទុំ

ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង ប៉ុន្តែ​មិន​ខ្វល់​ពី​កាលៈទេសៈ កុំ​និយាយ​ថា​គ្រាន់​ចង់​ធ្វើ​ជា​ខ្លួន​ឯង

ចូល​ចិត្ត​គិត ចូល​ចិត្ត​រៀប​គម្រោង ប៉ុន្តែ​មិន​ព្រម​ធ្វើ ចាត់​ទុក​ថា​ជា​មនុស្ស​គ្មាន​សមត្ថភាព

រូបតំណាង

ខ្ញុំ​ផ្ទាល់ មាន​មិត្ត​ម្នាក់​ដែល​តែង​ហៅ​ខ្លួន​ឯង​ថា​ជា​ “មនុស្ស​ត្រង់​ៗ” ដែល​ភាព​ត្រង់​ៗ​របស់​គាត់​នោះ គឺ​ការ​ចូល​ចិត្ត​មើល​ងាយ​អ្នក​ដទៃ​មិន​រើស​មុខ ចូល​ចិត្ត​យក​រឿង​អាក្រក់​អ្នក​ដទៃ​មក​និយាយ​ឲ្យ​មិត្តភ័ក្ដិ​ស្ដាប់។ ដល់​សួរ​គាត់​ថា “មាន​ស្គាល់​គេ​នៅ” គាត់​ក៏​ថា “ចាំបាច់​ស្គាល់​ដែរ?”។ គឺ​ថា​អស់​អី​និយាយ​តែ​ម្ដង។

មុន​នឹង​​និយាយ​ថា​ខ្លួន​យើង​ជា​​មនុស្ស​ត្រង់ គួរ​តែ​សួរ​ខ្លួន​ឯង​សិន​ថា យើង​ជា​មនុស្ស​បែប​ហ្នឹង​មែន​ ឬ​ក៏​អត់ ឬ​យើង​គ្រាន់​តែ​ត្រូវ​ការ​ប្រើ​ពាក្យ​នេះ​ជា​លេស​ដើម្បី​និយាយ​អាក្រក់​ដាក់​អ្នក​ណា​​​ក៏​បាន មិន​ឲ្យ​គេ​ប្រកាន់។ ​​ទោះ​យ៉ាង​ណា អ្វី​ដែល​យើង​ត្រូវ​ចាំ​នោះ​គឺ បើ​ការ​និយាយ​នោះ​វា​គ្មាន​​ប្រយោជន៍ មិន​ផ្ដល់​ផល​ល្អ យើង​ក៏​មិន​គួរ​យក​លេស​ថា​ខ្លួន “ជា​មនុស្ស​ត្រង់” មក​ប្រើ​ដើម្បី​និយាយ​ទេ។

បច្ចុប្បន្ន​នេះ មនុស្ស​ប្រើ​ពេល​គិត​មុន​និយាយ​កាន់​តែ​តិច ពេល​ខ្លះ​ស្ទើរ​តែ​មិន​បាន​គិត​​ផង​ក៏​និយាយ​ចេញ​មក ថែម​ទាំង​និយាយ​ហើយ​បង្ក​ការ​ក្ដៅ​ក្រហាយ​ដល់​គេ​ឯង តែ​បែរ​មិន​ទទួល​ខុស​ត្រូវ​ដោយ​ការ​និយាយ​ថា “ជា​មនុស្ស​ត្រង់ គិត​អី​និយាយ​ហ្នឹង”។ មិន​មែន​ចេះ​តែ​និយាយ​បែប​ហ្នឹង​បាន​ទេ សូម​កុំ​ច្រលំ។ បើ​អ្វី​ដែល​អ្នក​និយាយ​មក​ធ្វើ​ឲ្យ​កើត​​បញ្ហា​ក្ដៅ​ក្រហាយ​ដល់​​គេ​ឯង នោះ​គេ​មិន​ហៅ​ថា​ជា​មនុស្ស​ត្រង់​ៗ​ទេ គេ​ហៅ​ថា “មាត់​ឥត​មារយាទ” ទើប​​ត្រូវ។

ការ​រិះគន់​អ្នក​ដទៃ​ក៏​ដូច​គ្នា បើ​ជា​ការ​រិះគន់​ដើម្បី​ឲ្យ​មាន​ផល​ប្រយោជន៍ អ្នក​អាច​និយាយ​បាន​​ថា​នោះ​គឺ​ជា​ការ​និយាយ​ត្រង់​ដើម្បី​ឲ្យ​គេ​បាន​អភិវឌ្ឍ​ខ្លួន​ឯង​​ឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​បើ​គ្រាន់​តែ​ត្រូវ​ការ​ជេរ​គេ ចង់​គេ​ខូច​ខាត​ប៉ុណ្ណា​ក៏​មិន​ខ្វល់ ឲ្យ​តែ​បាន​ជេរ បាន​បង្ហាញ​ថា​ខ្លួន​មាន​អំណាច​ជេរ​គេ​បាន​តាម​ចិត្ត បាន​ឃើញ​ទុក្ខ​លំបាក​អ្នក​ដទៃ​ជា​រឿង​សប្បាយ​ នោះ​គឺ​មាន​ន័យ​ថា​យើង​ជា​មនុស្ស​មាត់​មិន​ល្អ​ហើយ។

ការ​និយាយ​ស្ដី​ដើម្បី​ដាស់​តឿន​សតិ​អ្នក​ដទៃ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​ពាក្យ​អាក្រក់​ៗ ដាច់​សាច់​និយាយ​ជាមួយ​គេ​ឡើយ។ អ្នក​អាច​និយាយ​​តាម​សម្រួល និយាយ​ដោយ​ការ​យោគយល់​គ្នា យក​ចិត្ត​គេ​មក​ដាក់​ក្នុង​ចិត្ត​យើង​ខ្លះ គិត​ថា​បើ​គេ​និយាយ​បែប​ហ្នឹង​ដាក់​យើង យើង​ចូល​ចិត្ត​ទេ? ការ​និយាយ​ស្ដី​ចេះ​​គិតគូរ​ត្រឹមត្រូវ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មិត្ត​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​បាន​បេះដូង​របស់​អ្នក​ស្ដាប់​ដែរ ព្រោះ​អ្នក​បាន​ស្ដែង​ឲ្យ​​ឃើញ​ថា អ្នក​ប្រើ​បេះដូង​ក្នុង​ការ​និយាយ មិន​មែន​ប្រើ​តែ​មាត់​អត់​ប្រើ​ខួរ​ក្បាល​នោះ​ឡើយ។ ទម្លាប់​និយាយ​ល្អ​ឲ្យ​បាន​ច្រើន ព្រោះ​និយាយ​ល្អ​អាច​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត ប៉ុន្តែ​បើ​និយាយ​មិន​ចេះ​គិត មិត្ត​ក៏​អាច​ក្លាយ​ជា​សត្រូវ​ដែរ ៕

ចុចអានបន្ត៖

ប្រភព៖ verrysmilejung ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម