អាចដល់ពេលត្រូវលែងលះ បើប្តីប្រពន្ធជួបប្រទះរឿងទាំងនេះ
- 2019-10-04 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចដល់ពេលត្រូវលែងលះ បើប្តីប្រពន្ធជួបប្រទះរឿងទាំងនេះ
ពេលនៅជាមួយគ្នាដំបូង អ្នកទាំងពីរហាក់ដូចជាមានភាពផ្អែមល្ហែមចុះសម្រុងនឹងគ្នាណាស់។ ស្រាប់តែចូលដល់ថ្ងៃមួយ បែរជាមានអារម្មណ៍ថា ឯកា ស្អប់ខ្លួនឯង មិនទទួលបានការគោរព ហត់នឿយអស់កម្លាំងចិត្តនឹងបន្តទៅមុខ។ ប្តីប្រពន្ធដែលបានជួបប្រទះ នូវរឿងរ៉ាវដូចខាងក្រោម អាចជាសញ្ញាបញ្ជាក់ថា អ្នកទាំងពីរចូលដល់ដំណាក់កាលត្រូវលែងលះមែនទែនហើយ។
បើកាលពីមុនអ្នកធ្លាប់ស្រលាញ់ខ្លួនឯង ប៉ុន្តែនៅពេលដែលបានរស់នៅជាមួយដៃគូយូរៗទៅអ្នកកាន់តែស្អប់និងមិនពេញចិត្តគ្រប់យ៉ាងដែលខ្លួនមាន បានសេចក្តីថា បុរសម្នាក់នោះពិតជាមិនស័ក្តិសមសម្រាប់អ្នកឡើយ។
រាល់ពេលធ្វើអ្វីមួយ អ្នកតែងបារម្ភភ័យខ្លាចរំខានដល់គេ ឬខ្លាចគេខឹង។ បែបនេះបង្ហាញថា គេមិនមែនជាគូដ៏ល្អ ដែលអាចផ្តល់ភាពកក់ក្តៅដល់អ្នកបានឡើយ។
អ្នកតែងមានក្តីសង្ឃឹមថាគេអាចនឹងកែប្រែនៅថ្ងៃណាមួយ ទោះបីជាអ្វីៗមិនអាចទៅរួច ឬដឹងថាធម្មជាតិរបស់មនុស្សមិនមែនងាយស្រួលក្នុងការផ្លាស់ប្តូរយ៉ាងណាក៏ដោយ។
អ្នកនៅនឹកគិតស្តាយស្រណោះអនុស្សាវរីយ៍ល្អៗ ដែលធ្លាប់សាងរួមគ្នាកាលពីមុន ដោយភ្លេចគិតពីភាពឈឺចាប់ ដែលខ្លួនកំពុងបៀមទុក្ខសព្វថ្ងៃ។
អ្នកមានអារម្មណ៍ថាត្រូវបានគេគ្រប់គ្រង គ្មានសេរីភាពគ្រប់គ្រាន់ មិនទទួលបានការគោរពឲ្យតម្លៃ ទោះចង់ធ្វើអ្វី ក៏ត្រូវឆ្លងកាត់គេមុនជានិច្ច។
សូម្បីតែការនិយាយស្តីរបស់គេក៏ប្រែប្រួលថែមទាំងធ្វើឲ្យអ្នកយល់ថា ជាពាក្យប្រមាថមើលងាយ មិនទុកចិត្តជឿជាក់គ្នាតទៅទៀត។
អ្នកលែងមានចិត្តចង់ចំណាយពេលនៅជាមួយគ្នា ឬទៅណាមកណាជាមួយគ្នាដូចមុនហើយ ព្រោះការនៅម្នាក់ឯង ចេញទៅខាងក្រៅជាមួយមិត្តភ័ក្តិឬបងប្អូន អាចជួយឲ្យអ្នកសប្បាយស្រស់ស្រាយ ជាងពេលនៅក្បែរដៃគូរបស់ខ្លួន។
ដៃគូរបស់អ្នកចាប់ផ្តើមបង្ហាញអំពើហិង្សា ទង្វើអសីលធម៌ រួមទាំងអាកប្បកិរិយាឆ្គាំឆ្គងជាច្រើន នឹកស្មានពុំដល់។
ទំនាក់ទំនងអ្នកទាំងពីរគ្មានលំនឹង ដោយសារធ្លាប់ឆ្លងកាត់បែកបាក់គ្នាប៉ុន្មានដងរួចមកហើយ គ្រាន់តែមិនទាន់យកជាផ្លូវការ ហើយអ្នកគិតថាគ្រប់យ៉ាងអាចនឹងប្រសើរឡើង ទាំងដែលការពិត គ្មានអ្វីអាចផ្លាស់ប្តូរបាន។
អ្នកទាំងពីរលែងមានមនោសញ្ចេតនា លែងយល់ចិត្ត លែងនិយាយគ្នាតាមសម្រួលដូចមុន។ ជាពិសេសចូលចិត្តប្រើពាក្យសម្តីគំហកតឹងសរសៃកដាក់គ្នា ឈ្លោះគ្នាឥតឈប់ឈរ។
នៅមានរឿងរ៉ាវជាច្រើនទៀតដែលបានកើតឡើងរវាងអ្នកទាំងពីរ ដែលអ្នកក្រៅគ្មានថ្ងៃយល់ឡើយ។ ចូលដល់ដំណាក់កាលនេះហើយ បើបន្តគឺមានតែក្តីឈឺចាប់ទ្វេដង។ មានតែអ្នកប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្ត គិតចង់ជ្រើសរើសផ្លូវបែបណាសម្រាប់ជីវិតខ្លួនឯង៕
ចុចអានបន្ត៖ ម្តាយក្មេកល្អមិនដែលធ្វើរឿងទាំងនេះដាក់កូនប្រសាដាច់ខាត